*************************************************************************
ឃើញខុស គួរជួយកែ
បើឃើញគេខុស យើងជួយកែ ដ្បិតយើងជាតិខ្មែរ ខ្មែរដូចគ្នា
កែខុសអោយត្រូវ កុំផ្ដន្ទា ឬសើចនិន្ទាអោយថ្នាំងថ្នាក់។
មនុស្សនៅក្នុងលោកតែងមានខុស មិនដែលសក្បុសឥតប្រឡាក់
មានភាពមន្ទិលប្រាកដជាក់ តែយើងអាចឆ្លាក់ខាត់ល្អបាន។
ដាប់កែកន្លែងដែលមិនល្អ ទះដៃសាទរ ភាពថ្កើងថ្កាន
គេខុសយើងកែ មិនអោយខាន តែត្រូវប៉ាន់ស្មានពេលវេលា។
បើពេលល្អហើយគួរកុំភ្លាត់ ថួនភាពហ្មត់ចត់ សមឫកពា
កែជនរួមជាតិ ខ្មែរដូចគ្នា អោយសុខរមនា យល់សាន្ដត្រាណ។
កែបានប៉ុណ្ណា យកប៉ុណ្ណឹង តែសូមខំប្រឹង កុំបីខាន
យើងនឹងសម្បូរញាតិកល្យាណ គ្រប់ស្រុកភូមិឋាន ច្បាស់រុងរឿង។
~ នហផ ~
ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១២
បើគេយល់ខុស យើងគួរព្យាយាមកែលំអអោយគេយល់ត្រូវវិញ។ បើគេយល់ខុសហើយ
យើងក៏លះបង់ចោល នោះមនុស្សប្រាកដជា គ្មានឧិកាស បានរីកចំរើន ចេះដឹង ក្លាយជាប្រាជ្ញ
ជាបណ្ឌិត នៅថ្ងៃខាងមុខឡើយ ហើយប្រទេសជាតិយើង នឹងពោរពេញទៅដោយ
មនុស្សយល់ខុស ប្រព្រឹត្តខុសជាក់មិនខាន។ ដូច្នេះទង្វើរ ដ៏គួរ គឺព្យាយាម
កែលំអគ្នាជាមុនសិន មុននឹងសម្រេចថាបោះបង់គ្នាចោល។ ប្រសិនបើមនុស្ស
ដែលមានការយល់ខុសនោះ ជាសមាជិកគ្រួសារ ឬ ជាញាតិ្តមិត្តជាទីស្រឡាញ់របស់យើង
តើយើងនឹងអាចលះបង់គេចោល អោយឋិតនៅក្នុងការយល់ខុស វង្វេងក្នុងលោកនេះ
បានដែរទេ?
**********************************************************************************
យកខ្លួនជាមិត្រ
បើយកខ្លួនឯងជាសត្រូវ តើពេលណាទៅទើបស្គាល់សុខ
ខ្លួនទីពឹងខ្លួនជាប្រមុខ ទើបរួចផុតទុក្ខទោសនានា។
សត្រូវដ៏ធំគឺកិលេស ដែលតាមចងស្រែះគ្រប់វេលា
កិលេសស្រាន្តទៅទើបរមនា ស្បើយកម្មស្បើយពៀរ លែងត្រាច់ (១) ឆ្លង។
ខ្លួនយើងនេះហើយជាសេនា ងើបឡើងកាប់ឆ្ការនូវសៅហ្មង
រំលើងឫសគល់កិលេសផង កាត់ភាពឆ្គាំឆ្គងមិនអោយសាយ។
ខ្លួនជាទីពឹងមហិមា អាចបំបែកមារអោយខ្ចាត់ខ្ចាយ
ដោយកម្លាំងចិត្តឥតរាយមាយ តតាំងលុកវាយដូចទ័ពស្រួច។
ខ្លួនជាជំនួយពេលខ្សត់ខ្សោយ ទោះដៃជើងរោយក៏ស៊ូផ្ដួច
ផ្ដើមចិត្តប្រឹងថែមអោយផុតរួច ទោះបានតិចតួចក៏ហានក្លា។
ខ្លួនយើងអស្ចារ្យដូចបរិយាយ ញាតិផងទាំងឡាយសូមពិចារ
ខ្លួនមានសតិនិងបញ្ញា យោងនាំអាត្មាទៅរុងរឿង៕
«យកខ្លួនជាមិត្រ ទើបជីវិតរុងរឿង»
(១) ត្រាច់ ( កិ. ) ដើរ, ចរ, អន្ទោល : ត្រាច់ទៅ
និពន្ធដោយ នភ ហង្សផលា ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១១
ទោះមានឬក្រ
ទោះបីមានក្រឬម្ដេចម្ដា
អោយតែសង្ខារយើងនៅគង់
កូនអើយ! ស៊ូទ្រាំ កុំបោះបង់
ទើបយើងលែងលង់ភាពក្រីក្រ។
ពេលជួបឧបសគ្គកុំតក់ស្លុត
តស៊ូមុះមុតពេញជំហរ
ទេវតានឹងជួយប្រទានពរ
សាទរលុះកូនបានជោគជ័យ។
កម្លាំងគ្រួសាររួមប្រយុទ្ធ
រំដោះរួចផុតអស់គ្រោះភ័យ
ទោះត្រូវលំបាកតាមផ្លូវក្ដី
ប្រឹងដោយប្រពៃណា៎កូនណា៎!
ហោចណាស់យើងនៅមានជីវិត
សូមកូនវរមិត្រញញឹមថ្លា
ងើបឡើងសាងផលភ័ព្វវាសនា
ប្តេជ្ញាសាងខ្លួនអោយរុងរឿង។
នភហង្សផលា
ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១១
