Print

 

សាវតារ​ខេត្ត​កំពត (រូប EAC)

បើ​យោង​តាម​ឯកសារ​ដែល​លោក ឌឿ វ៉ាន់ បាន​សរសេរ​ជូន​ក្រុម​ទំនៀម​ទម្លាប់​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​១៩៥៣ បាន​ឲ្យ​ដឹង​ថា បាន​ដឹង​ឮ​តាម​លោក ហាស់ ក្ដៀង អាយុ​៨៨​ឆ្នាំ និង​លោក ទៀប សំរិទ្ធិ អាយុ​៨៥​ឆ្នាំ និយាយ​ប្រាប់ ។ ការ​ធៀប​អត្ថបទ​របស់​លោក ឌឿ វ៉ាន់ ទៅ​នឹង​អត្ថបទ​របស់​លោក ម៉ាដ្រូល (Madrolle) ជា​ភាសា​បារាំង ឃើញ​មាន​កន្លែង​មួយ​មាន​ឈ្មោះ​ដូច​គ្នា សូម​ជូន​ប្រវត្តិ​ដូច​ត​ទៅ​នេះ ៖

តាម​ឯកសារ​របស់​លោក ឌឿ វ៉ាន់

ក្រុង​កំពត ពី​ដើម​ដុះ​សុទ្ធ​តែ​កូន​ស្មាច់ កូន​ផ្អាវ នៅ​តាម​មាត់​សមុទ្រ​ដែល​ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​ជំនួញ​ចត​ទូក និង​សំពៅ ។ ត​ក្រោយ​មក មាន​ចិន​យួន​ចាម​ទៅ​សង់​ខ្ទម​នៅ​ជា​កំប៉ូតៗទទឹង​ថ្ងៃ នៅ​តាម​បណ្ដោយ​មាត់​ព្រែក​ដៃ​សមុទ្រ ដើម្បី​រក​ស៊ី​លក់​ដូរ ។ កន្លែង​ដែល​ចាម ចិន យួន មក​សង់​ខ្ទម​នៅ គេ​សង្កេត​ទៅ​ឃើញ​ជា​កំប៉េត​កំប៉ូត ទើប​គេ​សន្មត​ហៅ​ថា «ភូមិ​កំប៉ូត» ។

ចំណេរ ​ក្រោយ​មក ទឹក​សមុទ្រ​កាន់​តែ​ថយ​ទៅៗ ទើប​មាន​ដី​ខ្សាច់​ដុះ​នា​ឡើង ដើម​ឈើ​ក៏​ដុះ​មក​ជា​លំដាប់​ដែរ ហើយ​ខ្មែរ ចិន យួន ចាម ជ្វា ក៏​ហ៊ាន​សង់​ផ្ទះ​ខ្ពស់ៗ​ឡើង ព្រោះ​ថា​បើ​មាន​ខ្យល់​មក បាន​ដើម​ឈើ​គ្រាន់​ការពារ​ផ្ទះ​សម្បែង ។

ពេល​ ដែល​មាន​ផ្ទះ​នៅ​ហើយ អ្នក​លក់ដូរ​ធ្វើ​តៀម​លក់​បាយ​សម្រាប់​ឈ្មួញ​អម្រែក ចិន យួន ចាម ជ្វា និង​ពួក​ឈ្មួញ​ដែល​ចត​ទូក ឬ​ឈប់​ដំណើរ​ដើម្បី​បរិភោគ​បាយ​នៅ​កន្លែង​នោះ ។ ពេល​ក្រោយ​មក ពួក​ឈ្មួញ​ជើងគោក ជើង​ទឹក​ឲ្យ​ឈ្មោះ​ផ្សារ​កំប៉ូត ឬ​ភូមិ​កំប៉ូត​ថា «ផ្សារ​កំពង់បាយ» ។ នាម​ប្បញ្ញត្តិ​ទាំង​ពីរ​នេះ ប្រើ​ច្របូក​ច្របល់​គ្នា ខ្លះ​ហៅ​ថា «ផ្សារ​កំប៉ូត» ខ្លះ​ហៅ​ថា «ផ្សារ​កំពង់បាយ» តែ​ក្រោយ​មក​ទៀត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ថា «ខេត្ត​កំពត» ។

