រី មុនីភីហ្សា
អំណាចទឹកចិត្ត
កវីនាងខ្ញុំសូមវន្ទា លើកផ្ចង់កាព្យាឃ្លាប្រតិបតិ្ត
លំទោនអោនសិរនិងលើកហត្ថ គាវរថ្វាយថ្វាត់សួគ៌សិរី ។
កំណាព្យនេះនឹងចារថ្លាថ្លែង អក្ខរាចារចែងថ្លែងសេចក្តី
អំណាចទឹកចិត្ត នូវអត្ថន័យ ប្រកួតស្នាដៃកំណាព្យជាតិ ។
កើតមកល្អណាស់បានជាមនុស្ស មានបុណ្យខ្ពស់ហួសសត្វឯទៀត
ប្រសើរថ្លៃថ្លាកើតមនុស្សជាតិ ផុតចាកឃ្លាងឃ្លាតពាក្យតិរច្ឆាន។
មនុស្សមានឆ្អឹងកងកែងនឹងដី មនុស្សមានស្មារតីអាចប្រើបាន
មនុស្សមានប្រាជ្ញាមនុស្សក្លាហាន មនុស្សខុសតិរិច្ឆានត្រង់បញ្ញា។
មនុស្សមានវិញ្ញាណមានជិវិត មនុស្សមានដួងចិត្តក្នុងកាយា
ដឹងខ្លួនថារស់ជាមនុស្សា បើសិនកាលណាមានព្រលឹង ។
Mind ប្រែថាចិត្ត ឬ ស្មារតី Soul ប្រែសេចក្តី នាំអោយដឹង
ឥន្រ្ទិយទាំងប្រាំព្រោះព្រលឹង Soul នាំអោយដឹងថាខ្លួនរស់ ។
ព្រលឹងសិ្ថតក្នុងរូបរាងកាយ មិនអាចទៅឆ្ងាយពីខ្លួនសោះ
បើសិនព្រលឹងហោះហើរហួស ជិវិតលែងរស់ បាត់ព្រលឹង ។
ចំនែក Spirit ដួងជិវិត ត្រូវ Soul បាំងបិទក្តោបជិតឈឹង
គឺ វិញ្ញាណ អោយស្គាល់អោយដឹង ហេតុការណ៍ដំណឹងអាសន្ន ឬ ស្លាប់ ។
ព្រលឹង ឬ ស្មារតី ឬ ចិត្ត អំពើគំនិត ខួរក្បាលបានប្រាប់
ទទួលឥទ្ធិពលពីខួរមកស្រាប់ ប្រើសំដៅប្រាប់ពីឥរិយាបថ ។
អាចស្តែងតាមផលនិងធម្មជាតិ ព្រមទាំងមាយាទជាក់ប្រាកដ
ចិត្តគ្រប់គ្រងលើឥរិយាបថ បែនបត់ ធម្មជាតិជនរាល់ប្រាណ ។
ក្នុងខ្លួនមនុស្សមួយវិញ្ញាណដប់ ប្រាំរាប់អោយគ្រប់ រូបវិញ្ញាណ
ឥន្រ្ទិយទាំងប្រាំមនុស្សរាល់ប្រាណ ខ្លះបាត់ ខ្លះមាន ខ្លះពិការ ។
ឥន្រិ្ទយទាំងប្រាំផ្តល់មានទាក់ទង ទំនាក់ទំនងដល់ប្រាជ្ញា
ខួរក្បាលបញ្ជាយល់ចលនា ឥន្ទ្រិយផ្ញើរសាររាយការណ៍ប្រាប់ ។
ចក្ខុបំភ្លឺផ្តល់រូបភាព ឆ្ងាយជិតខ្ពស់ទាបឃើញរៀបរាប់
ងងឹត ឬ ភ្លឺ ខ្មៅ ស្រអាប់ ភ្នែកមើលឃើញប្រាប់ថាជាអ្វី ។
ក្រហម ខៀវ ស ស្វាយ បៃតង លឿងស្រស់បំព្រង ពណ៌ចាស់ខ្ចី
ឃើញលោកត្រកាលស្រស់មានន័យ ដួងនេត្រតម្លៃលើសរត្ន័មណី ។
ត្រចៀកអ្នកស្តាប់សព្ទ័ហេតុការណ៍ សារសព្ទ័សងសារចរចារស្តី
សម្តីសម្លេងភ្លេងតន្រ្តី ពាក្យសព្ទ័ប្រុសស្រី កិច្ចសន្ទនារ ។
ដឹងដល់សូរសៀងស្នៀងរណ្តំ ឆូរឆររងំ គ្រាំគ្រាំ ក្រាក្រា
ត្រុកត្រុក តក់តក់ ផូស ផាស់ សញ្ញា មានអង្គសោតាវិញ្ញាណល្អពិត ។
