ច្បាប់កូនចៅ(ល្បើក)
បទព្រហ្មគិតិ
១/ឨកូនស្ងូនតែមួយ ទុកជាត្រួយត្រួលគំនិត
កូនអើយមាសតាំងចិត្ត តាំងចរិតគិតឨយឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ ។
ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង ។
បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង
មើយយល់តែម្នាក់ឯង មិនយល់គេឯងទៀតផង ។
៥/នឹងស៊ីចង់ពិសា ខ្ជិលទំពារឨយម៉ត់ហ្មង
យល់នាមថាជាបង យល់ឯងផងថាជាក្មួយ ។
យល់តាថាជាដូន យល់ឯកូនថាជាក្មូយ
យល់ពីថាជាមួយ យល់ឯព្រួយថាជាសុខ ។
យល់ទោសថាជាគុណ យល់ឯបុណ្យថាជានរក
យល់ល្អថាជាអាក្រក់ យល់លាកថាជាផ្កា ។
ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា យល់គថាជាកណ្តុរ ។
នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហលកំហុសមាន ។
១០/អ្នកប្រាជ្ញាកាន់ពាក្យទៀង កុំឨយល្អៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា ។
ពាក្យនេះពីព្រេងព្រឹទ្ធ គួរឨយគិតពិចារណា
កុំអួតអាងអាត្មា ថាចំណេះចំណាំមាន ។
ដេកយប់កុំដេកថ្ងូរ ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា ។
លើកដាក់តាមកំលាំង កុំភើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឨយជា កុំសសន់រាន់សៅដៅ ។
ទោះដើរកុំរួសរាន់ គិតឨយគ្រាន់សឹមដើរទៅ
កុំឨយអាប់អាស្រូវ កើតដំនៀលដល់អាត្មា ។
១៥/កុំយល់ឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា
កុំអាងតែប្រាជ្ញា ចោលក្បូនច្បាប់លោកព្រងនាយ ។
ស្រដីឨយស្រួចស្រេច គិតសេចគ្រេចកុំគិតងាយ
រំពឹងឨយវែងឆ្ងាយ យល់លង្វែកសព្វនានា ។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឨយបាន ។
កាន់កពស់ឨយខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ
អូសទូកកុំឨយល្អាន ទឹកថ្លាលោតកុំឨយល្អក់ ។
ស្លឹកឈើឥតកំរើក បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា ។
យល់តូចកុំអាលខំ គួរសន្សំយកជាគ្នា
បានច្រើនកុំអាលពារ សន្សឹមតិចៗរៀងទៅ ។
អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅនូវសំប៉ាន ។
អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ ។
រក្សាទៅមុខវឹង ឥតកំដឹងអស់អម្បាល
ចំណេរចេរកាន់កាល ដូចរបងស្រាស់បន្លា ។
កុំឆីឆ្អែតតែឯង មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានក្នុងផ្ទៃផ្សា ឨយឆីរ៉ាបានឆ្អែតផង ។
២៥/កុំមានចិត្តលលើ ពឹងក្រពើឨយចំលង
កុំកាច់អុសរបង វាំងចំណារឯអាត្មា ។
មានទូកឨយមានថ្នោល មានបង្គោលមានយុថ្កា
ទាំងពួងទាំងច្រវា ជើងចែវណាឨយសព្វគ្រប់ ។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត ។
ពាក្យព្រេងគិតគួរចាំ ជាបណ្តាំបណ្តៅចិត្ត
ពាក្យព្រេងគួរឨយគិត គិតរំពឹងឨយគ្រប់គ្រាន់ ។
ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់ កំនត់នៅឥតឃ្លាតឃ្លា ។
៣០/តែងតពាក្យទៅទៀង កុំបៀនបៀតអ្នកព្រឹទ្ធា
កុំសង់ផ្ទះបៀតធ្លា ស្រីសាធារណ៍បពុំគង់ទ្រព្យ ។
ស្រីស្រាលខ្លៅប្រច័ណ្ឌ ស្តីជញ្ជាន់ថាពុំគាប់
ពាក្យនេះឥតគេរាប់ ពាលរែងស្អប់ពាក្យមេបា ។
ប្រឡែងរែងច្រើនឈ្លោះ ពាក្យទ្រគោះច្រើនគេថា
កំណាញ់កើតនិន្ទា នឹងសាធារណ៍ពុំគង់ទ្រព្យ ។
កូនកាចរែងចាញ់ម្តាយ ពាក្យពាយងាយគេរែងស្អប់
ខ្ចីទ្រព្យគេកញ្ចប់ រកគេទៀតគេថាគ្មាន ។
អ្នកទាបរែងស្អប់ខ្ពស់ ត្បិតពឹងយសគេពុំបាន
អ្នកខ្សត់ស្អប់អ្នកមាន ត្បិតពុំបានឨយពឹងទ្រព្យ ។
អ្នកខ្លៅរែងស្អប់ចេះ ត្បិតតំរេះគិតគំនាប់
អ្នកខុសរែងស្អប់គាប់ ត្បិតគេរាប់តែអ្នកត្រូវ ។
ពាក្យនេះអស់ម្ល៉េះហើយ កូនចៅអើយយកទុកទៅ
គ្រាន់បានប្រៀនប្រដៅ តកូនចៅផៅសន្តាន ។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឨវាទទាន ជាសូររេចម្ល៉េះឯងហោង ។


