ស្តើង
ស្តើង
បើស្តើងកិលេសនាំចិត្តស្ងប់
ស្តើងនូវក្តីលោភនាំរីករាយ
ស្តើងនូវការឈ្លោះ ចិត្តរសាយ
ស្តើងខឹងនាំកាយសុខភាពល្អ។
ស្តើងចិត្តគំនុំបញ្ចប់ពៀរ
ស្តើងចិត្តនិន្ទា ឆ្ពោះផ្លូវធម៌
ស្តើងក្តីមានៈ ចៀសវឹកវរ
ស្តើងកំណាញ់ ចរ មានញាតិផៅ។
ស្តើងចិត្តមិឆ្ឆា នាំឲ្យគិត
ស្តើងពាលជាមិត្ត បាត់ហ្មងសៅ
ស្តើងរឿងសុរា បានត្រឹមត្រូវ
ស្តើងរស់ល្ងង់ខ្លៅ បានចំណេះ។
ស្តើងក្តីកម្ជិល បានឧស្សាហ៍
ចម្រើនការងារ ល្អអ្វីម្ល៉េះ
ស្តើងនូវក្តីទុក្ខ ពិតវិសេស
រស់មិនទ្វេរធ្វេស ជួបមង្គល។
ស្តើងរឿងទុកដាក់នាំរាយមាយ
ស្តើងរឿងខ្វល់ខ្វាយបានសុខសល់
ស្តើងមុខក្រៀមក្រំ ញញឹមផ្តល់
ស្តើងនូវការឆ្ងល់ដំរេះស្តួច។
ស្តើងការទាក់ទងរំលងញាតិ
ស្តើងគិតរឿងជាតិ មុខខ្មាំងលួច
ស្តើងការព្យាយាម បានតិចតួច
ច្នេះគិតសម្រួច ដោយពិចារណ៍។