Print
Category: ទំព័រសិក្សា

 

តា​មឿង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ បាកាន​ ខេត្ត​ពោធិ៍សាត់ ជា​បុគ្គល​ម្នាក់​ខ្លាំង​ពូកែ ចេះ​មន្ត​អាគម​គាថា​គ្រប់​បែប​យ៉ាង​ស័ក្ត​សិទ្ធិ ។ នៅ​ពេល​បាន​ដំណឹង​ថា​ព្រះបាទ​អង្គ​ចន្ទរាជា ត្រឡប់​មក​ពី​ប្រទេស​សៀម និង​កំពុង​តែ​លើក​ទ័ព​តម្រង់​ចូល​មក​ខេត្ត​ពោធិ៍សាត់ តា​មឿង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ និង​ប្រមូល​ទ័ព​បាន​ប្រមាណ​ជា ៣០០០​ នាក់ ចាំ​បម្រើ និង​ដង្ហែ​ព្រះអង្គ ។ ក្រោយ​ពី​បាន​ច្បាំង​ឈ្នះ និង​​សម្លាប់ពញាសួគ៌ាលោកចៅហ្វាយ​ខេត្ត​ពោធិ៍សាត់​របស់​ព្រះ​ស្ដេច​កន ព្រះអង្គចន្ទ​រាជា បាន​តែង​តាំង​តាមឿង ជា​ចៅហ្វាយ​ខេត្ត​ពោធិ៍សាត់ មុខងារ​ជា ឧកញ៉ាសួគ៌ាលោក និង​ជាមេទ័ព​ធំ​របស់​ព្រះ​អង្គ នៅ​ឆ្នាំជូត គ.ស. ​​១៥១៦ ។ ឧកញ៉ាសួគ៌ាលោក មឿង តែង​តាំង​កូន​ប្រុស​ទាំង​បួន​នាក់​ជាមេទ័ព​ស្រួច ទទួល​បន្ទុក​ដឹក​នាំ​ទ័ព​ផ្នែក​មុខ ក្រោយ ឆ្វេង និង​ស្ដាំ ។ កូន​ប្រុស​ទី​១ ឈ្មោះ កែវ ទទួល​ងារ​ជា ពញា​វង្សាអធិរាជ កូន​ទី​២ ឈ្មោះ អន ជា​ពញាបរទេសរាជ កូន​ទី​៣ ឈ្មោះ ទេពជាពញា​វិបុល​រាជ និង​កូន​ទី​៤ ឈ្មោះ សុខ ជា​ពញា​រាជតេជះ ។

បន្ទាប់​ពី​ត្រូវ​​សម្ដេច​ចៅហ្វា កៅ បញ្ជាការ​កង​ទ័ព​របស់​ព្រះស្ដេច​កន បញ្ជា​កង​ទ័ព​ចោម​រោម​វាយ​លុក​សម្រុក​បន្ទាយ​ពោធិ៍សាត់​របស់​ ព្រះអង្គចន្ទរាជា ពី​គ្រប់​ទិសទី និង​បាន​ហ៊ុមព័ទ្ធ​បន្ទាយ​នេះ​ដើម្បី​បង្អត់​បាយទឹក​សត្រូវ​ឲ្យ​​ត្រូវ​ ស្លាប់​ដោយ​ដាច់​ពោះ​នោះ ឧកញ៉ាសួគ៌ាលោក មឿង បង្គំ​សុំ​អនុញ្ញាត​ពី​ព្រះអង្គ​ចន្ទរាជា ដើម្បី​ទៅ​កែន​ប្រមូល​ទ័ព​ខ្មោច​ឲ្យ​នាំ​ចេញ​មក​ជួយ​វាយ​ប្រហារ​បង្ក្រាប​កង ​ទ័ព​ព្រះ​ស្ដេច​កន ។ ឧកញ៉ាសួគ៌ាលោក មឿង ចាត់​ឲ្យ​ពល​ទាហាន​ជីក​រណ្ដៅ​ធំ​មួយ​នៅ​កណ្ដាល​បន្ទាយ មាន​ជម្រៅ​ប្រមាណ​ជា ៨ ហត្ថ (​៤ ម៉ែត្រ) ហើយ​ឲ្យ​យក​គ្រឿង​យុទ្ធ​ភ័ណ្ឌ​គ្រប់​បែប​យ៉ាង​មក​ដោត​បញ្ចុះ​ក្នុង​នោះ ។ នៅ​ជុំ​វិញ​រណ្ដៅ​នោះ លោក​ឲ្យ​រៀប​ចំ​ធ្វើ​រាន​ទេវតា ៨ ថ្នាក់ ដាក់​នៅ​តាម​ទិស​ទាំង ៨ ដោយ​មាន​បាយសី ទឹក​អប់ និង​គ្រឿង​បូជា​ផ្សេងៗ​ជា​ច្រើន លុះ​រៀបចំ​ស្រេច​បាច់​ហើយ​កាលណា ឧកញ៉ាសួគ៌ាលោក មឿង ទៅ​មុជ​ទឹក​សម្អាត​កាយ ស្លៀក​ពាក់​ស ហើយ​បញ្ជា​ឲ្យ​វង់​ភ្លេងពិណពាទ្យ​ប្រគំ​ភ្លេង​ថ្វាយ​គ្រូ និង​គុណ​បុណ្យ​បារមី​ស័ក្តិសិទ្ធិ​ទាំង​៨​ទិស ។ នៅ​ពេល​ ឧកញ៉ាសួគ៌ាលោក ហក់​លោត​ទៅ​ក្នុង​រណ្ដៅ​ដែល​មាន​អាវុធ​ដាវ​លំពែង​បណ្ដុះ​ច្រូង​ច្រាង​នៅ​ ក្នុង​នោះ លោក​ធ្លាក់​ទៅ​ចំ​ផ្លែ​ដាវ ក្បាល​លោក​ដាច់​ធ្លាក់​ក្នុង​ពេល​នោះ​ទៅ ។ កូន​ប្រុស​ ឧកញ៉ាសួគ៌ាលោក មឿង ឃើញ​ឪពុក​លោត​ធ្វើ​អត្តឃាត​ក៏​លោត​សម្លាប់​ខ្លួន​តាម​ឪពុក​ដែរ ។ ពួក​គេ​យល់​ថា​គួរ​តែ​នាំ​គ្នា​ទៅ​តាម​បម្រើ​ឪពុក​ទៀត ។ អ្នក​ទាំង​៤​ ក៏​នាំ​គ្នា​លោត​ទៅ​ក្នុង​រណ្ដៅ តែ​នាម៉ឺន​មន្ត្រី​នាំ​គ្នា​ស្ទុះ​ទៅ​ចាប់​ជាប់​បាន​កូន​ប្រុស​ទី១ និង​ទី​៤ ។ ចំណែក​កូន​ប្រុស​ទី​២ និង​ទី​៣ បាន​លោត​ស្លាប់​ខ្លួន​ក្នុង​រណ្ដៅ ស្លាប់​បាត់​ទៅ​ហើយ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នក​ម្នាង​ ខៀវ ស្នំ​ឯក​របស់​ព្រះអង្គ​ចន្ទរាជា ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​បួងសួង​បន់​ស្រន់ ហើយ​លោត​ទៅ​ក្នុង​រណ្ដៅ​ធ្វើ​អត្តឃាត​ដែរ ដើម្បី​ទៅ​ជួយ​ប្រមូល​កម្លាំង​ខ្មោច ។ បម្រើ​អ្នក​ម្នាង​ឈ្មោះ ពេញ ឃើញ​ចៅហ្វាយ​ស្រី​ធ្វើ​អត្តឃាត ក៏​លោត​ទឹក​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់​ដើម្បី​ទៅ​តាម​បម្រើ​ក្នុង​បរលោក​ទៀត ។

កន្លែង ឧកញ៉ាសួគ៌ាលោក មឿង បាន​សម្លាប់​ខ្លួន ថ្ងៃ​ក្រោយ​មក ដុះ​ក្លាយ​ទៅ​ជា​ដំបូក​ដែល​គេ​ដាក់​ឈ្មោះ​ហៅ​ថា ដំបូក​តា​ឃ្លាំង​មឿង ។ ជា​រៀង​រហូត​មក គេ​តែង​កត់​សម្គាល់​យល់​ជា​ប្រផ្នូល​ថា បើ​ដំបូក​នោះ​ដុះ​ខ្ពស់​ល្អ ចៅ​ហ្វាយ​ខេត្ត​សប្បាយ​ចិត្ត ។ បើ​ដំបូក​នោះ​រេច​រឹល ចៅហ្វាយ​ខេត្ត​មាន​ទុក្ខ​ព្រួយ​ដោយ​ការងារ​នគរ​ដើរ​មិន​ល្អ ឬ​ដោយ​សារ​មាន​កើត​ជម្ងឺ​ពេញ​ស្រុក បើ​ដំបូក​នោះ​ប្រេះ​បែក​ក្រហែង ចៅហ្វាយ​ខេត្ត​ត្រូវ​អស់​បុណ្យ ឬ​ត្រូវ​ស្លាប់ ។ នៅ​ខាង​លិច​នោះ ដែល​ជា​កន្លែង​កូន​តាមឿង​ស្លាប់ ក៏​មាន​ដុះ​ដំបូក​ដែរ ដែល​គេ​ដាក់​ឈ្មោះ​ថា ដំបូក​ក្រវាញ ។ បើ​ដំបូក​នោះ​ដុះ​ល្អ ក្រវាញ​នឹង​បាន​ផល​ល្អ ។ ផ្ទុយ​ទៅ​វិញ បើ​ដំបូក​នោះ​រេចរឹល ក្រវាញ​មិន​បាន​ល្អ​ទេ ។ បើ​សិន​ជា​មាន​សត្វ​ទៅ​ធ្វើ​ឲ្យ​ដំបូក​នោះ​ធ្លុះ​ធ្លាយ​នឹង​មាន​ជន​បរទេស​មក ​លួច​ដើម​ក្រវាញ​ជា​មិន​ខាន ។

កន្លែង​អ្នក​ម្នាង ខៀវ បាន​ធ្វើ​អត្តឃាត​ក៏​ដុះ​ទៅ​ជាដំបូក ដែល​គេ​ហៅថា ដំបូក​កន្ទោង​ខៀវ ។ ដំបូក​នោះ​តែង​តែ​ផ្ដល់​ប្រផ្នូល​ថា បើ​ដំបូក​នោះ​ដុះ​ឡើង​ល្អ ព្រះ​មហាក្សត្រ​នឹង​បាន​សុខ​សប្បាយ​រីក​រាយ ។ តែ​បើ​ដំបូក​នោះ​ត្រូវ​រេច​រឹល ព្រះមហាក្សត្រ​នឹង​ត្រូវ​អស់​ព្រះជន្ម ។ ឯ​កន្លែង​ដែល​នាង​ពេញ បាន​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់ ក៏​មាន​ដុះ​ជា​ដី​កោះ​នៅ​កណ្ដាល​ស្ទឹង​ទល់​មុខ​ផ្សារ ។ កោះ​នោះ​ហៅ​ថា​ កោះ​ដូន​ពេញ ។ ចំពោះ​ប្រផ្នូល​វិញ គេ​តែង​និយាយ​តគ្នា​មក​ថា បើ​ច្រាំង​កោះ​ដូន​ពេញ​ដុះ​ខ្ពស់​ល្អ ចៅ​ហ្វាយ​ខេត្ត​នឹង​បាន​ឡើង​បុណ្យ​ស័ក្តិ​ សុខសប្បាយ ។ បើ​សិន​ច្រាំង​នោះ​ត្រូវ​រេច​រឹល ចៅ​ហ្វាយ​ខេត្ត​នឹង​មាន​ទុក​ព្រួយ ។ បើ​ច្រាំង​បាក់ ចៅហ្វាយ​ខេត្ត​នឹង​ត្រូវ​អស់​បុណ្យ ។

រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ តែង​តែ​មាន​ជំនឿ​ទៅ​លើ​គុណ​បុណ្យ​បារមី​លោកតា​ឃ្លាំង​មឿង​ជា​និច្ច ។ ជា​រៀង​រាល់​ឆ្នាំ គេ​តែង​តែ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា ថ្វាយ​ជូន​អ្នកតា​ឃ្លាំង​មឿង ។ មិន​តែ​ប៉ុណ្ណោះ បើ​មាន​ការ​អ្វី អ្នក​ស្រុក​នៅ​ពោធិ៍សាត់​តែង​តែ​ធ្វើ​ពិធី​បន់​ស្រន់​ដល់​អ្នក​តា​ឃ្លាំង​ មឿង ។ បើ​គេ​បាន​សម្រេច​គោល​បំណង​ហើយ គេ​ពុំ​ដែល​ភ្លេច​ទៅ​ធ្វើ​បុណ្យ​លា​បំណន់​ឡើយ ។

Print
Category: ទំព័រសិក្សា

 

 កោះ​សំពៅមាស​ ​មើល​ពី​ស្ពានថ្ម​ខាងត្បូង

កោះ​សំពៅមាស​ ​មើល​ពី​ស្ពានថ្ម​ខាងត្បូង

ដី​មួយ​ដុំ​ដែល​ដុះ​កណ្ដាល​ស្ទឹង​នៅ​ផ្នែក​ខាងកើត​ឆៀង ​ខាងជើង​ដែល​មាន​សណ្ឋាន​ដី​ទទឹង​៥០​ម៉ែត្រ​ ​បណ្ដោយ​ជាង​២០០​ម៉ែត្រ​ត្រូវ​បាន​អ្នក​ខេត្ដពោធិ៍សាត់​ឱ្យឈ្មោះ​ថា​ “កោះ​សំពៅមាស” ។

កោះ​នេះ​ត្រូវ​បាន​គេ​ ច្នៃប្រឌិត​ចាក់​បេតុង​ជុំវិញ​ ​ហើយ​នៅ​ផ្នែក​ខាងលើ​កោះ​បាន​ធ្វើ​សួនច្បារ​ដាំ​ដើមឈើ​ធ្វើ​ជា​រោង​វេទិកា​ ដាក់​ដងក្ដោង​ ដងទង់​ជាតិ​ ហើយ​រចនា​ផ្នែក​ជុំវិញ​លាបថ្នាំ​ចម្រុះ​ពណ៌​ និង​ដាំ​បង្គោល​ភ្លើង​យ៉ាងច្រើន​ ដែល​មើលទៅ​ដូច​ជា​សំពៅ​ដ៏​ថ្មី​សន្លាង​កំពុង​បើក​កណ្ដាល​ស្ទឹង​បញ្ច្រាស​ទឹក ​ហូរ​មក​ជាប់​នៅ​មុខ​សាលាខេត្ដ​ក្នុង​ទីប្រជុំជន​យ៉ាងដូច​នេះ​ដែរ ។

មន្ដ្រី ​សាលាខេត្ដ​ពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ការ​ធ្វើ​កោះ​សំពៅមាស​ដោយ​រចនា​ដូច​សំពៅ​បេះបិទ​នោះ​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង ​ទន្ទឹម​គ្នា​ជាមួយនឹង​ស្ពាន​ថ្មី​មួយ​ដែល​ឆ្លង​ពី​ថ្នល់​ខាង​លិច​ទៅ​លើ​កោះ ​សំពៅមាស​កាលពី​ដើមឆ្នាំ​២០០៨ ។ ដី​កោះ​ដែល​ធ្វើ​ឱ្យ​ដូច​សំពៅ​នោះ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា ​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១០​ ខែ​មករា​ ​ឆ្នាំ​២០០៩ ។

ស្ពានថ្ម​ចូល​ទៅ​កាន់​កោះ​សំពៅមាស

ស្ពានថ្ម​ចូល​ទៅ​កាន់​កោះ​សំពៅមាស

ប្រវត្ដិ​ខ្លះៗ​ទាក់ទង​នឹង​កោះ​សំពៅមាស

កោះ ​សំពៅមាស​នេះ​មិន​មាន​ឯកសារ​ណា​ច្បាស់លាស់​ទេ​ គ្រាន់តែ​ឮ​គេ​តំណាល​តៗ​គ្នា​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ។ តាម​ចាស់ៗ​និយាយ​ថា​ មាន​សំពៅ​មួយ​ដែល​មក​ពី​ស្រុក​ចិន​បាន​ចូល​មក​ដឹក​ទំនិញ​នៅ​ម្ដុំ​ផ្សារ​ ក្រោម​ខេត្ដពោធិ៍សាត់​នេះ​តែ​បាន​លិច​ ហើយដោយ​មិន​អាច​ស្រង់​វិញ​បាន ។​ ​ទឹក​ដែល​ហូរ​បាន​នាំ​ល្បាប់​ដី​មក​ព័ទ្ធ​ជុំ​ជិត​ទីនោះ​ហើយ​ក៏​បាន​ ក្លាយទៅជា​កោះ ។ រឿង​នេះ​មិនដឹង​កើតឡើង​កាលពី​ប៉ុន្មាន​រយ​ឆ្នាំ​មក​ហើយ​នោះ​ទេ ។ តែ​អ្នកខ្លះ​បាន​តំណាល​ថា​ កោះ​សំពៅមាស​នោះ​ ​គឺជា​កន្លែង​ដែល​នាង​ពេញ​ជា​បាវបម្រើ​លោក​ជំទាវ​ខាន់​ ​ខៀវ​ ​ប្រពន្ធ​លោក​ឧកញ៉ា​ឃ្លាំង​ ​មឿង​ ​បាន​ទៅ​លោតទឹក​សម្លាប់​ខ្លួន​តាម​ចៅហ្វាយ​ ​ហើយ​នឹង​កូន​ពីរ​នាក់​ទៀត​របស់​លោក​ឧកញ៉ា​មឿង ​ដែល​បាន​លោត​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ​ ​ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដែល​កាល​ណោះ​មាន​ ស្ដេច​អង្គ​ចន្ទរាជា​ប្រយុទ្ធ​ជាមួយនឹង​សៀម ។ ប៉ុន្តែ បើ​តាម​សៀវភៅ​ “ព្រះស្ដេច​កន”​ របស់​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ អ្នកម្នាង ខៀវ ជា​ស្នំ​ឯក​របស់​ព្រះអង្គ​ចន្ទរាជា ហើយ​នាង​ពេញ​ជាអ្នកបម្រើ​របស់​អ្នកម្នាង ។ រីឯ​​ចម្បាំង​កាលណោះ​ គឺ​រវាង​ព្រះអង្គ​ចន្ទរាជា និង​ឃុនហ្លួង​ព្រះស្ដេច​កន ។

នាង ​ពេញ​ ​ពេល​លោតទឹក​នោះ​បាន​បួងសួង​ថា​ “ខ្ញុំ​សូម​ឱ្យ​បាន​ទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ​ ​ហើយ​បានឱ្យ​កើតជា​បិសាច​នៅ​ស្រុក​នេះ” ។ ពេល​បួងសួង​ហើយ​នាង​ពេញ​ក៏​ទៅ​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារ​ក្រោម​នោះ​ ហើយ​បាន​កើតជា​បិសាច​ដែល​កើត​បាន​ទៅ​ជា​ដំបូក ។

ប្រផ្នូល​ដំបូក​នាង​ពេញ​

កន្លែង ​ដែល​នាង​ពេញ​លោតទឹក​ស្ទឹង​សម្លាប់​ខ្លួន​នោះ​ទំនាយ​ទាយ​ថា បើ​ច្រាំង​ស្ទឹង​ដុះ​លូតលាស់​ល្អ​ ​ទំនាយ​ថា​ចៅហ្វាយស្រុក​នឹង​ក្សេមក្សាន្ដ ។ បើ​បាក់​ច្រាំង​រេចរឹល​ ​ទំនាយ​ថា​ចៅហ្វាយស្រុក​នេះ​មានទុក្ខ​ក្នុងផ្ទះ​ ​ឬ​មានទុក្ខ​ពី​រាជការ ។ បើ​ច្រាំង​ស្ទឹង​នេះ​បាក់ ទំនាយ​ថា​ចៅហ្វាយស្រុក​នឹង​អស់បុណ្យ ។

លោក ​ អ៊ី​ ​សារ៉ូ​ ​អនុប្រធាន​មន្ទីរ​ធម្មការ​ខេត្ដពោធិ៍សាត់​ឱ្យ​ដឹង​ថា​ កាលពី​ជាង​៦០​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ​ ទីកន្លែង​កោះ​សំពៅមាស​នេះ​មាន​គេ​រើស​បាន​រូប​បដិមា​ធ្វើ​ពី​ឈើ​មួយ​អង្គ​ តែ​ព្រះ​អង្គ​ឈើ​នោះ​ពុក​បាក់​ខ្លះ​ ​តែ​រចនាបថ​គេ​យល់​ថា​ជា​ព្រះ​អង្គ​ចៅសែន ។ ហើយ​ពុទ្ធបដិមា​នោះ​ក៏​យក​ទៅ​តម្កល់​ទុក​នៅ​មុខ​សាលាខេត្ដ​ពោធិ៍សាត់ ។ បច្ចុប្បន្ន​កន្លែង​នោះ​ត្រូវ​បាន​ឯកឧត្ដម ​ឆាយ​ ​សារ៉េត​ ​អភិបាលខេត្ដ​ពោធិ៍សាត់​ធ្វើ​ជា​អាស្រម​សម្រាប់​តម្កល់​ព្រះ​អង្គ​ចៅសែន​ឱ្យ ​គត់មត់​ផង​ដែរ ។

Print
Category: ទំព័រសិក្សា

 

