ក្រុមគ្រួសារ
ក្រុមគ្រួសារ
គេហាសុខដុមរស់សុខស្រួល
ផែនភពទទួលពេចន៍មេត្រី
ចំណងភរិយានិងស្វាមី
បុត្រាបុត្រី ជាក្រុមញាតិ។
ជាកោសិកានៃសង្គម
ខ្ជាប់ខ្ជួនអប់រំឥតឃ្លាឃ្លាត
ថែគ្រួ ប្រយោជន៍ទៅដល់ជាតិ
កូនល្អ មារយាទ កបលក្ខិណា។
ពោរពេញដោយស្នាមញញឹមគាប់
វៀរលែងការស្អប់គ្នានិងគ្នា
មានក្តីមេត្តា កុរុណា
ខន្តី អាចវៀរការប្រឈ្លោះ។
ម្នាក់ខឹង ម្នាក់អត់ មិនតបត
កុំនាំបង្ករ ពាក្យអសុរោះ
ខឹងតិចក្តិចចោល កុំថ្កោលទោស
ទើបគ្រួមានយសរស់កក់ក្តៅ។
ជន្ទល់គ្រួសារដ៏រឹងមាំ
ត្រូវចេះថែទាំការរស់នៅ
ផ្តល់ក្តីស្រឡាញ់ មួយសំពៅ
យល់ចិត្ត ជម្រៅ ដៅល្អល្អះ។
លួងលោម ប្រៀបដូច សន្សើម ផ្កា
ប្រោះព្រំចិន្តា ដោយស្មោះស្ម័គ
រំលោះទុក្ខសោក ប៉ងត្របាក់
រំលែករាក់ទាក់ ដោយស្វាគមន៍។
ហឹង្សា គួរវៀសចៀសឲ្យឆ្ងាយ
កំហឹង រសាយ មិនឆេះងំ
ថែគ្រួ រឹងរិតតែឩត្តម
នេះជាក្រិតក្រមសុខមង្គល។