ច្រមុះឃានៈ អ្នកផ្គត់ផ្គង់ ចិញ្ជឹមអនង្គអង្គប្រាណជិវិត
ស្រូបអុកស៊ីសែនចូលសួតវិចិត្រ បានរស់ព្រោះត្បិតឃានៈ ធ្វើការ ។
ស្រង់ស្រូបនូវរស ក្រអូបឆ្អិន ក្លិនក្លែប គន្ធពិដោរ ក្លិនផ្កា
ក៏ដឹងក្លិនស្អុយ ឈ្ងុយ ក្រយារ ក្លិនខ្លោច ក្លិនស្រា ក្លិនទឹកអប់ ។
ជិវ្ហិន ជាអ្នកនាំភាសា សុខទុក្ខសេ្នហា ស្រលាញ់ស្អប់
រលាស់ស្តោះលេបខាកខ្ជាក់ខ្ជប់ អាចនាំគេស្អប់ គេស្រលាញ់ ។
អណ្តាតអត់ឆ្អឹងដឹងរសជាតិ ប្រៃ សាប ផ្អែម ឆ្លៀតថែមគ្រឿងឆ្ងាញ់
ហឹរ ល្វីង ជូរ ចត់ ភ្លាវ ម្ហេត ខ្លាញ់ រិះគ្រឿងចំរាញ់ ឳជារស ។
ស្បែកស្រោបកាយាកាយវិញ្ញាណ ត្រជាក់ក្តៅប្រាណ ក្តិចឈឺ ហួស
ស្ទាបដឹងទន់រឹង ស្រួច គ្រាប់ក្រួស ដឹងបន្លាលួស ដឹងទាល មុត ។
ស្បែកស្ទាបដឹងក្តៅ ឧណ្ណ ត្រជាក់ ស្បែកប្រៀបដូចប្រាក់ការពារកាយ
បិទបាំងគ្រឿងក្នុង ពីអន្តរាយ អាវក្រោះខ្លួនស្ពាយពីកំណើត ។
នេះហៅវិញ្ញាណរូបទាំងប្រាំ រូបវន្ត័ចំនាំមានពេលកើត
ធម្មជាតិបានផ្តល់បានបង្កើត មានរូបកំណើតមានរូបវិញ្ញាណ ។
រីឯវិញ្ញាណទាំងប្រាំទៀត អរូបខ្មីឃ្មាតឃ្លាតមិនបាន
ស្ថិតក្នុងកាយាជាប់សន្តាន អរូបប៉ុន្មានសែនសំខាន់ ។
ព្រលឹងវិញ្ញាណ ចិត្តវិញ្ញាណ ជាក់ជាយាន្ត ជាអាត្ម័ន
សតិ តុលា ប្រាជ្ញា ជាខន្ធ័ ជាញ្ញាណសំខាន់សំរាប់ជិវិត ។
រីចិត្តវិញ្ញាណពិតមានសារៈ ប្រយោជន៍ល្អល្អះមនោបរពិត្រ
ផ្តល់នូវអារម្មណ៍ស្អិតស្អំផ្តេកផ្តិត ស្គាល់ស្នេហ៍ស្នាលស្និទ្ធរសជាតិលោកា ។
មនោរម្មណ៍នាំអោយចេះរំភើប ភ័យអរ ស្លុតស្ញើបព្រួយ ទុក្ខសោកា
ចេះខ្វល់ចេះខ្វាយសប្បាយខ្លោចផ្សារ ច្រណែននិន្ទាប្រចណ្ឌ័ ស្អប់ ខឹង ។
អោយចេះក្សេមក្សាន្ត ស្ងប់ស្ងៀមស្ងាត់ ចេះមានវិបត្តិ ខ្ជិល កំហឹង
មួម៉ៅ ប្រទុស្ត អំនួត ឌឺរឹង លោភលន់ អោយដឹង ចិត្តព្រើល មុសា ។
ស្រងេះស្រងោច ស្រងូតស្រងាត់ រលឹកពេលបាត់ នឹកស្ងាត់ ខ្លោចផ្សារ
ស្រណោះអាល័យ ក្រៀមក្រំ ឳរ៉ា ចំនង់ចិន្តា សង្រេង សប្បាយ។
រីចិត្តមួយនៃ ហៅ ចេតនា រម្មណ៍ប៉ងប្រាថ្នា មហិច្ឆតា ក្អាកក្អាយ
ចង់បាននេះនោះ ទោះនៅរៀងអាយ ទោះជិតទោះឆ្ងាយ ចិត្តប៉ងអោយបាន ។
ជាក្តីសង្ឃឹម ខិតខំប្រិតប្រឹង តស៊ូ ពង្រឹង បោះជំហាន
នាំជំនឿចិត្តពុះពារក្លាហាន ត្បិតព្រោះចង់បានបំពេញបំនង ។