ប្រវត្ដិ​អ្នកតា​ឃ្លាំងមឿង

ក្នុង ​អតីតកាល​កន្លង​ទៅ​ក្នុង​រាជ្យ​ព្រះ​ចន្ទ​រាជា​ស្ដេច​គង់​នៅ​បន្ទាយលង្វែក​ (គ.ស​១៥០២) កាល​ជាន់​នោះ​ ​ស្រុក​ខ្មែរ​ជា​ស្រុក​ចំណុះ​សៀម​នៅ​ឡើយ​ ​តែង​នាំ​សួយសារអាករ​ឡើង​ទៅ​ស្រុក​សៀម​ ​ព្រះ​ចៅ​សៀម​ចាត់​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​មាន​នាម​មិន​ប្រាកដ​ ​ឱ្យ​មក​នៅ​ស្រុក​ខ្មែរ​ ​ដើម្បី​មើល​ការ​ខុស​ត្រូវ​ធ្វើ្វ​​ជា​អ្នកត្រួតត្រា​ខាង​ពន្ធ​អាករ​ គ្រប់យ៉ាង​ ​ក្រែង​ស្ដេច​ស្រុក​ខ្មែរ​មាន​ចិត្ដ​មិន​ត្រង់​ ​បំបាត់​សួយសារអាករ​ ​យក​ទៅ​មិន​អស់​ ​ឬ​មួយ​ក្រែង​ស្ដេច​ខ្មែរ​មាន​គំនិត​ក្បត់​ ​មាន​ចិត្ដ​មិន​ត្រង់​នឹង​រាជការ​ដោយ​ប្រការ​ណាមួយ​ ​ទើប​ប្រើ​ព្រះរាជបុត្រ​ពេញ​ព្រះ​ហឫទ័យ​ ​មក​នៅ​ដើម្បី​ជំនួស​ព្រះ​នេត្រ​ព្រះ​អង្គ​ ​ចំណែក​ព្រះរាជបុត្រ​មាន​ចិញ្ចឹម​សត្វ​ត្មាត​មួយ​ ​ត្មាត​នោះ​មាន​មារយាទ​ចេះ​ដឹង​ប្រហែល​មនុស្ស​ ​ជា​សត្វ​ខុស​ពី​សត្វ​ដទៃ​ធម្មតា​ ​ចេះ​ស្រឡាញ់​ម្ចាស់​ ​ប្រើ​នាំសារ​ទៅ​មក​រវាង​ស្រុក​ខ្មែរ​ ​និង​ស្រុក​សៀម​បាន​ដោយ​ស្ងាត់ ។

ថ្ងៃមួយ ​ ​ព្រះ​ចន្ទ​រាជា​ព្រួយ​ព្រះទ័យ​ថា​ ​ព្រះ​ចៅ​លោក​មិន​ទុក​ព្រះ​ហឫទ័យ​នឹង​យើង​ហើយ​ ​បាន​ជា​លោក​ចាត់​ព្រះរាជបុត្រ​ឱ្យ​មើល​ការ​ផ្ទាល់​ ​ណាមួយ​ព្រះរាជបុត្រ​នោះ​ ​មាន​ការ​រំលោភ​បៀតបៀន​ ​មិន​មាន​សេចក្ដី​កោតក្រែង​ ​បង្គាប់​ឱ្យ​នាំ​សួយ​សារ​ឡើង​នគរ​ខ្លួន​ហួសហេតុ​ ​ទ្រង់​តូច​ព្រះ​ហឫទ័យ​ខ្លាំង​ ​អត់ទ្រាំ​ពុំ​បាន​ ​ក៏​បង្គាប់​ពួក​ពេជ្ឈឃាដ​ឱ្យ​ចាប់​រាជបុត្រ​ស្ដេច​សៀម​យក​ទៅ​សម្លាប់​ចោល​ ក្នុង​ព្រៃ​ពេល​យប់ ។ ឯ​សត្វ​ត្មាត​ ​លុះ​ព្រឹក​ឡើង​មិន​ឃើញ​ព្រះរាជបុត្រ​ជា​ម្ចាស់​របស់​វា ​ហើរ​ចុះ​ ​ហើរ​ឡើង​ ​រក​ឃើញ​ខ្មោច​នៅ​ក្នុង​ព្រៃ​ ​ត្មាត​ឃើញ​ព្រះ​ទម្រង់​ ​វា​ស្គាល់​ច្បាស់​ជា​ម្ចាស់​វា​ ​ក៏​ចឹក​ពាំ​ព្រះ​ទម្រង់​ទៅ​ស្រុក​សៀម​ថ្វាយ​ព្រះ​បិតា ។ ព្រះ​ចៅ​ទត​ឃើញ​ព្រះ​ទម្រង់​ ​ទ្រង់​យល់​ថា​ ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ដល់​ទីវង្គត​ហើយ​ ​រឿង​នេះ​ពិតជា​ស្ដេច​ស្រុក​ខ្មែរ​សម្លាប់ ។​ ​ទ្រង់​ក្រោធ​ខ្លាំង​ណាស់​ ​កោះ​ប្រជុំ​ពួក​សេនាបតី​មួយ​រំពេច​ ​មាន​ព្រះ​បន្ទូល​ប្រាប់​តាម​រឿង​ ​រួច​បង្គាប់​ឱ្យ​លើក​ទ័ព​មក​សងសឹក​ស្ដេច​ខ្មែរ​វិញ​ ​ហើយ​មាន​ព្រះ​បន្ទូល​ថា​ ​ត្រូវ​តែ​សម្លាប់​ព្រះ​ចន្ទ​រាជា​ព្រមទាំង​ញាតិ​សាច់​សាលោហិត​ ​ទាំង​ពួក​សេនាបតី​ ​ហើយ​រឹបជាន់​យក​ទ្រព្យសម្បត្ដិ​ ​និង​កៀរ​ពួក​បណ្ដា​រាស្ដ្រ​មក​ស្រុក​សៀម​កុំ​ឱ្យ​សល់ ។ ពួក​កងទ័ព​ក៏​ចេញ​មក​ដល់​បន្ទាយលង្វែក​ ​ចូល​ឡោម​ព័ទ្ធ​ចាប់​ព្រះ​ចន្ទ​រាជា​សម្លាប់​ ​ព្រមទាំង​ព្រះ​ញាតិ ។​ ​ចំណែក​ព្រះ​ម្នាង​ប៉ែន​ ​ជា​ស្នំ​ ​ក៏​មិន​អាច​ភៀស​ខ្លួន​រួច​អំពី​គ្រោះថ្នាក់​ដើម្បី​ទៅ​ជាមួយ​នឹង​សេនាបតី​ មឿង​ ​ព្រម​ទាំង​ភរិយា​ និង​បុត្រ​៤​នាក់​ទៀត​ឡើយ ។ ពួក​កងទ័ព​សៀម​កៀរ​មនុស្ស​អំពី​ស្រុក​ខ្មែរ​ ​ដោយ​ទាំង​ព្រះ​ម្នាង​ទៅ​ជាមួយ​ផង​ ​ទាំង​ព្រះរាជ​ទ្រព្យ​មាន​វិញ្ញាណ​ ​និង​ឥត​វិញ្ញាណ ។ ចំណែក​មេ​ដំរី​ស​មួយ​ ​ឈ្មោះ​ជំទាវ​ប៉ាលហៃ​ ​មាន​កូន​នៅ​ក្នុង​ពោះ​ ​ដែល​ជា​ព្រះ​ទីនាំង​ដ៏​ប្រសើរ​ ​ក៏​ត្រូវ​កងទ័ព​សៀម​កៀរ​យក​ទៅ​ដែរ ។​

ពួក​ សៀម​ជាន់​នោះ​មាន​សេចក្ដី​ព្យាបាទ​ធ្វើបាប​ខ្មែរ​អស្ចារ្យ​ណាស់​ ​ចាប់​មនុស្ស​ដោត​ស្លឹក​ត្រចៀក​ ​ដឹក​យក​ទៅ​ដូច​សត្វ​ធាតុ​ ​ស្រី​ណា​មានកូន​ខ្ចី​ចាប់​ច្រក​ការុង​ឱ្យ​ដំរី​ជាន់​ ​វៀរលែងតែ​មាន​កូន​នៅ​ក្នុង​ពោះ ។​ ​លុះ​ទៅ​ដល់​ស្រុក​សៀម​ ​នាំ​សេចក្ដី​ទៅ​ថ្វាយ​ព្រះ​ចៅ​ដោយ​សព្វ​គ្រប់ ។​ ​ដោយ​សេចក្ដី​សងសឹក​បាន​សម្រេច​ដូច​ប្រាថ្នា​ ​ព្រះ​ចៅ​ទ្រង់​បង្គាប់​ឱ្យ​យក​ពួក​ខ្មែរ​ទាំងអស់​ទៅ​នៅ​មួយ​ក្រុម​ជិត​ ក្រុង​ ​ហើយ​សន្មត​ឱ្យ​ឈ្មោះ​ថា​ ​“ក្រុម​ខ្មែរ​អ្នក​គ្រួរ” ។

ព្រះ ​ម្នាង​ប៉ែន​ ​ហាក់ជា​ស្រី​មានបុណ្យ​វាសនា​ ​ទុក​ណា​ជា​នាង​ទទួល​គ្រោះថ្នាក់​ដោយ​សៀម​យក​ទៅ​យ៉ាងហ្នឹង​ក៏​ដោយ​នាង​គង់នៅ ​ជា​ស្រី​ប្លែក​អំពី​ស្រី​ឯទៀតៗ ។ ដោយ​អំណាច​កូន​ដែល​នៅ​ក្នុង​គភ៌​ជា​កូន​មាន​ឥទ្ធិឫទ្ឋិ​ ​មាន​បុណ្យ​ ​ក៏​បណ្ដាល​ឱ្យ​អ្នកផង​ជិតខាង​ ​មានចិត្ដ​ទោរទន់​រាប់អាន​ស្រឡាញ់​ ​ជួយ​ឧបត្ថម្ភ​ ​យកអាសារ​នាង​គ្រប់យ៉ាង ។

លុះ ​នាង​មាន​គភ៌​គ្រប់​ខែ​ ​ក៏​ប្រសូត​បុត្រ​មក​ដោយ​សុខ​សប្បាយ​ ​អ្នក​ជិតខាង​ទាំងប្រុស​ទាំងស្រី​ ​ជួយ​ថែទាំ​ផ្ដល់​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ ​អ្នក​ណា​ក៏​មក​មិន​មាន​ខាន​ ​ដោយ​អំណាច​គុណ​បុណ្យ​តេជៈ​បារមី​នៃ​ទារក​នោះ ។​ ​លុះ​ប្រសូត​បាន​៣​ថ្ងៃ​ ​ពួក​ក្រុម​ញាតិ​មូលមាត់គ្នា​ ​ឱ្យ​ឈ្មោះ​កូន​នោះ​ថា​ ​ឧទេន ។

ចំណែក ​មេ​ដំរី​ដែល​ជា​ព្រះ​ទីនាំង​ ​ក៏​កើត​កូន​ក្នុង​ថ្ងៃ​ដំណាល​ទារក​នោះ​ដែរ​ ​តែ​មេ​ដំរី​នោះ​ ​ផ្ដាច់​ខ្សែ​ទន្លឹង​ ​ទៅ​កើតកូន​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ ​លាក់​មិន​ឱ្យ​អ្នក​ណា​ដឹង​ឡើយ​ ​ដរាប​ដល់​៣​ថ្ងៃ​ទើប​នាំ​កូន​មក​កាន់​ទីកន្លែង​ដើម​វិញ ។ កូន​ដំរី​នោះ​មាន​ពណ៌​សម្បុរ​ ​ព្រមទាំង​រូបរាង​ល្អ​ប្លែក​អំពី​ដំរី​ធម្មតា​ ​អ្នករក្សា​ដំរី​នាំ​ដំណឹង​ទៅ​ក្រាបទូល​ព្រះ​ចៅ​គ្រប់សព្វ​ ​ព្រះ​ចៅ​ពេញ​ព្រះ​ហឫទ័យ​ណាស់ ។

