somdej-pann

សម្តេចប៉ាន ជាអ្នកនាំចូល ធម្មយុត្តិ

ធម្មយុតិ្តកនិកាយ ជាឈ្មោះនិកាយ( ក្រុម )មួយ នៃព្រះពុទ្ធសាសនានិកាយថេរវា ( ឳវាទ ឬ គំនិតរបស់ព្រះថេរៈ ) ឬ ហីនយាន ( យានតូចចង្អៀត ដោយវិន័យតឹងរឹង) ត្រូវបានបង្កើតឡើង ដោយព្រះចៅមង្គត នៃក្រុងសៀមនៅឆ្នាំ១៨៣៣ ហើយត្រូវបាននាំចូលមកស្រុក ខ្មែរនៅឆ្នាំ គ.ស ១៨៥៣ ឬ ១៨៥៤ ដោយព្រះភិក្ខុបញ្ញាសីលោ ប៉ាន តាមសំណូមពររបស់ព្រះបាទអង្គឌួង និង ជាបំណងរបស់ព្រះចៅចមក្លាវ នៃក្រុងសៀមក្នុងការបញ្ចូលមនោមន៍វិជ្ជា និង ជះឥទ្ធិពលមកលើវប្បធម៌ខ្មែរ ។

ប្រវត្តិសាស្ត្របានកត់ត្រា ថា ប្រទេសយួន និង សៀមតែងតែ មានបំណងចង់លេបត្របាក់ ប្រទេសខ្មែរហើយពួកគេមិនដែលបានបោះបង់មហិច្ឆតានេះចោលឡើយ រហូតដល់មានពេលខ្លះនាំឱ្យប្រទេសទាំងពីរនេះច្បាំងគ្នាដណ្តើមប្រទេស កម្ពុជាក៏មាន ។ ពួកគេតែងតែមើលមកប្រទេសខ្មែរថា ជាសាច់ មួយដុំដ៏ទាក់ទាញនូវតម្រេក និង គំលានរបស់ពួកគេ ជាកម្មវត្ថុនៃការដណ្តើមគ្នា ។ ពួកគេតែងតែប្រើ គ្រប់មធ្យោ បាយគ្រប់រូបភាព ដែលក្នុងនោះមានការ បញ្ឈឺ បញ្ឆោត សំឡាញ់ សំឡុត សំឡាប់ ដើម្បីយកប្រទេសកម្ពុជា ជាចំណុះរបស់ពួកគេរៀងៗខ្លួន ។