នេះហើយមនោរម្មណ៍ និងចេតនា ស្ថិតក្នុងចិន្តាញ្ញាណអ្នកផង
មនុស្សម្នា មិន ឃ្លាតឃ្លាឡើយហោង តែងតែគួចផ្សងប៉ងនេះ នោះ ។
ឧបមាដូចរាណ៌អង្គយក្សា ចង់បានសិតាដែលជាមនុស្ស
លេចឮថាស្រីស្រស់សែនស្រស់ សំរស់ឥតខ្ចោះហួសអស់ស្រី ។
គ្រាន់ឮរំភើបយក្សស្រាលខ្លួន ភ្លេចដេកភ្លេចពួននឹកនួនស្រី
ធ្វើម្តេចមកបានថ្នាក់ថ្នមបី សិតាពិសីមកថ្នាក់ថ្នម ។
យក្សគិតថាអញស្តេចលង្ការ គួរបានសីតាមកប្រលោម
ផ្តេកផ្តិតលោមស្នេហ៍ទើបសមល្នម មកថ្នាក់មកថ្នមទើបសមយស ។
ដល់គិតថានាងមានព្រះរៀម រាណ៌ក្តៅឆេះឈ្ញៀមចិត្តប្រទុស្ត
អញជាក្រុងរាណ៌មិនទាន់ហួស យក្សគិតទៅឆ្ពោះរកសីតា ។
នេះហើយចិត្តយក្សចិត្តចង់បាន ចិត្តកលសៅមាន្យរោលកាមា
ដណ្តើមព្រះរៀមអង្គក្សត្រា ឆាបឆក់សីតាពីទ្រូងក្សត្រ ។
ព្រះរៀមកើតទុកព្រួយទោរម្នេញ សង្ខោចសង្ខេញសីតាបាត់
ស្វះស្វែងតាមរកពន់ពេកក្តាត់ ចេញចរយាងថ្វាត់ទៅលង្ការ ។
នេះហើយអំណាចនៃទឹកចិត្ត មិនថាជិវិតយក្សមនុស្សា
ព្រះឥន្រ្ទឥសូរព្រហ្មអវតា ហនុមានស្តេចស្វាក្រោមទឹកចិត្ត ។
សតិជាអ្នកប្រាប់ខុសត្រូវ ស្គាល់ជ្រោះស្គាល់ផ្លូវ ទៅឆ្ងាយជិត
ថាត្រូវធ្វើអ្វី ពិត មិនពិត សតិគំនិត អ្នកវែកញែក ។
មនុស្សខុសពីសត្វព្រោះសតិ បើមានពុទ្ធិ ពិតបែងចែក
អ្វីល្អ អ្វីអាក្រក់ អ្វីត្រូវញែក សតិអ្នកហែកចែកខុសត្រូវ ។
បើមានសតិគ្រប់គ្រាន់នោះ អស់សព្វទាំងមនុស្ស ពិតមានផ្លូវ
សតិ ឬសគល់ យល់ ខុសត្រូវ នោះល្អពេកកូវ ល្អឥតអាក់ ។
តែបើសិនណាសតិស្ទើរ នោះរាល់ទង្វើរ បាត់សច្ចៈ
អោយចិត្តគ្រងបានដោយលោភៈ អស់សម្បជញ្ញៈ ទោសៈ មោហា ។
ដូចអង្គដូនផាន់ម្តាយនាងទាវ ចិត្តលោភទ្រោបទ្រាល នឹងទ្រព្យា
លែងខ្លាចបញ្ញតិរាជបញ្ជា ចាប់ទាវរៀបការនឹងម៉ឺងងួន ។
ឬ ដូចព្រះរៀមខឹងសីតា ត្បិតភ្លើងស្នេហាឆេះស្រោបខ្លួន
ត្បិតភ្លើងប្រចណ្ឌ័ដុតផ្ទួតផ្ទួន ប្រើលក្ខណ៍ប្អូនស្ងួនវះយកថ្លើម ។
មិនគិតស្វែងយល់ពិចារណា នាំអោយទោសា ឆេះ សម្បើប
ខឹងណាស់ព្រះលក្ខណ៍វះយកថ្លើម ស្រស់សីតាឆ្នើម ស ឬ ខ្មៅ ។
បាត់អស់នូវទសពិធរាជធម៌ សច្ចៈបវរ ព្រោះចិត្តក្តៅ
ខឹងភ្លាម កាត់ទោស រូបឆោមឆ្លៅ មិន រក ស ខ្មៅ សីតាស្រី ។
បើចិត្តសង្កត់គ្រប់គ្រងបាន ចិត្តខ្លៅសៅមាន្យអរិត្ថិយ
ផ្តល់នាំទុក្ខទោសខុសឥតបី មនុស្សលោកគប្បីចេះថ្លឹងថ្លែង ។
