ក្តីស្រឡាញ់របស់ម៉ែ
ក្តីស្រឡាញ់របស់ម៉ែ
ក្តីស្រឡាញ់នេះឥតប្រួលប្រែ
ទោះរយថ្ងៃខែ នៅស្ថិតស្ថេរ
កាលកូននៅតូចម៉ែបំពេរ
ថ្នាក់ថ្នមធួនថែគ្រប់វេលា។
ពេលកូនទៅឆ្ងាយម៉ែរឭក
ដួងចិត្តភ្នកនឹកតែពុំងា
បន់ព្រះសំពះដល់ទេវតា
សូមជួយរក្សាកូនបានសុខ។
រំពឹងទ្រឹងគិតត្បិតមាសស្ងួន
យប់យន់ស្ងាត់សូន្យ ចង់ឃើញមុខ
ទន្ទឹងទន្ទេញទោម្នេញស្មុគ
កូនអើយសុខទុក្ខដូចម្តេចម្តា។
នេះទឹកចិត្តម្តាយមិនណាយគិត
រំពើកព្រោះត្បិតកូនឃ្លាតឃ្លា
ចង់ឲ្យកូនក្បែរណាស្ងួនភ្ងា
នៅប្របមាតាជាប់ខ្សែភ្នែក។
បើកូនបានសុខ ម៉ែសុខដែរ
បើកូនទុក្ខទ្វេ ម៉ែយំយែក
ព្រោះបេះដូងម៉ែមិនអាចញែក
រូបកូនឃ្លាតបែកចេញបានឡើយ។
ម៉ែញញឹម បានដោយមោទនៈ
បើកូនម៉ែម្នាក់បានដល់ត្រើយ
សុខដុមរុងរឿង អំណរហើយ
នេះជាចម្លើយ បរិសុទ្ធចិត្ត។