ជាច្រើនរជ្ជកាល ប្រទេសកម្ពុជាមិនមានឯករាជ្យម្ចាស់ការលើខ្លួនឯងឡើយ ។ សន្ធិសញ្ញា រវាងសៀម និង យួន ខែធ្នូ ឆ្នាំ ១៨៤៥ បានស្រុះស្រួលគ្នាប្រគល់រាជបល្ល័ង្កខ្មែរមកថ្វាយព្រះករុណា អង្គឌួង ។ ប្រទេសទាំងពីរនេះ នៅតែមិនបានបោះបង់បំណងក្នុងការលេបត្របាក់ស្រុកខ្មែរដដែល ។ តាមរយៈព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ ជាវិធីដ៏ស៊ីជំរៅមួយដែលប្រទេសសៀមប្រើដើម្បីបញ្ជ្រាប មនោគមន៍វិជ្ចាមកក្នុងគំនិតខ្មែរ គ្រប់ស្រទាប់វណ្ណៈដែលចាប់ផ្តើមចេញពីថ្នាក់កំពូលនៃជាតិគឺព្រះរាជា និង រាជវង្សា នុវង្សចុះមក ។
ព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយត្រូវបានបង្កើតឡើងនៅប្រទេសសៀម ដោយព្រះចៅមង្គដ ( រាមាទី៤) នៃ ប្រទេសសៀមនៅ ឆ្នាំ១៨៣៣ ។ ព្រះមហាក្សត្រអង្គនេះមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាហីនយាន ឬ ថេរវាទ ហើយមុនឡើងគ្រង រាជ្យ ព្រះអង្គបានសាងផ្នួសរយៈពេល ២៧ព្រះវស្សា ( ១៨២៤-១៨៥១ ) ។ និកាយនះត្រូវបានបង្កើតឡើងក្នុងយុទ្ធនាការធ្វើវិសុទ្ធិកម្ម ព្រះពុទ្ធសាសនាដែលមានជនប្លមជាច្រើននាំយកលទ្ធិផ្សេងៗមានលទ្ធ ព្រហ្មញ្ញជាដើម និង មានអ្នកបួសក្លែងក្លាយ មិនគោរពវិន័យមកជ្រកកោនបន្លំក្នុងព្រះពុទ្ធសាសនា ។
ទស្សនៈ ខ្លះបានលើកឡើងថា ដោយសាររាជវង្សសៀមយល់ថា ពួកខ្លួនជារាជវង្ស ត្រកូលខ្ពង់ខ្ពស់មិនគប្បីថ្វាយបង្គំព្រះសង្ឃដែលចេញមកពីត្រកូល រាស្ត្រសាមញ្ញឡើយ ទើបនិកាយនេះត្រូវបានបង្កើត ឡើងសម្រាប់ជាទីគោរពបូជារបស់ព្រះរាជវង្សានុវង្សជាពិសេស ហេតុនេះទើបអ្នកខ្លះយល់ថា ធម្មយុត្តិកនិកាយ ជាព្រះពុទ្ធសាសនារាជវង្សសៀម ហើយសម្រាប់តែរាជវង្សានុវង្សនិងឧត្តមមន្ត្រី ។

បន្ទាប់ពីព្រះបាទអង្គឌួង ឡើងគ្រងរាជសម្បត្តិ នាឆ្នាំ១៨៤៨ មក ទ្រង់បានរៀបចំប្រទេសកម្ពុជា ដ៏សែនខ្ទេចខ្ទាំដោយសារសង្រាមស៊ីវិល និង សង្គ្រាមញោះញង់ឈ្លានពាននេះឡើងវិញ ។ វត្តអារាម និង គម្ពីរក្បួនច្បាប់ផ្សេងៗត្រូវបានបំផ្លាញស្ទើរទាំង ស្រុង ។ ប្រទេសកម្ពុជាពុំមានគ្រឹះស្ថានអប់រំត្រឹមត្រូវ ហើយ ក៏ពុំមានបណ្ឌិតបញ្ញាវ័ន្តគ្រប់គ្រាន់ឡើយ ។
ភិក្ខុ ប៉ាន ជាបញ្ញាវ័ន្តសង្ឃខ្មែរមួយរូបដែលបានភៀសទៅជ្រកកោនសិក្សាផ្នែក ព្រះ ពុទ្ធសាសនា នៅប្រទេសសៀម ហើយជាសិស្សរបស់ព្រះចៅចមក្លាវ ដែលកាល នោះព្រះរាជាសៀមអង្គនេះនៅទ្រង់ ជាបព្វជិត ។
ថ្ងៃ អង្គារ ទី១២ ខែមេសា ឆ្នាំ១៨៥៣ ព្រះបាទអង្គឌួង បានបញ្ជាខ្ញុំរាជការដឹកនាំដោយឧកញ៉ាយមរាជ ម៉ុក និង ឧកញ៉ាចក្រី មាស ទៅគាល់មហាក្សត្រសៀមនៅទីក្រុងបាងកក សូមអោយទ្រង់ បញ្ជូនព្រះសង្ឃខ្មែរមួយរូបដែលមានចំណេះវិជ្ចាជ្រៅជ្រះផ្នែក ព្រះពុទ្ធសាសនាមកស្រុកខ្មែរវិញ និង គម្ពីរព្រះត្រ័យបិដក ( គម្ពីរព្រះវិន័យ , ព្រះសូត្រ និង ព្រះអភិធម្ម ) មួយចប់ផង ដើម្បីពង្រស់ព្រះពុទ្ធសាសនាថេរវាទអោយមានបទដ្ឋានឡើងវិញនៅប្រទេសខ្មែរ ។