មនុស្សកើតមកខុសព្រោះអវិជ្ជា នាំចិត្តពាលា សោកចំបែង
បើតាមព្រះពុទ្ធត្រាស់សម្តែង មនុស្សលោករមែងខ្វះបញ្ញា ។
បើមនុស្សសម្រេចនូវពុទ្ធិ នោះហើយសតិជ្រះភ្លឺថ្លា
ធ្វើម្តេចទើបបាននូវបញ្ញា គឺមនុស្សត្រូវការ សីល សមាធិ ។
បើសិនសតិ គ្រងចិត្តបាន ផុតចាកសៅមាន្យ ព្រោះពុទ្ធិ
សង្កត់ចិត្តដោយ សមាធិ អស់ពៀរព្យាធិ នំាក្តីសុខ ។
រីដូចអហឹង្ស ប្រព្រឹត្តខុស កើតក្តីទុរយស រកក្តីទុក្ខ
យកចិត្តលោភលន់ជាត្រីមុខ ដើរកាប់អុកឡុកជិវិតគេ ។
លើកដៃបំពានទាំងមាតា គិតចង់ប្រហារទំាងព្រះមេ
ព្រោះត្បិតខ្លួនចង់ខ្លាំងហួសគេ មិនគិតរិះរេភ្លេចបាបបុណ្យ ។
គិតចង់ប្រហារព្រះសម្ពុទ្ធ ខំស្រែកសម្លុត អោយសូន្យស៊ុន
ថានែ លោកសង្ឃអង្គតេជគុណ កុំទាន់ទៅមុន អញកាប់សិន ។
អាត្មាឈប់ហើយនៅឡើយញោម មិនគិតសង្រួម នៅជំពិន
ជំពាក់នូវកម្ម កម្មសង្កិន កម្មតាមខ្លួនមិន ខ្លួនមិនឈប់ ។
បន្ទាប់ពីស្តាប់សព្ទ័ពុដិកា ទ្រង់ត្រាស់ទេសនា ធម៌មកលប់
នូវសេចក្តីក្រោធឆោតសព្វគ្រប់ ទម្រំាខ្លួនឈប់ បាបអនន្ត ។
នេះ ព្រោះចិត្តខ្លាំងជឿតាមមិត្ត មិនគិតនាំអោយខ្លួនភាំងផន់
បង្កើតបាបកម្ម នាំអាសន្ន ខុសខកពេកពន់ដូចឈើដែលបាក់ ។
ឈើបាក់ហើយម្តេចអាច ត ភ្ជាប់ ផ្សះផ្សារអោយចប់ ឡើយអហឹង្ស
តាំងចិត្តលាងបាប ជម្រះទោសៈ លោភៈ ជម្រះសាងព្រះផ្នួស ។
តាំងចិត្តកណ្តាលលាបាបកម្ម នរកពាន់ឆ្នាំកម្មសាងហួស
ព្រោះចិត្តខ្វះសីល ខ្វះសណ្តោស កម្មចាស់សាងហួសបួសឈប់កម្មថ្មី ។
នេះជាទ្រឹស្តីព្រះសម្មាពុទ្ធ រំលត់អំណាចចិត្តអប្រិយ
ដែលព្រោះអវិជ្ជា គួរគប្បី គ្រប់ជនប្រុសស្រីមានបញ្ញា ។
បើតាម លោកហ្សង់ សាក់រ៉ូសូ ទស្សនៈវិទូបានប្រាប់ថា
ធម្មជាតិមនុស្សគឺ ស ជ្រះថ្លា ដូចទឹកល្អថ្លា គ្មានល្អក់ល្អង ។
មនុស្សប្រៀបបីដូចក្រដាស ស អាក្រក់ ឬ ល្អ ស ខ្មៅ ផង
ត្បិតតែអ្នកគូស វាសឡើយហោង មនុស្សខុសមួម៉ងព្រោះបរិស្ថាន ។
បើមនុស្សកើតមកក្នុងទីល្អ មនុស្សក៏បវរឥតខាកខាន
ចិត្តល្អ ឥតល្អាក់ ប្រលាក់បាន ត្បិតអ្នករស់រាន ក្នុងផ្លូវត្រូវ ។
កូនចោរចិញ្ចឹមដោយចៅក្រម នោះពិតឧត្តមសមពេកកូវ
មនុស្សនោះនឹងល្អមិនអាស្រូវ បរិស្ថានរស់នៅអ្នកបង្រៀន ។
តែបើរស់នៅក្នុងក្រុមចោរ នោះពិតវីវរចិត្តឆើតហ៊ាន