ដំណាល​ពី​ កុមារ​ឧទេន​ ​លុះ​បាន​អាយុ​ប្រាំ​ឆ្នាំ​ ​ដឹង​សេចក្ដី​ខុស​ត្រូវ​ខ្លះ​ ​នឹក​ភ្នក​រក​បិតា​ ​សួរ​ម្ដាយ​ថា​ ​“ឪពុក​ខ្ញុំ​ទៅ​ឯណា​ ​ពុំដែល​ឃើញ​ ​ក្មេង​ឯទៀត​មាន​ម្ដាយ-ឪពុក​ ​ខ្ញុំ​មិន​ឃើញ​មាន​ឪពុក​ដូច​គេ ?” មា្ដ​យ​កាលបើ​ឮ​កូន​សួរ​ដូច្នោះ​ ​នាង​ណែន​ក្នុង​ទ្រូង​អួលអាក់​ខ្លោចផ្សា​ ​និយាយ​ប្រាប់​កូន​មិន​រួច​ ​ក៏​និយាយ​បន្លែបន្លប់​ ​កុំឱ្យ​កូន​សួរ​ទៀត​ ​ពីព្រោះ​ខ្លាចក្រែង​ ​រឿង​នោះ​មិន​ជិត​ដឹង​ទូទៅ​ ​នឹង​ដល់​នូវ​សេចក្ដី​អន្ដរាយ​នៃ​ជីវិត ។​ ​កូន​ចេះ​តែ​សួរ​ញយៗ​ ​នាង​ក៏​និយាយ​បង្វេះ​ពង្វាង​មិន​ឱ្យ​សួរ​បាន​ដរាប​ដល់​កូន​នោះ​អាយុ​១២​ ឆ្នាំ ។ ថ្ងៃមួយ​នាង​នឹក​ថា​ ​កូន​នេះ​ខាន​ប្រាប់​ពុំ​បាន​ ​ក៏​នាំ​កូន​ទៅ​កាន់​ទី​ស្ងាត់​តែ​ពីរ​នាក់​ ​ដំណាល​រឿងរ៉ាវ​តាំងពី​ដើម​ដល់​ចុង​ ​កូន​ស្ដាប់​បាន​យល់​សេចក្ដី​សព្វគ្រប់​ ​ប្រាប់​ម្ដាយ​ឱ្យ​អត់ទ្រាំ​​សិន​ចុះ​ ​កូន​នឹង​គិត​រក​មធ្យោបាយ​មួយ​ ​ដើម្បី​នឹង​វិល​ទៅ​នគរ​វិញ ។ ចំណែក​កុមារ​ឧទេន​ ​ចាប់តាំងពី​ថ្ងៃ​ដែល​បាន​ស្ដាប់​ពាក្យ​ម្ដាយ​មក​ ​ក៏​ខំ​ស្វែង​រៀនសូត្រ​វិជ្ជា​គ្រប់​បែប​យ៉ាង​ ​មាន​អក្សរ​ជាដើម​ ​ឧទេន​ជា​កុមារ​ឆ្លាត​វាងវៃ​ ​អង់អាច​ប្លែក​អំពី​កុមារ​ធម្មតា ។

ថ្ងៃមួយ ​កុមារ​ឧទេន​ចូល​ទៅ​សេពគប់​នឹង​ពួក​ហ្មដំរី​ ​សុំ​ខ្លួន​ជា​អ្នកបម្រើ​បោសច្រាស​រោង​ដំរី​ ​ដើម្បី​រៀន​វិជ្ជា​ខាង​ហ្មដំរី​ឱ្យ​ស្ទាត់ ។​ ​ថ្ងៃមួយ​ព្រះ​ចៅ​ស្ដេច​យាង​មក​ទត​រោង​ដំរី​ ​ឃើញ​កុមារ​នោះ​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ​ ​ដោយ​យក​ចិត្ដ​ទុកដាក់​ ​រហ័សរហួន​វាងវៃ​ ​មាន​ព្រះ​បន្ទូល​សួរ​ថា​ ​ក្មេង​នេះ​មកពីណា​ ​ហ្មដំរី​ក្រាបទូល​តាម​ដំណើរ​ដោយ​សព្វគ្រប់​ ​ទ្រង់​ពេញ​ព្រះ​ហឫទ័យ​ ​មាន​ព្រះ​បន្ទូល​ប្រាប់​ថា​ ​ចូរ​មើល​ក្មេង​នេះ​ផង ។​ ​ចាប់ផ្ដើម​ពី​ថ្ងៃ​នោះ​មក​ ​កុមារ​ខំ​យក​ចិត្ដ​ទុកដាក់​ធ្វើការ​ដោយ​ហ្មត់ចត់​ ​បោស​ប្រមូល​អាចម៍​ដំរី​ ​ដុត​បំពក់​ជា​ជី ​ដើម្បី​យក​ទៅ​ដាំ​ស្ពៃ​ ​ស្ពៃ​ក៏​មាន​គុម្ព​ធំ​ប្លែក​ចម្លែក​ពី​ស្ពៃ​អ្នកស្រុក​ធម្មតា ។ លុះ​ស្ពៃ​នោះ​ធំ​ល្មម​ដក​ ​កុមារ​ឧទេន​ ​ដក​យក​ទៅ​លាង​យ៉ាង​ស្អាត​រែក​យក​ទៅ​ថ្វាយ​ព្រះ​ចៅ​ ​ទ្រង់​ទត​ឃើញ​មាន​ព្រះ​បន្ទូល​ថា​ ​“នែ ! កុមារ​ឯង​បាន​ស្ពៃ​នេះ​មកពីណា​ ​ប្លែក​ពី​ស្ពៃ​ធម្មតា​” កុមារ​ក្រាបទូល​តាម​ដំណើរ​សព្វគ្រប់​ ​ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​ ​និង​មុខងារ​ជា​អ្នកត្រួតត្រា​ភ្នាក់ងារ​ខាង​ដំរី ។

ដំរី ​ជា​កូន​មេ​ដំរី​ឈ្មោះ​ជំទាវ​ប៉ាលប៉ៃ​ ​ដែល​ជា​ទីនាំង​ដ៏​ប្រសើរ​របស់​ព្រះ​ចៅ​ ​ក៏​ស្រាប់តែ​ចុះ​ប្រេង​ ​មាន​កិរិយា​ខុស​ប្រក្រតី​កាច​សាហាវ​មិន​ព្រម​ស្ដាប់​បង្គាប់​ ​ព្រិច​ហ្ម​ស្លាប់​ ​មិន​មាន​អ្នក​ឯណា​មួយ​អាច​ដឹក​បាន​ ​ថែម​ទាំង​ធ្វើបាប​អ្នក​ស្រុក​បោចរោច​ផ្ទះសម្បែង​ផ្អើល​ជ្រួលច្របល់​ ​រត់​ខ្ចាត់ខ្ចាយ​ចោល​ទីលំនៅ​រៀងៗ​ខ្លួន ។ ពួក​អ្នក​គង្វាល​ដំរី​នាំ​សេចក្ដី​ទៅ​ទូល​ព្រះ​ចៅៗ​ទ្រង់​ចាត់ការ​ឱ្យ​ ស៊ើបសួរ​រក​អ្នក​ណា​ដែល​អង់អាច​ក្លាហាន​ហ៊ាន​ទៅ​ចាប់​ដំរី​នោះ​បាន ។ ពេល​នោះ​ ​កុមារ​ឧទេន​ឆ្លើយ​ថា​ ​ខ្ញុំ​ហ៊ាន​ទទួល​ចាប់​ដំរី​នោះ​បាន​ ​ទើប​ទ្រង់​ប្រគល់​ការ​ទៅ​កុមារ​ឧទេន​ចាត់ការ​យ៉ាងណា​ឱ្យ​តែ​ចាប់​បាន​ព្រះ​ ទីនាំង​នោះ ។

ឧទេន​បង្គាប់​ឱ្យ​ប្រមូល​ដំរី​ ៥០០​មក​ ​ដើម្បី​នឹង​រើស​យក​ដំរី​ណា​គួរ​យក​មក​ធ្វើ​ធ្នាក់​បាន​ ​ទើប​រើស​យក​មេ​ដំរី​ស​ឈ្មោះ​ ​ជំទាវ​ប៉ាល់ប៉ៃ​ ​ពេល​ចេញ​ទៅ​ចាប់​ ​កុមារ​ឧទេន​បង្គាប់​ឱ្យ​រៀប​ពិធី​បួងសួង​សែនព្រេន​អឹកធឹក ។ អ្នកស្រុក​ផ្អើល​មក​មើល​អឺងកង​ ​ពាសពេញ​មីរដេរដាស់​ ​លុះ​សែនព្រេន​រួច​ ​កុមារ​ឧទេន​បង្គាប់​ឱ្យ​យក​ចេក​៣​ស្និត​ ​អំពៅ​៣​បាច់​ ​ពេល​ទៅ​ដល់​ព្រះ​ទីនាំង​ ​ស្ទុះ​មក​រក​ហាក់ដូចជា​ប្រុង​នឹង​ព្រិច​ ​តែ​បែរជា​ក្រាប​ថ្វាយបង្គំ​វិញ​ ​ដោយ​អំណាច​តេជៈ​បុណ្យ​បារមី​នៃ​ឧទេនៗ​និយាយ​ទូន្មាន​ប្រដៅ​ថា​ ​“ទីនាំង​ឯង​តាំងពី​ថ្ងៃនេះ​ទៅ​ ​លះបង់​មារយាទ​អាក្រក់​ចេញ​ទៅ​ ​ត្រូវធ្វើ​ឱ្យ​ស្លូត​ល្អ​ដូច​ពី​ដើម​ ​ឱ្យ​ចេក​ ​និង​អំពៅ​ស៊ី​រួច​និយាយ​ថា​ ​ឯង​ទៅ​តាម​យើង​ ​ថា​តែ​ប៉ុណ្ណោះ​ស្រាប់តែ​ដំរី​ដើរ​តាម​ទៅ​ដោយ​ស្រួល​ ​ឥត​បាច់​ចាប់​ចង​អ្វី​ឡើយ​ ​ហាក់ដូចជា​ហ្ម​ចាស់​យូរ​មក​ហើយ ។