ព្រះចៅចមក្លាវ បានទទួលរាជសំណើររបស់ព្រះអង្គឌួងដោយក្តីរីករាយ ដោយទ្រង់ឈ្វេងយល់ថា នេះជាឳកាសដ៏ល្អកម្រមានក្នុងការបញ្ចូលឥទ្ធិពលមនោគមន៍ផ្នែក វប្បធម៌មកលើប្រទេសខ្មែរ ។ ឯកសារ ជាច្រើនបានអះអាងថាទាំងសៀមទាំងយួនសុទ្ធតែបានព្យាយាមជះឥទ្ធិពល មកលើព្រលឹងខ្មែរ តាមរយៈ ព្រះពុទ្ធសាសនា គឺយួនបញ្ចូលតាមរយៈពុទ្ធសាសនាមហាយាន ខណៈសៀមបញ្ចូលតាមរយៈ ហីនយាន ។
ព្រះ ចៅចមក្លាវ បានបញ្ជូនព្រះមហា ប៉ាន ជាសិស្សរបស់ព្រះអង្គតាម សំណូមពររបស់ព្រះបាទ អង្គឌួង ។ ហេតុនេះព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ បានមកចាប់បដិសន្ធិនៅ ប្រទេសកម្ពុជា តាម រយៈព្រះភិក្ខុមហា ប៉ាន ចាប់ពីពេលនោះមក តាមសំណើររបស់ព្រះបាទអង្គឌួង និង ជាមហិច្ឆតារបស់ ព្រះចៅចមក្លាវ នៃ ក្រុងសៀម ក្នុងការគ្រប់គ្រងព្រលឹងងខ្មែរ ។

នាក្រុងឧដុង្គ ព្រះមហា ប៉ាន បានឡើងសមណៈស័ក្តយ៉ាងលឿន រហូតបានក្លាយជាសម្តេច ព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃប្រទេសកម្ពុជា នាឆ្នាំម្សាញ់ នពស័ក ព.ស ២៤០១ គ.ស ១៨៥៧ មានគោរមងារជា សម្តេចព្រះសុគន្ធាធិបតី ហើយព្រះអង្គបង្គាប់អោយទូលឆ្លើយនឹងព្រះអង្គ ដោយរាជស័ព្ទ ( ពាក្យសម្រាប់ស្តេច ) ។
សម្តេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន ប្រសូត្រនៅថ្ងៃព្រហស្បតិ៍ ១ រោច ខែកត្តិក ឆ្នាំចរ អដ្ឋស័ក ព.ស ២៣៧០ គ.ស ១៨២៦ នៅភូមិព្រែកព្រះស្តេច ខេត្តបាត់ដំបង ។ ឯកសារនានាមិនបានប្រាប់នាម នៃ មាតា បិតារបស់ព្រះអង្គឡើយ ប៉ុន្តែបាននិយាយថា ស្រុកកំណើតរបស់មាតាបិតា នៅ ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានភៀសទៅនៅខេត្តបាត់តំបងដោយសារស្រុកទេសមានចលាចល ។

