លឹម រង្សី
ភពឋានអង្គរ
ឰដ៏វេហាស៍ភ្លឺថ្លាថ្កើងថ្កាន
ប្រាសាទចំណានលើឋាននភា
ដូចព្រះកេតុភ្លឺគាប់ទ័យា
ក្រៃល្អសោភារមនាឥតបី ។
នោះជាប្រាសាទអង្គរវត្តយើង
មនុស្សលោកតម្កើងផុតឋានលោកិយ
តាំងនៅឲ្យខ្ពស់ជូនជាតិដទៃ
ឲ្យឃើញសួល័យវប្បដ្ឋានអង្គរ។
ជាស្នាចម្លាក់ឆ្លាក់នៅពាន់ឆ្នាំ
ជាកេរបណ្តាំប្រចាំនគរ
លើដែនកម្ពុរឹងប៉ឹងលេចធ្លោ
មានជោគជយោជំហរកេរខ្មែរ ។