ចាប់ ​ដើម​តាំងពី​ថ្ងៃ​ដែល​ទៅ​យក​ព្រះ​ទីនាំង​មក​ ​ព្រះ​ចៅ​ទ្រង់​ប្រទាន​រង្វាន់​ឱ្យ​ឧទេន​ ​និង​ប្រទាន​ងារ​ថា​ ​ជ័យ​អស្ចារ្យ​ ​ជា​សេនា​ខាង​ទ័ព​ដំរី​ ​និង​ខាង​ទាក់ដំរី​ព្រៃ ។​ ​ពួក​អ្នករាជការ​ទទួល​ស្គាល់​ខ្លាច​អំណាច​ឧទេន​ថា​ ​ជា​អ្នក​មោះមុត​ស្ទាត់​ជំនាញ​ខាង​ហ្មដំរី​ ​សូម្បី​តែ​ពេល​ចេញ​ទាក់​ដំរី​ព្រៃ​ម្ដងៗ​មិន​ចាំ​មាន​គ្នា​ច្រើន​ប៉ុន្មាន​ ​ក៏​ទៅ​ទាក់​បាន​ដែរ​ ​ហាក់ដូចជា​ហៅ​មក​បាន​ ​ព្រះ​ចៅ​ទ្រង់​ពេញចិត្ដ​ ​និង​ទុក​ព្រះ​ហឫទ័យ​លើ​ជ័យ​អស្ចារ្យ​ ​ប្រហែល​គ្នា​នឹង​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ។

លុះដល់ ​អាយុ​១៦​ឆ្នាំ​ ​ជ័យ​អស្ចារ្យ​ភ្នកនឹក​ដល់​បំណង​ដើម​ ​ក៏​រំពឹងគិត​រក​ឧបាយ​ណាមួយ​ ​នឹង​ដោះ​ខ្លួន​ចេញ​អំពី​កណ្ដាប់​ដៃ​សៀម​ ​ហើយ​ទៅ​នៅ​ស្រុក​ខ្មែរ​ ​សោយរាជ្យ​ស្នង​ព្រះ​បិតា​ ​និង​នាំ​យក​មនុស្ស​ពី​ស្រុក​សៀម​ទៅ​ស្រុក​ខ្មែរ​វិញ​ ​ព្រមទាំង​ទ្រព្យសម្បត្ដិ​មាន​វិញ្ញាណ​ ​ឥត​វិញ្ញាណ​ ​ទៅ​ឱ្យ​អស់​អំពី​ស្រុក​សៀម​ ​ឱ្យ​បាន​សម្រេច​ដូច​សេចក្ដី​បំណង ។

ទើប ​ដើរ​នយោបាយ​ចាត់​មនុស្ស​១៥​នាក់​ ​ដែល​ជា​មនុស្ស​ទុកចិត្ដ​ស្និទ្ធ​ស្នាល​ដូច​បងប្អូន​បង្កើត​ ​ធ្វើ​ជាល​ និង​ឈើ​ជើងដំរី​ ​ឱ្យ​យក​ជាល​ច្រក​អាចម៍​ដំរី​ញាត់​ឱ្យ​ណែន​ ​ទុក​ឱ្យ​ស្ងួត​ចាក់​រាយ​តាម​ស្ទឹង​ ​ឬ​ផ្លូវ​យក​ឈើ​ជើង​ដំរី​ដើរ​សង្កត់​ជា​ស្នាម​ដាន​ ​ដូច​ជា​ដំរី​ដើរ​មែនៗ​ ​ដើម្បី​ឱ្យ​អ្នកស្រុក​ឃើញ​ ​ហើយ​នាំ​ព័ត៌មាន​នោះ​ក្រាបទូល​ព្រះ​ចៅៗ​នឹង​ទ្រង់​ចាត់​ឱ្យ​សេនា​ ជ័យអស្ចារ្យ​ខ្លួន​ ​ទៅ​តាម​ទាក់​មិន​ខាន​ ​ម្យ៉ាងទៀត​ដើម្បី​ឱ្យ​ពល​ដែល​ព្រះ​ចៅ​ចាត់​ឱ្យ​ទៅ​ជា​មួយ​ជឿជាក់​ក្នុង​ ចិត្ដ​ថា​ ​ជា​ដាន​ដំរី​ពិតមែន ។

ចំណែក​ អ្នកស្រុក​ ​លុះ​ឃើញ​ដានជើង​ដំរី​ ​និង​អាចម៍​ធំៗ​ ​អណ្ដែត​តាម​ទឹក​មក​ដូច្នោះ​ ​ក៏​នាំ​សេចក្ដី​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ចៅៗ​ទ្រង់​ប្រើ​ជ័យ​អស្ចារ្យ​ ​ឱ្យទៅ​តាម​ទាក់ដំរី​ព្រៃ​ដែល​មាន​ដានជើង​ធំ​នោះ ។​ ​ជ័យ​អស្ចារ្យ​ក្រាបទូល​ថា​ ​សូម​ព្រះ​មេត្ដាប្រោស​ ​បើ​ទ្រង់​សព្វព្រះទ័យ​ ​ចង់បាន​ដំរី​ធំ​បែប​នោះ​ ​លុះតែ​មាន​គ្នា​ច្រើន​ ​នឹង​ដំរី​ធ្នាក់​ដ៏​ច្រើន​ ​ហើយ​ឱ្យ​មនុស្ស​ដែល​ទៅ​ជាមួយ​ទូលព្រះបង្គំ​ទាំង​ប៉ុន្មាន​ ​ស្ដាប់បង្គាប់​ទូល​បង្គំ​ ​ទើប​ធ្វើការ​នោះ​បាន​ ​ពេល​ចេញ​ទៅ​សូម​ព្រះ​អង្គ​មេត្ដា​អនុញ្ញាត​ឱ្យ​ធ្វើ​ពិធី​បួងសួង​ផង​ឱ្យ​ មាន​ជោគ​ជ័យ ។​ ​ព្រះ​ចៅ​ទ្រង់​អនុញ្ញាត​គ្រប់​សំណូមពរ​ ​ប្រគល់​ការ​នោះ​ឱ្យ​ជ័យ​អស្ចារ្យ​តាម​ត្រូវការ​ ​ធ្វើ​បែប​ណាៗ​ស្រេច​នៅ​លើ​ជ័យ​អស្ចារ្យ​ចុះ ។​ ​លុះ​រៀប​ធ្វើ​ពិធី​រួច​ ​ព្រះ​ចៅ​ប្រទាន​ព្រះ​ខ័ន​សឹក​ឱ្យ​អំណាច​ពេញ​ ​បើ​ឈ្មោះ​ណា​មិន​ស្ដាប់បង្គាប់​ត្រូវ​សម្លាប់​បាន ។​ ​លុះ​ចេញ​ទៅ​បាន​ចំនួន​១៥​ថ្ងៃ​ ​ដល់​ពាក់កណ្ដាល​ផ្លូវ​មក​ស្រុក​ខ្មែរ​ ​ជ័យ​អស្ចារ្យ​ធ្វើ​សារ​ទៅ​ក្រាបទូល​ព្រះ​ចៅ​វិញ​ថា​ ​“សូម​ទ្រង់​មេត្ដាប្រោស​ ​ទូលបង្គំ​ជាខ្ញុំ​តាម​ទាក់ដំរី​នោះ​ ​កាន់តែ​ឃើញ​ដាន​កៀក​ហើយ​ ​តែ​អស់​ស្បៀង​ ​សូម​ព្រះ​អង្គ​មេត្ដា​ប្រោស​ព្រះរាជ​ទាន​បញ្ជូន​មក​ឱ្យ​ឆាប់​ ​ដើម្បី​នឹង​ធ្វើការ​ឱ្យ​បាន​សម្រេច​ដូច​បំណង” ។

ព្រះ ​ចៅ​ទ្រង់​ព្រះរាជ​ទាន​តាម​សេចក្ដី​សុំ​ដោយ​រួសរាន់​ ​ដោយ​បំណង​ចង់​បាន​ដំរី​នោះ​ពេក​ភ្លេច​គិត​អំពី​ការ​បង់ខាត​ព្រះរាជ​ទ្រព្យ​ ​ឬ​សង្ស័យ​ដោយ​ហេតុ​ណាមួយ​ឡើយ ។

ជ័យ​ អស្ចារ្យ​ ​លុះ​បាន​ទទួល​ស្បៀង​បន្ថែម​អំពី​ព្រះ​ចៅ​ ​ក៏​បន្ដដំណើរ​ទៅ​ទៀត​ចំនួន​៥​ថ្ងៃ​ក្រោយ​មក​ក៏​បាន​ដល់​ស្រុក​បាត់ដំបង​ដែល ​ជា​ដី​ខ្មែរ​ ​មាន​អ្នកស្រុក​ជិត​ឆ្ងាយ​គ្រប់​តំបន់​រត់​មក​ចុះ​ចូល​ថ្វាយ​ខ្លួន​ជា​ពល​ សេនា​ ​ព្រមទាំង​សេនា​ចាស់​ម្នាក់​ធ្លាប់​បំរើ​ព្រះ​វរបិតា​ឈ្មោះ​មឿង​ ​និង​កូនប្រុស​៤​នាក់​ ​បាន​ចូល​មក​ថ្វាយខ្លួន​ដែរ​ ​ក៏​មាន​មនុស្ស​ច្រើន​ល្មម​តទល់​នឹង​ព្រះ​ចៅ​សៀម​បាន ។​ ​ជ័យ​អស្ចារ្យ​ក៏​សរសេរ​សំបុត្រ​ចង​នឹង​ក​ដំរី​ ​ប្រើ​ឱ្យ​ទៅ​អញ្ជើញ​ម្ដាយ​មក​ស្រុក​ខ្មែរ​ ​រួច​ចង​កូន​ជំទាវ​ប៉ាល់ប៉ៃ​ទៅ​ទទួល​ម្ដាយ ។​ ​មេ​ដំរី​ទៅ​ដល់ទី​កន្លែង​ម្ដាយ​ ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ​ ​មេ​ដំរី​វា​ទម្លាក់​បំពង់​៣​ដង​ ​ម្ដាយ​ភ្ញាក់​នឹក​ស្មាន​ថា​កូន​ត្រឡប់​មក​វិញ​ ​ក៏​អុជ​ភ្លើង​បំភ្លឺ​មើល​ ​តែ​មិនឃើញ​កូន​ ​ឃើញ​តែ​សំបុត្រ​ ​មើល​ដឹង​សេចក្ដី​សព្វគ្រប់​ ​រៀប​ដំណើរ​ឡើង​ជិះ​មេ​ដំរី​យ៉ាង​ប្រញាប់​ ​ខំ​ស្រួត​ឱ្យ​ជួបនឹង​កូន​នៅ​ស្រុក​បាត់ដំបង ។ ទើប​ជ័យ​អស្ចារ្យ​ប្រកាស​ខ្លួន​ឱ្យ​អ្នកស្រុក​ដឹង​ច្បាស់​ថា​ ​ខ្លួន​ហ្នឹងហើយ​ជា​ព្រះរាជបុត្រ​របស់​ព្រះ​ចន្ទ​រាជា​ ​គង់​នៅ​បន្ទាយលង្វែក​ ​ឥឡូវនេះ​វិល​មក​គ្រងរាជ្យ​ស្នង​ព្រះ​បិតា ។​ ​រឿង​នេះ​មិន​បាត់​ស្ងាត់​ជ្រាប​ដល់​ព្រះ​ចៅ​សៀម​ ​ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង​ពន់ពេក​ ​និង​តូច​ព្រះ​ទ័យ​ក្រៃ​លែង​ ​ទ្រង់​ប្រជុំ​ពួក​សេនា​យោធា​មក​ប្រាប់​ថា​ ​ជ័យ​អស្ចារ្យ​ ​ប្រើ​ឧបាយកល​បោក​បញ្ឆោត​ ​យក​ព្រះ​ខ័ន​សឹក​ព្រមទាំង​ទ្រព្យ​មាន​វិញ្ញាណ​ ​ឥត​វិញ្ញាណ​ ​រត់​ទៅ​ស្រុក​ខ្មែរ​ ​ហេតុនេះ​ត្រូវ​លើកទ័ព​តាម​ទៅ​ដណ្ដើម​យក​មក​វិញ​ឱ្យ​បាន​ ​ហើយ​ចាប់​ជ័យ​អស្ចារ្យ​សម្លាប់​ឱ្យ​ផុត​ពូជ​ព្រះ​ចន្ទ​រាជា​ ​ព្រមទាំង​ពួក​រាជការ​ទាំង​ប៉ុន្មាន​កុំ​ឱ្យ​សល់ ។​