ចេះលួចចេះប្លន់ទិមិឡស្រែកឃ្លាន ចេះល្មើសបំពានហ៊ានខុសច្បាប់ ។
ត្រង់នេះកវី មានន័យថា សតិប្រាជ្ញា ល្អ ឬ យ៉ាប់
ទៅតាមសង្គម ក្បែរខ្លួនស្រាប់ ជាអ្នកប្រៀងប្រាប់ ប្រៀនដល់មនុស្ស ។
រីឯចិត្តមនុស្សដូច្នោះដែរ ប្រួលផ្លាស់ប្តូរប្រែត្រូវ ឬ ខុស
ទៅតាមវិវត្តសង្គមនោះ ល្អ ឬ ទុរិយសព្រោះសង្គម ។
អំណាចទឹកចិត្តត្បិតបរិស្ថាន ក្រឡាស់ប្រាណបានតាមនិយម
នាំចិត្តហានក្លា ចិត្តតូចធំ ចិត្តនាំសើចយំសង្គមនេះហើយ ។
ចិត្តដូចរលកសមុទ្រធំធេង បោកគ្រំាគ្រេងគ្រេងបាត់សតិហើយ
មិនខ្វល់ថាតើទុក្ខសោកម្តេចឡើយ តាមចិត្តឥតល្ហើយចិត្តអ្នកបញ្ជា ។
ចិត្តគឺជាស្តេច ចិត្តសម្រេច ស្របស្រេចតាមចិត្ត ឥតតវ៉ា
ប្រៀបបាននឹងយុវមហឹង្សា ឡើង ក កាលណាទប់មិនចប់ ។
ចិត្តគឺជាមេ សម្រេចរិះរេ ថាព្រម ថាទេ ឬ ផ្តើម ឬ ចប់
រាល់សកម្មភាពពឹងចិត្តសព្វគ្រប់ ចិត្តអ្នកបញ្ឈប់ ចិត្តអ្នកបន្តរ ។
ជំនឿជឿជាក់ក្តីសង្ឃឹម តស៊ូញញឹម ប្រឹងប្រែង ស៊ូ
ខិតខំប្តូរផ្តាច់ យកឈ្នះអន្ធករ ចិត្តស្ទុះទូងស្គរ យកជ័យ យក ភណ្ឌ័ ។
រីក្នុងសង្រ្គាមមេ ប្រសព្វ ស្វែងយល់ចិត្តទព័អោយគ្រប់គ្រាន់
ស្គាល់ពេលសប្បាយពេលអាសន្ន ចេះប្រើទិព្វមន្តសណ្តំលើចិត្ត ។
ទិព្វមន្តគឺអ្វីនោះគឺសម្តី ដែលមេទព័ស្តី រិតរួបដួងចិត្ត
អោយទព័ធ្វើតាមគោរពប្រៀងប្រិត បង្ហូរលោហិតមុះមុតអង់អាច ។
មេទព័រកសព្វសិល្បិវិធី កក្រើកធរណីអោយសត្រូវខ្លាច
គ្រប់គ្រងចិត្តទព័ប្រសព្វប្រសាច មេស្រែកមួយញាចទព័បោលទៅមុខ ។
មេស្រែកបញ្ជារ នែ! រាល់គ្នា ត្រូវចូល ពុះពារវាយសំរុក
ស្រែកហ៊ោរ អឺងកង ទព័ខាងមុខ ខាងក្រោយប្រឹងបុករុកវាយខ្មាំង ។
ស្រែកអោយ ឮ ឮ ស្រែកអោយព្រឺ សន្ធាប់អោយ ឮ ព្រឺដល់ខ្មាំង
កំលាំងទឹកចិត្តអ្នកចម្បាំង ហ៊ានវាយចូលច្បាំង តាំងចិត្តរាជសីហ ។
រាជសីហ ស្រែក ឮបំព្រឺសត្រូវ ស្ទុះរត់ចូលទៅ ស្ទុះស្ទើរប្រេះដី
បំបែកប្រឹថពី ធរណីក៏ភ័យ សត្រូវភិតភ័យ រាជសីហឈ្នះឯង ។
នេះហើយគឺជាអំណាចទឹកចិត្ត បើសិនភ័យភិត ទព័ពិតចំបែង
ទព័ធ្លាក់ចុះខ្សោយចាញ់គេមិនលែង បាត់អស់សម្បែងសម្បត្តិទឹកដី ។
មេទព័ត្រូវតែចេះបែងចែក ទព័ហ៊ានប្រកែក គឺត្រូវក្ស័យ
ដាក់ទោសមួយ បង្រ្កាបទព័ដទៃ កងមួយផែនដីត្រូវតែស្តាប់ ។
កំរិតទោសទណ្ឌ័ ជនដែលក្បត់ អោយខ្លាចរន្ធត់សេចក្តីស្លាប់
