កម្រងកំណាព្យ (១)
ឆ្លាក់
ឆ្លាក់ចិត្តគំនិតស្មារតីខ្មែរ
សាយសព្វហូរហែពេញនគរ
ខ្មែរពូជល្បាញល្បីសាងអង្គរ
មនុស្សម្នាសាទរស្ងើចស្នាដៃ។
ឆ្លាក់មោទនភាពអោយរស់រុង
ស្ទួយជាតិផូរផង់រឹតថ្លាថ្លៃ
ឆ្លាក់ទាំងគុណធម៌ តនិស្ស័យ
នាំខ្មែរប្រពៃក្សេមគ្រប់គ្រា។
ឆ្លាក់ភាពអង់អាចគ្មានគេផ្ទឹម
ឆ្លាក់ស្នាមញញឹមជ្រាបធម្មា
ឆ្លាក់សាមគ្គីភាពរួបរួមគ្នា
ឆ្លាក់ចិត្តការពារស្រឡាញ់ជាតិ។
ឆ្លាក់ដួងព្រលឹងខ្មែរអមតៈ
ឆ្លាក់នូវសច្ចៈថែព្រោងព្រាត
ឆ្លាក់ធម៌មេត្តាផុតវិវាទ
ឆ្លាក់ហើយឆ្លាក់ទៀត ឆ្លាក់ជាតិយើងថ្កើង!
«ស៊ូ»
នៅមានជីវិតត្រូវតស៊ូ
កុំដេករអ៊ូឥតបានការ
ធ្វើនេះធ្វើនោះតាមសម្មា
ធ្លាប់ខ្លួនឧស្សាហ៍ កើនប្រយោជន៍។
មិនថាលោកនេះអាក្រក់ល្អ
គួរប្រឹងត្រដរលុះរុងរោចន៍
ការកេរ្ដ៍បានល្អចៀសអសោច
រស់នៅយ៉ាងហោច គេស្រឡាញ់។
បើសិនជាគ្មានទីពំនាក់
សូមញាតិឆាប់ភ្ញាក់គិត «អង្គអញ»
ដាស់ព្រះក្នុងខ្លួនកុំអាលចាញ់
ប្រឹងអោយត្របាញ់ ទោះម្ដេចម្ដា។
តស៊ូស្វិតស្វាញដោយស្វាហាប់
មិនយូរមិនឆាប់គង់សុខា
ព្រះនៅក្នុងខ្លួនតាមរក្សា
ទោះដល់វ័យណា ក៏នៅតែមានសង្ឃឹម...