បើស្អែកនៅមាន
បើស្អែកនៅមាន
បើស្អែកនៅមានកុំចុះចាញ់
ត្រូវខំប្រឹងវិញកុំរាថយ
ប្រឈមឧបសគ្គកុំបកក្រោយ
ទោះដួលក៏ដោយគង់ក្រោកបាន ។
បើស្អែកនៅមានកុំទ្រុធទ្រោម
កុំញ៉ាកចុះញ៉មត្រូវប្រឹងប្រាណ
ទោះបីថ្ងៃលិចរះវិញបាន
ច្នោះមនុស្សគ្រប់ប្រាណកុំអល់អែក ។
បើស្អែកនៅមានកុំទន់ជ្រាយ
កុំលង់ផុងងាយនឹងទឹកភ្នែក
ត្រូវប្រឹងរឹងមាំកុំទ្រាំដេក
បង្ហូរទឹកភ្នែកឥតបានការ ។
បើស្អែកនៅមានកុំប្រមាថ
ពេលនាំឲ្យខាតបង់អាសារ
ដៃមានជើងមានប្រឹងធ្វើការ
ខួរក្បាលបញ្ញាប្រើការទៅ ។
បើស្អែកនៅមានកុំបោះបង់
គិតត្រូវផ្លូវត្រង់ផ្ចង់សំដៅ
តូចក្តីធំក្តីការកុំនៅ
ធ្វើចុះធ្វើទៅនឹងចម្រើន ។
បើស្អែកនៅមានកុំបីខ្លាច
តាំងចិត្តអង់អាចធ្វើឲ្យកើន
ឲ្យកើតប្រយោជន៍ជាកំណើន
ចម្រុងចម្រើនដល់សង្គម ៕