មមៃគិត
មមៃគិត
មមៃគិត រិតច្រាសច្រួល ផ្តួលផ្តេកព្រួយ
ចង់លើកស្ទួយ ជួយមាតុភូមិ កុំមានភ័យ
វិវាទខ្មែរ កែកុនដោះ ស្រុះឃ្មាតខ្មី
រឿងរ៉ាវអ្វី លៃសម្រួល មួលចំណង។
បើខ្មែររួម ផ្តុំសន្តិ រិះគ្នេរគិត
ដោយបើកចិត្ត គិតប្រទេស នេះចម្បង
ប្រយោជន៍ជាតិ ញាតិខេមរា ប្រាថ្នាក្រង
រួមប្អូនបង ចងចិត្តគ្នា ជាខ្មែរមួយ។
នោះសត្រូវ នៅមិនយូរ រុះរើខ្ចាយ
ខ្មែររួមកាយ ស្ពាយមនសិការ ភារកិច្ចជួយ
ជាតិលូតលាស់ ស្រស់ប៉ប្រឹម ទឹមបោះពួយ
រាស្ត្រជំនួយ ព្រួយរសាយ ស្រាយស្រស់បស់។