ព្រហ្ម
ព្រហ្ម
ម៉ែឪ ជាព្រហ្មរបស់កូន
សណ្តោងសណ្តូនកូនដល់ត្រើយ
ទោះជាហត់នឿយ មិនត្អូញឡើយ
ចិត្តគិតឥតស្បើយដល់រូបបុត្រ។
មេត្តា ករុណា មុទិតា
និងឧបេក្ខាមិនដែលច្យុតិ
ផ្តល់ការអប់រំប្រសើរផុត
នៅនឹកគិតបុត្រគ្រប់ដង្ហើម។
ព្រហ្មវិហារនេះផ្សាយចេញទៅ
ដល់កូនឆោមឆ្លៅយ៉ាងសម្បើម
គុណូបការៈល្អថ្លៃថ្លើម
ចង់ឲ្យបុត្រឆ្នើម ល្អពេកក្តាត់។
រីព្រះសម្មា និងអរហន្ត
ជាវិញ្ញូជន ព្រហ្ម ប្រោសសត្វ
មានព្រហ្មចរិយា ក្រាលមធ្យ័ត
ត្រាយផ្លូវល្អក្តាត់ដល់សត្វលោក។
រីព្រហ្មវិហារល្អឥតផ្ទឹម
ផ្តល់ក្តីសង្ឃឹម មេត្តាឈ្ងោក
ករុណា មុទិតា អំណរ មក
ឧបេក្ខា ជ្រក ស្មោះភក្តី។
ព្រហ្មធម៌ តែងចរនៅក្នុងចិត្ត
ម៉ែឪ កៀកកិត ដិតមមៃ
ជាទេយ្យទានពិតដល់បុត្រថ្លៃ
ទានវិសេសក្រៃមិនរីងស្ងួត។