លែងហ៊ានពានពារខ្លាចឈឺចាប់ បង្រ្កាបអោយស្តាប់សម្តីមេ ។
លើកតម្កើងអ្នកដែលគប្បី ធ្វើបានជ័យ ដោយស្នាដៃគេ
នេះហើយក្បួនទព័មេគិតរិះរេ សង្កត់ពលរេ ត្រូវប្រើមនោគម ។
កវីសូមលើកពាក្យបុរាណ ចាស់ៗតែងបានពោលពីមុន
កម្លាំងខ្លាំងក្លាខ្លំាងលើសលន់ សាច់ដុំពេកពន់ដូចស្រមោច ។
រីឯមានឬទ្ធីអស្ចារ្យ គេខ្លាចរអារដូចជាខ្មោច
មានតេជៈខ្លាំងត្បិតអសោច ឬទ្ធិខ្លាំងដូចខ្មោចគេភិតភ័យ ។
ចំនែកចិត្តមុតដូចព្រះខន្ធ័ ព្រះរៀមកាប់កាន់នឹងនៅដៃ
ចិត្តមុតប្រដូចចិត្តមនុស្សស្រី ចិត្តមុតឥតបី រឹងមហិមា ។
គឺត្រង់នេះហើយជាទឹកចិត្ត មុតដូចកាំបិតផ្តាច់ថ្មដា
រឹងធ្ងន់ស្រួចធ្លុះពុះបុព្វតា លំពែងឯណាដែលមុតដល់ ។
ប្រៀបទៅនឹងនាងអង្គសីតា ស្បថព្រោះរាមាមិនស្វែងយល់
ចោទស្រីបំពានគ្មាននឹកឆ្ងល់ កំហឹងតម្កល់កាត់ទោសភ្លាម ។
សីតាលាហើយជាតិបុរស អប្រិយទុរយសដូចព្រះរៀម
ស្នេហាក្នុងលោកតែងក្អួតឈាម គ្រោតគ្រៀតគ្រាំគ្រៀមរាងលែងយល់ ។
ស្រលាញ់ប៉ុណ្ណាស្អប់ប៉ុណ្ណឹង ប្រចណ្ឌ័ក្នាញ់ខឹងខ្លាំង ខ្វាយខ្វល់
សីតាស្បថថាមិនវិលចូលដល់ នគរនិមលដរាបរៀមក្ស័យ ។
សីតាចិត្តមុតស្បថហ៊ានធ្វើ ប្រកែកសំណើរមិនវិលវៃ
ចូលវំាងនគររាជបុរី ដរាបក្ស័យថ្លៃអស់ជន្មា ។
មិនឡើយចិត្តទន់ទោះចុងក្រោយ អភ័យបានឡើយត្បិតសច្ចា
សត្យសម្តីស្បថប្រាថ្នា មិនទន់ចិន្តាគោរពសម្តី ។
បន់ស្រន់បួងសួងប៉ងឡើងថា គង្ហីងមាតាធរណីថ្លៃ
ជួយលេបរូបខ្ញុំគេចសា្វមី រៀមក្សត្រចក្រីស្រីលាហើយ ។
នេះហើយចិត្តនាងសីតាអង្គ អនេកពេនពន់មុតឥតឡើយ
រួញរាលេបពាក្យសម្បថឡើយ ហ៊ានហាខ្ជាក់ហើយមិនលេបសោះ ។
រីនាមមេទ្រីស្រស់បវរ មហេសីវេស្សន្តរក្សត្រ សប្បុរស
ស៊ូចាករាជវាំងឥតស្រណោះ ឥតមានអាលោះទ្រព្យសម្បត្តិ ។
លាសំពត់អាវហូលសាវស្បៃ លាគុជពេជ្រច្នៃ ថ្លៃមរកដ
លារាជតំណាក់តាមអង្គក្សត្រ ចូលព្រៃចរថ្វាត់បាទទទេរ ។
រីមួយរឿងមេ ខ្មែរនិទាន មានចិត្តក្លាហាន គិតរិះរេ
ហ៊ានបោកចោរលក់ទៅថៅកែ ចិនទៅស្រុកគេ មេមានល្បិច ។
មេបោកចោរអោយ លិទ្ធអណ្តាត មេមានកលឆ្លាតចេះកែរគេច
សង្គ្រោះខ្លួនបាន ដោយប្រើល្បិច មេបានសម្រេច ធាក់ចោរធ្លាក់ ។
ទាំងនេះហើយជាទឹកចិត្តស្រី ហានក្លាឥតបីយ៉ាងប្រត្យក្រ័
អង់អាចតស៊ូខ្លាំងឥតអាក់ ឬទិ្ធខ្លាំងជាងយក្ស ស្រួចជាងមុខធ្នូ ។
