សួគ៌ាអ្នកខើច
សួគ៌ាអ្នកខើច
មិនថាក្លិនស្រោចអាសោចប៉ុនណា
ក្នុងដួងចិន្តាស្រស់ថ្លាគួរគាប់
របរសុចរិតនិត្យជាទម្លាប់
កកាយ កទ្រព្យសាងភព្វលាភជ័យ។
ដែនដីសម្រាមច្បាមល្ងាចច្បាមព្រឹក
ប្រញាយប្រញឹកវឹកវាតឃ្មាតខ្មី
ក្រែងបានរបស់លក់ស្អែកព្រឹកថ្មី
សន្សំសំចៃដើម្បីគ្រួសារ។
ដំបូលកៅស៊ូជញ្ជាំងក្រដាស
រស់នៅខើចណាស់យ៉ាកនឹងវាចា
បានព្រឹកខ្វះល្ងាចស្រេកឃ្លានឈឺផ្សា
ត្អូញប្រាប់នរណាអោយគេនឹងស្តាប់?
មានតែប្រឹងទ្រាំតាមកម្មតាមផល
ធ្វើការរចល់មិនស៊ូដេកស្លាប់
តក់ៗព្យាយាមអត្តភាពជាញជាប់
បុណ្យផលគួរគាប់ភព្វបានដោយសាង។
សង្ឃឹមថ្ងៃមួយបានជម្រកថ្មី
សសរដោតថ្មីលើដីស្អិតស្អាង
មានដំបូលជិតលែងរត់តូងតាង
មានភ្លៀងធ្លាក់ខ្លាំងលែងព្រួយរងា។
ថ្វីត្បិតថ្ងៃនេះត្រឹមប្រក់កៅស៊ូ
ស្អែកច្បាស់បានប្តូរមានផ្ទះរមនា
អោយតែប្រឹងខំប្រឹងប្រែងម្នីម្នា
ថ្ងៃមួយគង់ជាជួបផលសម្រេច។