ជ័យ ​អស្ចារ្យ​ ​បាន​ដំណឹង​ច្បាស់​ថា​ ​ព្រះ​ចៅ​លើកទ័ព​មក​តាម​ដូច្នោះ​ ​ទ្រង់​ជំនុំ​នឹង​សេនាបតី​ថា​ ​ឥឡូវ​ពល​សេនា​យើង​ ​និង​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​របស់​យើង​ពុំ​បរិបូណ៌​ ​តើ​អ្នក​រាល់គ្នា​គិត​រក​ឧបាយកល​បែប​ណា​ឱ្យ​មាន​ជ័យ​ជំនះ​ ​ពេល​នេះ​ ​សេនា​ទាំងអស់​មិន​មាន​អ្នក​ណាមួយ​ហ៊ាន​ឆ្លើយ​ទទួល​ធានា​អះអាង​សោះ​ ​មាន​តែ​សេនា​មឿង​ ​ឆ្លើយ​ធានា​អះអាង​ ​ហ៊ាន​តទល់​នឹង​ទ័ព​សៀម​ ​ដោយ​ឧបាយ​មួយ​ដ៏​ចម្លែក​ ​គឺ​ហ៊ាន​ប្ដូរជីវិត​ដើម្បី​នឹង​ទៅ​កែន​ពល​ខ្មោច​ ​ធ្វើ​ជា​ទ័ព​ច្បាំង​នឹង​ពល​សៀម ។​ ​ទើប​បង្គាប់​ឱ្យ​ជីករណ្ដៅ​ទំហំ​៤​ម៉ែត្រ​ ​៤ជ្រុង ជម្រៅ​៤​ម៉ែត្រ​ ​រួច​ឱ្យ​ដាក់​គ្រឿង​សាស្ដ្រាវុធ​ក្នុង​រណ្ដៅ​នោះ​ដើម្បី​នឹង​លោត​ឱ្យ​ជង់​ ស្លាប់​ក្នុង​រណ្ដៅ​ ​តែ​នៅ​ពេល​មុន​​នឹង​លោត​សម្លាប់​ខ្លួន​នោះ​ ​សេនា​មឿង​បង្គាប់​ឱ្យ​ពួក​ពលរដ្ឋ​ទាំងអស់​មក​ស្ដាប់​ពាក្យ​ឱវាទ​លោក​ប្រកាស ​ថា​ ​“សូម​ឱ្យ​អស់លោក​ខំប្រឹង​យក​ចិត្ដ​ទុកដាក់​ក្នុង​រឿង​ចម្បាំង​ពេល​នេះ​ ដើម្បី​រំដោះ​ដែនដី​ខ្មែរ​ ​ឱ្យ​បាន​រួច​អំពី​កណ្ដាប់ដៃ​នៃ​បច្ចាមិត្ដ​ ​ចំណែក​ខ្ញុំៗ​ធានា​ខាង​ទ័ព​ខ្មោច​ ​សូម​អស់លោក​សង្ឃឹម​ទុក​ចុះបើ​ខ្ញុំ​ស្លាប់​ទៅ​បាន​៧​ថ្ងៃ​ ​ឮ​សូរ​សន្ធឹក​ហ៊ោ​កញ្ជ្រៀវ​បីដូច​ជា​សម្លេង​ផ្គរលាន់​ ​យើង​នឹង​មាន​ជ័យ​ហើយ” ។​

លុះ​ផ្ដាំ​រួច​លោត ​ចុះ​ក្នុង​រណ្ដៅ​ព្រឹប​ ​“ប្រពន្ធ​ឃើញ​ប្ដី​លោត​ដូច្នេះ​ ​ក៏​លោត​ទៅ​ជាមួយនឹង​ប្ដី​ ​ព្រមទាំង​កូនប្រុស​ពីរ​នាក់​ ​ស្លាប់​ជាមួយ​គ្នា” ។ ដល់​ថ្ងៃជា​គម្រប់​៧​ថ្ងៃ​ ​លាន់ឮ​សូរ​សន្ធឹក​ដូច​ការ​ផ្ដាំ​មែន ។

ទ័ព​ សៀម​ចួ​ល​ដល់​បាត់ដំបង​ ​ឆ្លង​ចូល​មក​ដល់​អូរ​មួយ​ ​សព្វថ្ងៃ​ហៅ​ថា​ ​អូរ​ស្វាយដូនកែវ​ ​ជួន​គ្នា​នឹង​ទ័ព​ជ័យ​អស្ចារ្យ​ ​ទ័ព​ខ្មោច​ចេញ​សម្ដែង​ឫទ្ធិ​ ​ធ្វើ​ឱ្យ​ពល​សៀម​វិលមុខ​ចុកពោះ​ ​ចុះក្អួត​ ​ដួល​ខ្លួនឯង​ស្រួលៗ​ ​ទ័ព​ព្រះ​ជ័យ​អស្ចារ្យ​ចូល​ទៅ​កាប់​សម្លាប់​អស់​ ​ពួក​កងទ័ព​សៀម​ទប់ទល់​មិន​បាន​ ​ថយ​ទៅ​ដល់​បាត់ដំបង​ ​ធ្វើ​សារ​ទៅ​ក្រាបទូល​ព្រះ​ចៅ​តាម​ដំណើរ​សព្វគ្រប់​ ​ព្រះ​ចៅ​ទ្រង់​ជ្រាប​ឱ្យ​ទ័ព​ថយ​ត្រឡប់​ស្រុក​សៀម​វិញ ។

ចំណែក ​ពួក​ទ័ព​ព្រះ​ជ័យ​អស្ចារ្យ​ ​នាំ​គ្នា​ត្រឡប់​មក​កាន់​បន្ទាយ​វិញ​ ​សព្វថ្ងៃ​គេ​ហៅ​ថា​បន្ទាយ​ជ័យ​ ​ចាប់ផ្ដើម​ពី​ពេល​នោះ​មក​ ​ព្រះ​ជ័យ​អស្ចារ្យ​បាន​ទទួល​រាជាភិសេក​សោយរាជ្យ​ ​និង​ទទួល​នាម​ថា​ ​ព្រះ​ជ័យចេស្ដា​ ​ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី​ ​គង់នៅ​បន្ទាយ​ជ័យ ។​ ​លុះ​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​សុខសាន្ដ​ហើយ​ ​ទ្រង់​នឹកឃើញ​ដល់​គុណូបការៈ​សេនា​មឿង​ ​ដែល​ស៊ូ​ប្ដូរជីវិត​ចំពោះ​ព្រះ​អង្គ​ ​និង​ចំពោះ​ទឹកដី​ខ្មែរ​ ​ទ្រង់​ក៏​ចាត់​ឱ្យ​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សេនា​ មឿង​ ​យ៉ាង​ឱឡារិក​អស្ចារ្យ​ ​ជាប់​ជា​ទំនៀម​ដរាប​ដល់​មក​សព្វ​ថ្ងៃនេះ​ ​ហៅ​ថា​ធ្វើបុណ្យ​ឡើង​អ្នកតា​ឃ្លាំងមឿង​ទៅ​វិញ ។

ពិធីបុណ្យ​ឡើង​អ្នកតា​ឃ្លាំងមឿង

ទីកន្លែង ​អ្នកតា​ ​ជាទីរហោស្ថាន​ ​មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ព័ទ្ធ​ជុំវិញ​ ​មាន​មែក​បែក​សាខា​ ​មាន​ម្លប់​ត្រឈៃ​ត្រជាក់​ ​គួរ​ឱ្យ​សប្បាយ​រីករាយ​អស្ចារ្យ​ ​ហើយ​មាន​សត្វ​បក្សី​បក្សា​កញ្ជ្រៀវ​ខ្ញៀវខ្ញា​ ​ប្រចឹក​គ្នា​លើ​មែក​ព្រឹក្សា​នោះ​ ​ឮ​សូរ​សម្លេង​ទ្រហឹង ។​ ​បន្ទាប់​អំពី​រុក្ខជាតិ​ ​មាន​វាលស្រែ​ព័ទ្ធ​ជុំវិញ​ ​បើ​មើល​ពី​ចម្ងាយ​ទៅ​ ​ឃើញ​រុក្ខជាតិ​ដង្គំ​ត្រសុំ​ខ្មួល​ខ្មៅ​ ​ដាច់​ស្រយាល​ពី​ភូមិ​ស្រុក ។​ ​បណ្ដា​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​មាន​ ​ដើម​សំរោង​មួយ​ខ្ពស់​ជាង​ដើម​ឯទៀតៗ​ ​ដុះ​ចំ​ពី​មុខ​អាស្រម ។​ ​ពី​សាលា​ខេត្ត​ពោធិ៍សាត់​ ​ទៅ​ទី​អ្នកតា​នោះ​មាន​ចម្ងាយ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ ។​ ​គេ​ត្រូវ​ចេញ​តាម​ផ្លូវ​ថ្នល់​ពី​សាលា​ខេត្ត​ទៅ​ទិស​ខាងលិច​ ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ ​ត្រូវ​ងាក​ទៅ​ទិស​ខាងត្បូង​ ​កាត់​ផ្លូវ​អយស្ម័យយាន​ ​ដល់​ឃុំ​បាក់នឹម​ដែរ​ទៅ​ទិស​ខាងលិច​ដល់​ភូមិ​ព្រែកជីក​ ​ឡើង​ពី​ព្រែកជីក​ងាក​ទៅ​កាន់​ទិស​ខាងជើង​ ​ទើប​ដល់​កន្លែង​អ្នកតា ។​

