ព្រាន និង ពស់
ព្រាន និង ពស់
( បទពាក្យ៤ )
ព្រានព្រៃគួចគិត បំណងប្រល័យ
ប្រហារឲ្យក្ស័យ ជីវិតសព្វសត្វ ។
តូចធំមិនគិត រាប់ច្រើនពេកក្តាត់
ម្រឹគដែលត្រូវបាត់ ពីព្រៃព្រឹក្សា។
ថ្ងៃនេះចម្លែក សែនពេកក្រៃណា
ព្រានអន្ទះសារ ព្រោះបាញ់មិនបាន។
ចិត្តរឹតមួហ្មង ទៅគ្រប់ទីឋាន
តែត្រូវខកខាន កំលាំងមិនដល់។
ឃើញរន្ធដំបូក អរភើតលែងខ្វល់
ចូលធ្វើកិច្ចកល យកបានពងពស់។
ចរចាកទៅឆ្ងាយ គិតថាផុតគ្រោះ
រួចស្ងោរពងពស់ ចំអែតអាត្មា។
កំពុងតែឆី ពស់ចឹកចំស្មា
ចុកឈឺពើតផ្សា ដួលស្លាប់ស្តូកស្តឹង។
ពងក្នុងទឹកពុះ ពស់លូនចូលវឹង
ពេនទប់ខំប្រឹង សង្រ្គោះភ្លាមៗ។
តែអនិច្ចា ! លែងរើដេកស្ងៀម
ងាប់មិនបានត្រៀម ទាំងពស់ទាំងព្រាន។
សពកណ្តលព្រៃ សត្វដទៃឃ្លាន
ហែកស៊ីទន្រ្ទាន បាត់អស់រូបរាង៕