យកខ្លួនជាមិត្រ
បើយកខ្លួនឯងជាសត្រូវ តើពេលណាទៅទើបស្គាល់សុខ
ខ្លួនទីពឹងខ្លួនជាប្រមុខ ទើបរួចផុតទុក្ខទោសនានា។
សត្រូវដ៏ធំគឺកិលេស ដែលតាមចងស្រែះគ្រប់វេលា
កិលេសស្រាន្តទៅទើបរមនា ស្បើយកម្មស្បើយពៀរ លែងត្រាច់ (១) ឆ្លង។
ខ្លួនយើងនេះហើយជាសេនា ងើបឡើងកាប់ឆ្ការនូវសៅហ្មង
រំលើងឫសគល់កិលេសផង កាត់ភាពឆ្គាំឆ្គងមិនអោយសាយ។
ខ្លួនជាទីពឹងមហិមា អាចបំបែកមារអោយខ្ចាត់ខ្ចាយ
ដោយកម្លាំងចិត្តឥតរាយមាយ តតាំងលុកវាយដូចទ័ពស្រួច។
ខ្លួនជាជំនួយពេលខ្សត់ខ្សោយ ទោះដៃជើងរោយក៏ស៊ូផ្ដួច
ផ្ដើមចិត្តប្រឹងថែមអោយផុតរួច ទោះបានតិចតួចក៏ហានក្លា។
ខ្លួនយើងអស្ចារ្យដូចបរិយាយ ញាតិផងទាំងឡាយសូមពិចារ
ខ្លួនមានសតិនិងបញ្ញា យោងនាំអាត្មាទៅរុងរឿង៕
«យកខ្លួនជាមិត្រ ទើបជីវិតរុងរឿង»
(១) ត្រាច់ ( កិ. ) ដើរ, ចរ, អន្ទោល : ត្រាច់ទៅ
និពន្ធដោយ នភ ហង្សផលា ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១១