តាម​លោក ម៉ាដ្រូល (Madrolle)

ទីប្រជុំជន​នៅ​តាម​ឆ្នេរ​សមុទ្រ​មាន​ដុះ​សុទ្ធ​តែ​ដើម​ផ្អាវ ។ ទីប្រជុំជន​នេះ​មាន​សង្កាត់​ជាច្រើន តែ​កន្លែង​ដែល​ឈ្មោះ​ថា «កំពត» សព្វថ្ងៃ​នេះ​ហៅ​ថា «កំពង់បាយ» ។

លោក ម៉ាដ្រូល និង​លោក ឌឿ វ៉ាន់ ថា «កំពង់បាយ» ដូច​គ្នា តែ​ត្រង់​លោក ឌឿ វ៉ាន់ ថា​ផ្សារ​កំប៉ូត ឃើញ​ថា​ប្លែក​គ្នា តែ​មាន​ឃ្លា​មួយ​លោក ម៉ាដ្រូល ថា​កំពត​ប្រហែល​មក​ពី​ពាក្យ​កម្ពុជា ។ ត្រង់​នេះ បើ​តាម​យោបល់​លោក ឌឹក គាម យល់​ថា លោក ម៉ាដ្រូល សន្និដ្ឋាន​ថា​មក​ពី​ពាក្យ​កម្ពុជា​ដូចជា​សម​ដែរ ។ រឿង​នេះ​តាម​អក្ខរាវិរុទ្ធ​ថា «កម្ពុជា» គេ​អាច​សរសេរ​ទៅ​ជា «កម្ពុជរដ្ឋ» ដល់​គេ​កាត់​រដ្ឋ​ចេញ​ទៅ​នៅ​សល់​តែ​ «កម្ពុជ» ។ នៅ​ពេល​ក្រុង​កំពត​កំពុង​តែ​កកើត លោក ឌឹក គាម សន្និដ្ឋាន​ថា មាន​ឈ្មួញ​ជាតិ​សៀម​តាម​សមុទ្រ​មក​ឈប់​អាស្រ័យ​បាយ​នៅ​ត្រង់​កន្លែង​នោះ ។ ភាសា​សៀម ពាក្យ​ថា «កម្ពុជ» អាន​ថា «កម្ពុត» ដល់​យូរៗ​ទៅ ដោយ​សេចក្ដី​ធ្វេស​ប្រហែស​បាត់​ស្រះ «» នៅ​សល់​តែ​ «កំពត» ។

សរុប​សេចក្ដី ឃើញ​ថា​លោក ឌឿ វ៉ាន់ និយាយ​ថា «ផ្សារ​កំប៉ូត» ក្លាយ​ទៅ​ជា «កំពត» ឯ​លោក ម៉ាដ្រូល ថា​មក​ពី «កម្ពុជា» ក្លាយ​ទៅ​ជា «កំពត» ។ ពាក្យ​របស់​លោក ឌឿ វ៉ាន់ «ផ្សារ​កំប៉ូត» សម​ទៅ​តាម​សូរ (កំប៉ូត កំពត) ឯ​ពាក្យ​លោក ម៉ាដ្រូល «កម្ពុជា» ទៅ​តាម​អក្ខរាវិរុទ្ធ (កម្ពុជា កម្ពុជ > កំពត) ។ ចំពោះ​រឿង​នេះ សូម​អ្នក​អាន​ទាំងឡាយ​ជួយ​វិនិច្ឆ័យ​ផង​ចុះ ។

ដក​ស្រង់​ពី​សៀវភៅ​សាវតារ​ទាក់ទង​ភូមិ​សាស្ត្រ​ខ្មែរ ដោយ ឌឹក គាម

Copyright 2011 ស្មារតីខ្មែរ - សាវតារ ខេត្តកំពត. Designer Joomla templates powered by best poker sites. All Rights Reserved.