ជុំវិញ ​អាស្រម​អ្នកតា​ ​មាន​វាល​ស្រឡះ​ទំនេរ​នៅ​ត្រង់​ចន្លោះ​រុក្ខជាតិ ។​ ​នៅ​ពី​ខាងត្បូង​អាស្រម​ ​ជាទី​វាល​ទុក​សម្រាប់​ធ្វើ​រោង​ ​មាន​បណ្ដោយ​៦០​ម៉ែត្រ​ ​ទទឹង​៤០​ម៉ែត្រ ។​ ​អាស្រម​នោះ​ធ្វើ​ដោយ​ឈើ​ប្រក់​ស្បូវ​ ​មាន​បណ្ដោយ​៨​ម៉ែត្រ​ ទទឹង​៤​ម៉ែត្រ កំពស់​៤​ម​ សសរ​លញ់​ ​មិន​មាន​ជញ្ជាំង​បិទ​បាំង​ទេ ។​ ​ជុំវិញ​អាស្រម​ ​មាន​លាន​ទំហំ​៤​ម៉ែត្រ ទុក​បម្រុង​ឱ្យ​ពួក​អ្នក​ទៅ​ធ្វើបុណ្យ​ដើរ​ហែរ​ប្រទក្សិណ​នៅ​ពេល​ឡើង​ អ្នកតា ។​ ​ពី​ខាងក្រៅ​ទីវាល​ ​មាន​របង​ធ្វើ​ដោយ​ឈើខ្លឹម​ ​ព័ទ្ធ​ជុំវិញ​ ​មាន​តែ​ផ្លូវ​ចូល​ពី​ខាងកើត​មួយ​ ​និង​ពី​ខាងត្បូង​មួយ ។​ ​ក្នុង​អាស្រម​ខាង​មុខ​តួ​អ្នកតា​ ​មាន​រាន​បណ្ដោយ​៣​ម៉ែត្រ ទទឹង​២​ម៉ែត្រ​ កំពស់​៥​តឹក​ ​ធ្វើ​ដោយ​ឈើ​ ​ជា​រាន​សម្រាប់​ដាក់​តង្វាយ​អ្នកតា​ ​ខាងជើង​និង​ខាងត្បូង​អ្នកតា​ ​មាន​បង្កាន់ដៃ​ដោត​ដោយ​ចាមរ​នៃ​បៃមន់​ធ្វើ​ដោយ​ឈើ​ដែរ ។​ ​

តួ ​អ្នកតា​ ​មិន​មាន​រូបរាង​បែប​ឈើ​ ​ឬ​ថ្ម​តំណាង​ទេ​ ​គឺជា​តួ​ដីដំបូក​សុទ្ធ​ ​ទំហំ​បណ្ដោយ​២ម៉ែត្រ ទទឹង​១​ម៉ែត្រ​ កំពស់​២​ម៉ែត្រ​ ដែល​កើត​អំពី​សត្វ​កណ្ដៀរ​វា​ពូន​ឡើង​ ​សន្មត​ថា​ជា​តួ​អ្នកតា​តែ​ម្ដង​ ​នៅ​កំពូល​នៃ​ដំបូក​ ​មាន​ពំនូកដី​៤-៥ ស្រួចៗ​បែក​ចេញ​មើលទៅ​ដូច​ជា​កំពូល​អង្គរវត្ដ ។​ ​កំពូល​ដីដំបូក​ដែល​ជា​តួ​អ្នកតា​នេះ​ ​អ្នកស្រុក​សម្គាល់​ថា​ ​បើ​មាន​សត្វ​កណ្ដៀរ​ពូន​ឡើង​ថ្មី​ទៀត​សន្មត​ថា​ ​ចៅហ្វាយខេត្ត​ ​ឬ​ចៅហ្វាយ​ស្រុក​នៅ​ខេត្ត​ស្រុក​នេះ​ ​នឹង​ត្រូវ​ផ្លាស់​ចេញ​ ​ឬ​ខូច​បុណ្យ​សក្ដិ​ ​ដីដំបូក​នេះ​មិនដឹង​ជា​កើត​ពី​ត្រឹម​រាជ្យ​ស្ដេច​ណា​ទេ​ ​ពុំ​មាន​អ្នកស្រុក​ណា​ដឹង​សោះ ។

ពិធី​បុណ្យ ​ឡើងអ្នកតា​នេះ​ជា​បុណ្យ​ទំនៀមទម្លាប់​ជាប់​យូរ​មក​ហើយ​របស់​អ្នកស្រុក​ ​និង​ពួក​សាលាស្រុក​ ​តែង​ធ្វើ​តែ​រាល់ៗ​ឆ្នាំ​ក្នុង​ខែ​ពិសាខ​ ​ថ្ងៃ​សៅរ៍ ។​ ​តែ​មិន​កំណត់​ជា​ខ្នើត​ ​ឬ​រនោច​ទេ​ ​រើស​យក​តែ​ថ្ងៃ​សៅរ៍ ​ពេល​ធ្វើ​លុះ​ណា​តែ​មាន​សេចក្ដី​បង្គាប់​អំពី​ចៅហ្វាយស្រុក​បាកាន​ ​ប្រាប់​ទៅ​មេឃុំ​មេស្មឹង​ ​អាចារ្យវត្ដ​ ​និង​បណ្ដារាស្ដ្រ​ទាំងអស់​ឱ្យ​ដឹង​ជា​មុន​ ​ដើម្បី​មក​ជួបជុំ​ជួយ​ធ្វើ​រោងក្រសាល​ ​និង​រៀបចំ​បោសច្រាស​ទីកន្លែង​ឱ្យ​ស្អាត​ល្អ​ ​សម្រាប់​ព្រះសង្ឃ​ ​និង​ ​មន្ដ្រី​រាជការ​ក្នុង​ខេត្ត ។​ ​ទំនៀម​នេះ​ជា​ប្រពៃណី​របស់​អ្នកស្រុក ។​ ​កាលពី​ថ្ងៃ​ទី​១៨​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៤៩​ ​ពេល​ចាប់ផ្ដើម​បុណ្យ​ ​ត្រូវ​ជួបជុំ​មេឃុំ​ទាំងអស់​ ​មេ​ស្នឹង​ ​អាចារ្យវត្ដ​ ​និង​ ​បណ្ដារាស្ដ្រ​ ​នៅ​ទីកន្លែង​អ្នកតា ។​ ​ពេល​ម៉ោង​៦​ល្ងាច​ ​មេ​ស្មឹង​អុជ​ទៀន​ធូប​ទៅ​ជម្រាប​អ្នកតា​ថា “ថ្ងៃនេះ​ ​យើងខ្ញុំ​ជា​កូនចៅ​មក​ជួបជុំ​គ្នា​ធ្វើបុណ្យ​នៅ​ទី​នេះ​ជូន​លោកតា​ ​សុំ​ឱ្យ​យើង​ទាំងអស់​គ្នា​ ​បាន​សុខ​សប្បាយ” រួច​គេ​លេងភ្លេង​ថ្វាយ​ ​មាន​ភ្លេងខ្មែរ​ ​ភ្លេង​ពិណពាទ្យ​ ​ភ្លេង​ឆៃយ៉ាំ​ ​ភ្លេង​ត្រញាំងទា​ ​តាម​ធម្មតា​ឮ​សូរភ្លេង​ប្រគំ​ទ្រហឹង​អឺងកង​រំពង​ព្រៃ​ ​មនុស្ស​ចាស់​ក្មេង​ ​រទេះគោ​ ​រទេះក្របី​មក​ពី​ស្រុក​ឆ្ងាយៗ​មក​ជួបជុំ​គ្នា​មីរដេរដាស​នៅ​ទីនោះ ។​ ​ម៉ោង​៩​យប់​ ​ជួបជុំ​គ្នា​សូត្រ​នមស្ការ​ថ្វាយបង្គំ​ព្រះ​ ​រួច​និមន្ដ​ព្រះសង្ឃ​១០​អង្គ​ចម្រើន​ព្រះ​បរិត្ដ ។

លុះ ​ព្រឹក​ឡើង​ ​ថ្ងៃអាទិត្យ​ ​១៩ ខែ​ឆ្នាំ​ដដែល​ ​ពេល​ម៉ោង​៨​កន្លះ​ ​ពួក​មន្ដ្រីរាជការ​សាលា​ខេត្ត​ ​សាលាស្រុក​គ្រប់​តំណែង​អញ្ជើញ​ទៅ​ជួបជុំ​គ្នា​នៅ​កន្លែង​នោះ​ ​ហើយ​ចូល​ទៅ​ឈរ​នៅ​ខាង​ត្បូង​អ្នកតា​ ​មេ​ស្មឹង​ ​អុជ​ទៀន​ធូប​ជូន​ពួក​អស់​លោក​ដោត​ថ្វាយ​អ្នកតា​ ​ដោយ​សេចក្ដី​គោរព​ ​រួច​មេ​ស្មឹង​បង្គាប់​ឱ្យ​លើក​គ្រឿង​តង្វាយ​មក​រៀប​នៅ​លើ​រាន​ចំពោះ​មុខ​ អ្នកតា ។ តង្វាយ​អ្នកតា​គឺ ៖

  1. កន្ទេល​ក្រហម​ ​ខ្នើយ
  2. សំពត់​ស​ក្រាល​ពីលើ​កន្ទេល
  3. ស្លាធម៌​ដី​១​គូ (ដោត​ម្លូ​៥​ ​ធូប​៣​សរសៃ)
  4. ក្បាល​ជ្រូក​១​គូ​ ​មាន​ទាំង​កន្ទុយ​ដាក់​នៅ​មាត់​ផង
  5. ផ្តិល​ទឹកអប់​១​គូ​ ​ឈើស្ទន់​១
  6. ពានស្លា​បារី​១​គូ
  7. ដប​ស្រា​១ គូ​ ​មាន​ទាំង​ពែង
  8. ចេកនួន​២​ស្និត​ ​តម្កល់​លើ​ចានទាប
  9. បង្អែម​២​ស្ពក
  10. កន្ទោង​ស្លឹកចេក​១​គូ
  11. មាន់​ស្ងោរ​១​គូ
  12. ស្នែង​សត្វ​ទន្សោង​១​គូ