អំណាចទឹកចិត្តធំជាងមេឃ ហោះហក់ពុះជ្រែកសន្ធឹកផ្គរ
លឿនជាងរន្ទះ បាញ់បន្ទរ រកភពមួយប្តូរក៏មិនមាន ។
ចិត្តមានសូវទៀងដូចជាខ្យល់ បោកបក់វិលវល់អន្តរធាន
សណ្តំរាល់មនុស្សពុះវិញ្ញាណ ចិត្តគឺជាយានរាល់អំពើ ។
អាចឈ្នះមនុស្សបានគឺលើចិត្ត ព្រោះតែទឹកចិត្តផ្តិតទង្វើរ
ចិត្តល្អសាងល្អ បញ្ជារពីលើ ចិត្តបាបអ្នកធ្វើអំពើខុស ។
ចិត្តជាអ្នកផ្តល់នូវសកម្ម ចិត្តជាអ្នកចាំ សាងកំហុស
បើចិត្តបញ្ជារសាងទុរយស ទង្វើរជ្រុលផុសផុលព្រោះចិត្ត ។
លើកមួយចុងក្រោយជាអំនាង ជាភស្តុតាងអំណាចចិត្ត
លើករឿងឃុននារីស្រស់វមិត្រ ចៅចិត្ររឿងកុលាបប៉ៃលិន ។
ពេលដែលតាជឺមអស់សង្ខារ ផ្តាំកូនប្រុសថា ចិត្រ មាសឆ្អិន
ជិវិតកូន នឹងយ៉ាកលំបិន លំបាកយ៉ាប់មិនសូវបានជា ។
កូនអើយឪពុកគ្មានទ្រព្យកេរ្តិ សល់ដល់កូនទេ ចិត្រពុំងារ
កូនត្រូវខិតខំកិច្ចការងារ តស៊ូប្តេជ្ញា ខិតខំរស់ ។
បើមានជិវិតត្រូវចេះតស៊ូ ខិតខំប្តេចប្តូរ ណាកូនប្រុស
រកដោយសុច្ចរិតចិញ្ចឹមពោះ កូនប្រុសត្រូវរស់មានសង្ឃឹម ។
ចៅចិត្រទទួលបណ្តាំឪ អនិច្ចកម្មទៅ នូវសង្ឃឹម
ទឹកភ្នែកហូរស្រក់ទំាងញញឹម ចិត្រខំញញឹមជិវិតថ្មី ។
ចៅចិត្រតស៊ូក្រាញធ្វើការ ចិញ្ចឹមជិវ៉ាត្រឹមមួយឆី
កម្មកររ៉ែត្បូងផស់សេដ្ឋី ទោះហត់ម្តេចក្តីមិនរួញរា ។
រហូតបញ្ចប់បានឃុននារី ស្រីស្រស់គ្មានពីរជាភរិយា
ដោយចិត្តក្លាហានហ៊ានការពារ រូបស្រស់ជីវ៉ាពីចោរព្រៃ ។
នេះហើយទឹកចិត្តចិត្រតស៊ូ ប្រឹតប្រឹងផ្តាច់ប្តូរមិនខ្លាចក្ស័យ
ចិត្តអង់អាចសឿងមិនចាញ់ដៃ វាសនាអ្នកក្រីក្រសោះឡើយ ។
ចិត្រមិនផ្តេកផ្តួលតាមវាសនា ព្រហ្មលិខិតដែលចារ ខ្លួនក្រឡើយ
បើចិត្រផ្តេកផ្តួលទុក្ខឥតស្បើយ ឪពុកស្លាប់ហើយសមពាលា ។
ដោយសារតែការប្តេជ្ញាចិត្ត ឈ្នះព្រហ្មលិខិតនិងវាសនា
ជោគក្នុងជិវិតត្បិតគិតថា ជិវិតជាការមានសង្ឃឹម ។
សង្ឃឹមហើយត្រូវចេះតស៊ូ តស៊ូមិនថ្ងូរ ចេះញញឹម
ជិវិតនោះដូចព្រឹកព្រលឹម ស្រស់ថ្លាប៉ប្រឹម អរុណរះ ។
ចិត្តនាំអោយមនុស្សចេះក្រោកឈរ តាំងគោលជំហរ ស្វែងរកឈ្នះ
រកជោគ រកជ័យ រកជំនះ ជាគ្រឿងបន្លាស់ ពិសោធន៍ពិត ។
ចិត្តមានអំណាច ចិត្តស្លូតកាច កាចស្លូត ដោយអំណាចចិត្ត
អំណាចចិត្ត មានឥទ្ធិពលពិត ឥទ្ធិពល ដោយចិត្តមានអំណាច ។
ចិត្តមនុស្សខ្លាច ចិត្តមនុស្សហ៊ាន ចិត្តមនុស្សស្រែកឃ្លាន សឿងស្លូតកាច
