មនោរម្មណ៍ រណ្តំចិត្ត
មនោរម្មណ៍ រណ្តំចិត្ត
សុរិយោទ័យយាសយាត្រា
បំភ្លឺលោកាជាប្រក្រតី
ឯ ឧឡុរាជ ពេលរាត្រី
ប្រលោមបមបីសត្តនិករ។
ប្រៀបហិមាល័យនិស្ស័យផ្កា
និងហ្វូងភូមិរាក្រវែលឆរ
ដៀវដៀសដឹកដងល្គឹកល្គងហ្ន
ដេរដាសលោមពណ៌ក្រេបលំអង។
រីហ្វូងបក្សាចាកសំបុក
ឆៀវឆាបខ្ញីខ្ញុក ព្រោះបំណង
ស្វែងរកចំណី និងបុត្រផង
ពេលល្ងាចជួបម្តងនឹងបុត្រភ្ងា។
ពណ៌នាបែបកាព្យខាបហឬទ័យ
ផ្គូរផ្គងអត្ថន័យល្បះឃ្លោងឃ្លា
ជាមន្តសណ្តំលួងទ័យា
ឲ្យស្បើយមួយគ្រាពីកង្វល់។
ជីវិតនៅក្នុងភវាភព
មិឆ្ឆាគ្រងគ្រប់ ឥតស្កប់់ស្កល់
ចំណងបញ្ហានាំអំពល់
ច្នេះផ្តាច់កុំសល់នូវកិលេស។
ប្រៀបដូចធម្មជាតិដ៏ស្រស់ស្អាត
សន្ធឹងឥតឃ្លាត សម្ញែងម្ល៉េះ
នាំចិត្តកវីស្តីឥតធ្វេស
ច្បិចក្តិចចំណេះលុតលំអាន។
បែបបទរណ្តំ់រាយពាក្យព្យាង្គ
រៀងរាយជួរសៀង ខ្នាតបុរាណ
ចំណាំចាំចេះពុធជនបាន
ច្រើនបែបសណ្ឋានក្នុងសាស្ត្រា។
ឧយ្យានកាព្យសាស្ត្របង្កប់ន័យ
អត្ថរសអត្ថន័យ ល្បើកល្បោយចារ
ប្រលោមប្រាស្រ័យ ដល់នេត្រា
ឲ្យគិតប្រាថ្នាបានអានទៀត។
អ្នកប្រាជ្ញប្រាថ្នាបំភ្លឺផ្លូវ
ដល់ជនល្ងង់ខ្លៅ មានមារយាទ
ឲ្យចេះពិចារណ៍ការគ្រប់ស្នៀត
លោកក្រងក្បួនខ្នាតទុកឲ្យយើង។
ឧឡុរាជ=ព្រះច័ន្ទ
ភវាភព=ភពតូចនិងធំ។