រណ្ដាប់ ​តង្វាយ​ទាំង​១២​មុខ​នេះ​ ​មាន​គូ​គ្រប់​ទាំងអស់​ ​សម្រាប់​ដាក់​ឆ្វេង​ស្ដាំ​ ​ក្រៅ​អំពី​តង្វាយ​ ​១២​មុខនេះ មាន​តង្វាយ​ដែល​អ្នកស្រុក​ថ្វាយ​ថែម​ទៀត​បរិបូណ៌​ត្រៀបត្រា​ដល់​ដៅ​លើរាន​ នោះ ។​ ​គេ​អុជ​ទៀន​ធូប​បែក​គ្នា​កាន់​ដើរ​ហែ​ប្រទក្សិណ​ជុំវិញ​អាស្រម​ ​ជា​ការ​គោរព​ចំពោះ​អ្នកតា​ ​និង​នឹក​ដល់​គុណ​លោក​ឧកញ៉ា​សេនាបតី​មឿង​ ​ដែល​ស៊ូ​ប្ដូរ​ជីវិត​យក​ឈាម​ក្រាល​ផែនដី​ ​មាន​កេរ្តិ៍​ឈ្មោះ​តាំងពី​គ​.ស​១៥១៦ ដរាប​មក​ដល់​សព្វ​ថ្ងៃនេះ​ ​ទើប​អ្នកស្រុក​សន្មត​ហៅ​ថា​ ​អ្នកតា​ឃ្លាំងមឿង ។​ ​គេ​រើស​រក​មនុស្ស​ឱ្យ​មាន​រូបរាង​ប៉ុនៗ​គ្នា​២​នាក់​ ​សម្រាប់​ពាក់​ស្នែង​សត្វ​ទន្សោង​ ​តែង​តួ​ស្លៀក​សំពត់​ផាមួង​ចងក្បិន​ខ្លួន​ទទេ​ ​អ្នក​រាំ​២​នាក់​ទៀត​ ​ធ្វើ​ព្រានព្រៃ​ម្នាក់​ស្ពាយ​កាំភ្លើង​ ​ម្នាក់​ស្ពាយ​បាយ​សំណុំ​ដើរ​តាម​ពីក្រោយ​ ​ស្លៀកពាក់​ដូច​គ្នា​នឹង​អ្នក​ពាក់​ស្នែងទន្សោង​ដែរ​ ​លុះ​ហែ​៣​ជុំ​រួច​ហើយ​ ​គេ​លេងភ្លេង​រាំ​ស្នែង​ទន្សា​ង​ ​ភ្លេង​នោះ​ឈ្មោះ​ ​“ភ្លេង​ភ្លាំង​” អ្នក​រាំ​ចាប់​ពាក់​ស្នែង​រួច​ក្រាប​ថ្វាយបង្គំ​អ្នកតា​៣​ដង​ ​ឡើង​រាំ​ដែរ​ ​ឆ្វេង​រៀងខ្លួន​ ​មក​ជួប​គ្នា​គម្រប់​៣ដង វារ​នឹង​ឌឺ​អួត​ដាក់​គា្ន​ ​ជល់​គ្នា​ដូច​សត្វ​មែនៗ​ ​ព្រានព្រៃ​ដើរ​រក​ស្នាម​ជើង​សត្វ​ទន្សោង​ ​ងើប​ឱនៗ​ ​ដើម្បី​តាម​បាញ់ ។ មនុស្ស​ឈរ​មើល​ពេញ​ទី​វាល​ ​នៅ​មុខ​អាស្រម​អ្នកតា​នោះ ។ ទំនុកច្រៀង ៖

  1. បង​ដើរ​ព្រៃស្ដុក​ ​តត្រុក​ព្រៃស្បាត ដើរ​កាត់​ព្រៃញាត​ ​លេចវាល​ចូល​ព្រៃៗ ។
  2. ឡើង ​ភ្នំ​ចុះ​ភ្នំ​ ​ថ្មដា​ធំៗ​ ល្បាស់ព្រេច​លាស់​ខ្ចីៗ​ ទន្សោង​គោបា​ ​កៀង​ញី​ឃ្មាតខ្មីៗ​ ​លាស់​ព្រេច​លាស់​ខ្ចី​ ​ស្រណោះ​ខែ​ពិសាខៗ ។
  3. កន្ដ្រែតៗ​អើយ​ ​ទន្សោង​គោបា​ ​លេច​បន្លា​ជើងភ្នំ​ ​លេប​ក្រមុំ​ទាំងមូលៗ ។
  4. ជំនោរ​ខ្យល់​បក់​ ​ត្រជាក់​ខ្យល់​ជួន​ ​កាប់​ឫស្សី​ចង​ក្បូន​ ​ជូន​ប្អូន​ទៅ​ស្រុកៗ ។
  5. កន្សែង​បង​បាត់​ ​បង​មិន​ស្ដាយ​ ​បំណាច់​ប្អូន​ឃ្លាត​ឆ្ងាយ​ បង​ស្ដាយ​តែ​ប្អូនស្រីៗ ។

ពួក ​អ្នកភ្លេង​ច្រៀង​ដរាប​ ​លុះ​ព្រាន​ទាំង​ពីរ​នាក់​ឃើញ​សត្វ​ទន្សោង​ដល់​គ្នា​ជាប់​ក្រាប​រៀងខ្លួន​ ​លប​បាញ់​បាន​ ​ទើប​ដោះ​យក​ស្នែង​សត្វ​ទន្សោង​ទាំង​ពីរ​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ​ ​(លេង​កន្លះ​ម៉ោង​ចប់) មេ​ស្មឹង​ចាប់​គ្រឿង​តង្វាយ​គ្រប់មុខ​ ​ដាក់​កន្ទេល​ចាក់​ស្រា​ ​ដោត​ធូប​៣​សរសៃ​រួច​និយាយ​បួងសួង​ថា​ ​“ថ្ងៃនេះ​ជា​ពេល​ល្អ​ ​យើងខ្ញុំ​មក​ជួបជុំ​គា្ន​ធ្វើបុណ្យ​ ​ឧទិស​កុសល​ចំពោះ​លោកតា​មឿង​ ​ដែល​មានគុណ​ចំណោះ​ស្រុក​ខ្មែរ​ ​សូម​លោកតា​ឱ្យ​ព្រះ​ពរ​សព្ទសាធុការ​ ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​បាន​សុខ​សប្បាយ​ ​សូម​ឱ្យ​ព្រះករុណា​ជា​ម្ចាស់​ជីវិតលើត្បូង​ ​សោយ​សេចក្ដីសុខ​ក្នុង​រាជសម្បត្ដិ​ ​ព្រមទាំង​មន្ដ្រី​រាជការ​ទាំង​អម្បាលម៉ាន​ក្នុង​ប្រទេស​កម្ពុជា​ ​សូម​ឱ្យ​បាន​សេចក្ដីសុខ​សប្បាយ​អស់​កាល​ជា​អង្វែង​រៀង​ទៅ​ ​សូម​ឱ្យ​ទឹកភ្លៀង​បង្អោរ​ចុះ​មក​ឱ្យ​បាន​សព្វ​ផែនដី​ប្រទេស​កម្ពុជា​ ​ឱ្យ​ស្រុក​សម្បូណ៌​សប្បាយ​ ​កុំឱ្យ​មាន​ភ័យ​អន្ដរាយ​អ្វី​ឡើយ ។​ ​បួងសួង​៣​ដង​ស្រេច​ហើយ​ យក​កន្ទោង​ទៅ​ដាក់​ក្រោម​ដើម​សំរោង​នៅ​មុខ​អាស្រម ។ រួច​លើក​គ្រឿង​តង្វាយ​ទាំងអស់​ចេញ ។ និមន្ដ​ព្រះសង្ឃ​៥​អង្គ​បង្សុកូល​ ​ពួក​ឧបាសក​សូត្រ​ឧទិស​ផល​ ​មេ​ស្មឹង​យក​ទឹកអប់​ប្រោះ​ទៅ​លើ​ដំបូក​ដែល​ជា​តួ​អ្នកតា​ ​ពួក​អ្នករាជការ​ ​ចៅហ្វាយខេត្ត​ ​ចៅហ្វាយស្រុក​ ​និង​មន្ដ្រី​តូចតាច​គ្រប់​តំណែង​ ​បាចទឹក​១​ផ្ដិលៗ​ម្នាក់​ ​រួច​អញ្ជើញ​ទៅ​រាប់បាត្រ​នៅ​វាល​មុខ​រោង​ព្រះសង្ឃ ។

ម៉ោង ​១១​ ​រៀប​ភោជនាហារ​លៀង​ពួក​មន្ដ្រី​សាលា​ខេត្ត​ ​សាលាស្រុក​ធំ​តូច​គ្រប់​តំណែង​ ​ដោយ​វត្ថុ​ដ៏​ឧត្ដម​ពិសា​ ​សប្បាយ​ ​មាន​លេងភ្លេង​ត្រញាំងទា​ ​មាន​ប្រុស​ស្រី​ច្រៀង​ត​គ្នា​ជូន​អស់​លោក​ស្ដាប់​ដល់​ម៉ោង​១២​ជា​ការ​ បង្ហើយ​កិច្ច ។

អំពី​ទំនៀម​រាំ​ពាក់​ ស្នែងទន្សោង​ ​និង​ពាក់​កន្ទុយក្ងោក​នេះ​ ​មាន​សេចក្ដី​ដំណាល​ថា​ ក្នុង​កាល​ដ៏​កន្លង​យូរ​មក​ហើយ​ ​(ស័ករាជ​ ​និង​រាជ្យ​ណា​មិន​ប្រាកដ) មាន​ដើមឈើ​១​ដើម​នៅ​ក្នុង​ស្រុក​ពោធិ៍សាត់ ។​ ​ថ្ងៃមួយ​ព្រានព្រៃ​២​នាក់​ ​មាន​ឈ្មោះ​មិន​ប្រាកដ​ ​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​រក​បាញ់​សត្វ​តាម​ទម្លាប់​របស់​ខ្លួន ។​ ​លុះ​ចូល​ទៅ​ដល់​ដើមឈើ​នោះ​ ​ឮ​សូរ​សម្លេង​សត្វ​កន្លង់​ពីរោះ​ ​ហាក់ដូច​សូរ​សម្លេង​ភ្លេង​តន្ដ្រី​លាន់ឮ​រងំ​ ​ដូច​ជា​សម្លេង​ទ្រ​សាយដៀវ​ ​ឃើញ​សត្វ​ទន្សោង​១​គូ​ ​លោត​កញ្ឆេង​ជល់​គ្នា​លេង​ ​ដូច​គេ​រាំ ។ មាន​សត្វ​ខ្លា​១​គូ​ ​ក្រាប​នៅ​ទីនោះ​វា​គោះ​កន្ទុយ​បក់​ដូច​ជា​គេ​វាយ​ស្គរ ។ មាន​សត្វ​ក្ងោក​១​គូ​ ​កាងស្លាប​បើក​កន្ទុយ​ ​លោត​ចុះ​លោត​ឡើង​ ​ហាក់ដូច​គេ​ចាក់​ត្លុក​ចាក់​ក្បាច់ ។ ព្រាន​ទាំង​ពីរ​នាក់​ ​លាន់មាត់​ថា​ ​“ឱ​ហ្ន៎ ! សត្វ​ទាំងនេះ​ប្លែក​ចម្លែក​អស្ចារ្យ​ ​សូរ​សម្លេង​សត្វ​កន្លង់​ដូច​សម្លេង​តូរ្យតន្ដ្រី​ ​សត្វ​ទន្សោង​ ​និង​សត្វ​ក្ងោក​ ​ដូច​ជា​អ្នក​រាំ​ចាក់​ក្បាច់​ ​សត្វ​ខ្លា​ដូច​ជា​អ្នក​វាយ​ស្គរ​បន្ទរ​តាម​ ​យើង​គួរ​ប្រកប​ធ្វើ​ជា​ភ្លេង​លេង​តាម​សត្វ​ទាំង​អស់នេះ​ទុកជា​កេរ្តិ៍​ឱ្យ​ កូនចៅ​ឯក្រោយ ៕

Copyright 2011 ស្មារតីខ្មែរ - ទំព័រសិក្សា. Designer Joomla templates powered by best poker sites. All Rights Reserved.