កាចស្លូតសឿង ចិត្តមនុស្សអង់អាច ចិត្តមនុស្សខ្លបខ្លាច ចិត្តមនុស្សអស្ចារ្យ ។
មនុស្សចិត្តស្លូតប្រដូចនឹងម្រឹគ រកស៊ីល្ងាចព្រឹក តាមសម្មា
ជីវ សុំរស់ក្នុងសង្សារ មិនដែលពារធារ គ្នាដទៃ ។
មនុស្សចិត្តកាចប្រដូចនឹងខ្លា ហក់ហែកម្រឹគា ពាសពេញព្រៃ
តំលើងខ្លួនជាស្តេចចក្រី ប្រឆាំងគឺក្ស័យ អញជាមេ ។
ចិត្តជ្រៅប្រៀបបានមហាជលធរ ធំជាងសាគរ ដប់ទន្លេ
រលកបោកបក់ ជួនស្ងប់ថេរ ស្មានមិនត្រូវទេ ចិត្តមនុស្សលោក ។
ចិត្តដូចជាមេឃ ម្តង ស ខ្មៅ ខ្យល់រេរាំ ហៅ តាមពពក
វាយោបោករេ ហោះទៅមក ម្តងភ្លៀង ម្តងគោក ម្តងព្យុះព្យរ ។
គ្រាំង គ្រាំង ផូង ផាំង ផ្គរសម្លេង ដូច រន្ទះភ្លេង លេងជាមួយផ្គរ
សុខៗក៏ស្ងប់ បានត្រឹមតែសូរ បានត្រឹមតែផ្គរ តែគ្មានពិរុណ ។
ចិត្តដូចព្រះសូរ្យ ភ្លឺត្រចះ ចំាងចែងភ្លឺច្បាស់ ឥតស៊យស៊ុន
ស្រាប់តែចិត្តប្តូរ ពីអរុណ ចិត្តខុសពីមុន ក្លាយរនោច ។
ចិត្តមិនដែលទៀងល្អៀងប្រែប្រួល ចុងស្រល់រេរួល ងាយហិនហោច
បើសិនចិត្តខ្លាំង តែងនាំខ្លោច ចិត្តនាំអាសោច ខ្លោចព្រោះ ខ្លាំង ។
បើ ចិត្តតិចបានហូបត្រីឆ្អើរ ត្រីងៀតប្រសើរ លាយត្រីអាំង
លាយអំបិលគ្រាន់ជាងចិត្តខ្លាំង ចិត្តច្រួលប្រណាំងតែងតែអត់លិទ្ធ ។
ចិត្តអាក្រក់ ល្អ ពាល សាហាវ កាចស្លូតឆេវឆាវ សប្បុរសពិត
ទន់ជ្រាយ រឹងប៉ឹង សមលក្យាណមិត្ត ស្មោះត្រង់ពីចិត្ត មិនស្ថិតរូបរាង ។
ចិត្តហើយនឹងកាយមិនដូចគ្នា ចិត្តពុតមាយាមាយាទល្អៀង
ចិត្តដូចជំនោរ ចិត្តដូចភ្លៀង ចិត្តល្អក់មិនទៀង រូបឡើយ ។
រូប ល្អ មិន ខ្មៅ ស្រស់ ឆើតឆាយ គួរគន់ឥតណាយ រូបត្រាណត្រើយ
តើមិនប្រាកដ ចិត្តល្អឡើយ ដូចល្វាឥតស្បើយ រលួយក្នុង ។
រីអ្នករូបរាង ខ្មៅអាក្រក់ ឃើញគួរសម្លក់ ខ្លៅល្ងិតល្ងង់
មិនប្រាកដថា ចិត្តគំរង់ ស្អុយក្រៅ ល្អក្នុង គួររាប់អាន ។
ចិត្តលាក់គំនួចគួចបិទបំាង ជួនច្បាស់ស្រវាំង ម្តេចស្គាល់បាន
ចិត្តឈូសលប់លាក់បំបាត់ដាន មិនអាចវាស់បានតាមរូបពិត ។
កំណាព្យនាងខ្ញុំខំតាក់តែង រៀបរាប់ថ្លាថ្លែងស្តែងពីចិត្ត
ចារចែងរាប់រៀបប្រឹងប្រៀងប្រឹត ចំរាញ់ពិសិដ្ឋ គ្រាន់បានល្បី ។
ជាចុងក្រោយនេះ សូមជូនពរ លោកគ្រូអ្នកគ្រូ ញាតិប្រុសស្រី
កំហុសខុសឆ្គងសូមខន្តី អធ្យា អភ័យ កវី ខ្ញុំ ។