កំណាព្យ រំលឹកគុណគ្រូ
បទកាកគតិ
-
ថ្ងៃប្រាំតុលា................ប្រវត្តិបានចារ...................ពេញក្នុងសាកល
ជាថ្ងៃរំលឹក..................គុណឲ្យបានដល់.............គ្រូក្នុងសកល
ថាមានតម្លៃ។ -
គ្រូតូចគ្រូធំ..................គ្រូគេគ្រូខ្ញុំ........................សុទ្ធតែថ្លាថ្លៃ
មានគុណដូចគ្នា..........គ្រូផ្តល់សិរី.......................ដល់សិស្សគ្រប់វ័យ
ឲ្យមានចំណេះ។ -
គ្រូនៅបឋម.................ប្រសើរឧត្តម.....................បង្រៀនឲ្យចេះ
ដឹកដៃសរសេរ.............ចំណោទចំណេះ................នព្វន្ធពិសេស
សូត្រអានអក្សរ។ -
គ្រូនៅមធ្យម................ប្រសើរភិរម្យ.......................បង្រៀនបន្ត
ចំណេះទូទៅ................សិស្សឲ្យបានល្អ..................ឲ្យស្រស់បវរ
ដូចជាបុត្រខ្លួន។ -
គ្រូនៅឧត្តម..................លោកបានខិតខំ...................យ៉ាងច្រើនខ្ជាប់ខ្ជួន
បង្រៀនជំនាញ.............ឲ្យបានមាំមួន.......................សិស្សរបស់ខ្លួន
ដល់ត្រើយវិជ្ជា។ -
ទោះមានជីវភាព............គ្រូនៅទន់ទាប......................ក៏លោកមិនរា
នៅតែបង្រៀន................ដល់សិស្សគ្រប់គ្នា................ជីវិតវេទនា
តែសីលធម៌ពេញ។ -
ទោះត្រូវគេដៀល.............ថាគ្មានប្រាក់រៀល................ដុល្លារចំណេញ
គ្រូស៊ីក្រដាស....................លោកមិនទោរម្នេញ.............គ្រូមិនចាកចេញ
ពីជំនាញគ្រូ។ -
ពេលខ្លះត្រូវសិស្ស.............ចាក់ដោតឆ្កៀលឆ្កឹះ...............ត្អូញត្អែររអ៊ូ
មិនចូលចិត្តស្តាប់...............ពាក្យទូន្មានគ្រូ......................លោកមិនទូមូរ
នៅតែបង្រៀន។ -
គ្រូជាពុកម៉ែ........................ព្រះដ៏ពូកែ.............................ជ្រោមសិស្សឲ្យរៀន
ជាព្រះទីពីរ.........................គុណធំលោកមាន..................សិស្សកុំស្ងៀម
តបគុណលោកផង។
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១១ តែងពីម៉ោង៨និង៣០នាទី ដល់ ម៉ោង ៩និង២០នាទីយប់
ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១១ តែងពីម៉ោង៥និង៣០នាទី ដល់ ម៉ោង ៦និង៣៩នាទីព្រឹក។