ឆ្នាំរកា នពស័ក ព.ស ២៣១៨ គ.ស ១៨៣៧ កុមារ ប៉ាន បានចូលបួសជាសាមណេរ ក្នុងគណៈមហានិកាយ នៅវត្តពាធិ៍ ឃុំសង្កែ ខេត្តបាត់តំបង ។ សាមណេរអនាគតសម្តេចសង្ឃអង្គនេះ បាននិមន្តទៅគង់នៅវត្តសាកេត ក្រុងថេព ប្រទេសសៀម រហូតដល់វ័យ២១វស្សាបានបំពេញឧបសម្បទា ជាភិក្ខុក្នុងគណៈមហានិកាយ ។ គង់នៅអារាមនេះបាន៤វស្សា ក៏ត្រូវបានក្រុមម៉ឺន ភូវឌិន ជាជីដូននាំ ទៅថ្វាយសម្តេចព្រះចមក្លាវ ដែលកាលនោះព្រះចមក្លាវកំពុងទ្រង់ព្រះផ្នួសនៅឡើយ ។ ភិក្ខុអនាគត ក្សត្រសៀមអង្គនេះ បានអោយភិក្ខុ ប៉ាន ស្នាក់នៅសិក្សាក្នុងតំណាក់ចៅឃុនព្រះញាណរក្ខិត សុត ជាព្រះចៅអធិការវត្តបរមនិវេសន៍គណៈធម្មយុត្ត ។
ថ្ងៃ១រោច ខែអាសាធ ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ក្នុងវ័យ២៤វស្សា ព្រះភិក្ខុ ប៉ាន បានបំពេញឧបសម្បទាម្តងទៀតក្នុងគណៈធម្មយុត្ត ដោយមានសម្តេចព្រះចមក្លាវជាព្រះឧបជ្ឈាយ៍ ហើយទទួលបាននាមបញ្ញត្តិថា បញ្ញាសីលោ ។
សៀវភៅ ព្រះរាជជីវប្រវត្តិសម្តេចព្រះសង្ឃរាជ បានអះអាងថា ព្រះមហាបញ្ញាសីលោ ប៉ាន បាននិមន្តមកដល់ស្រុកខ្មែរនៅឆ្នាំខាល ឆស័ក ព.ស ២៣៩៨ គង់នៅវត្តសាលាគូ ( វត្តអំពិលបី ) ក្រុង ឧដុង្គ ។ ឯកសារនានានៅមានភាពមិនទាន់ចុះសម្រុងគ្នាខ្លះ នៃ កាលបរិច្ឆេទនេះ ។ ទោះយ៉ាងនេះក្តី យើងកត់ចំណាំឃើញថា ភាពខុសគ្នានៃខែ នាំអោយឆ្លងចូលឆ្នាំថ្មី ។ មួយសោត អាចមកពីអ្នក ចងក្រងមិនបានបែងចែកអោយដាច់ដោយឡែកពីគ្នានូវកាលបរិចេ្ឆទនៃការ ដែលព្រះករុណា អង្គឌួង បញ្ជា រាជប្រតិភូខ្មែរទៅក្រុងបាងកក ដើម្បីសុំនិមន្តបញ្ញវ័ន្តសង្ឃខ្មែរ , កាលបរិច្ឆេទ នៃការនិមន្តមកដល់របស់ ព្រះភិក្ខុមហា ប៉ាន និង ការមកដល់នៃគម្ពីរព្រះត្រ័យបិដកមួយចប់មានសែសិបភាគពីប្រទេសសៀម ។ ទោះយ៉ាងណា ភាពខុសគ្នានេះមានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ហេតុនេះយើងអាចសន្និដ្ឋានបានថា ព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ ត្រូវបាននាំចូលមកស្រុកខ្មែរពីប្រទេសសៀមដោយព្រះភិក្ខុមហា ប៉ាន នៅ គ.ស ១៨៥៣ ឬ ១៨៥៤ តាមព្រះរាជសំណើររបស់ព្រះបាទអង្គឌួង ហើយក៏ជាផ្នែកមួយនៃ មហិច្ឆតារបស់ព្រះចៅចមក្លាវនៃប្រទេសសៀមក្នុងការគ្រប់គ្រងព្រលឹង ខ្មែរ ។
សៀវភៅឈ្មោះ ព្រះពុទ្ធសាសនា / ទស្សនៈវិជ្ជា ពិភពលោកទំព័រទី៧៣ និយាយ ថា ធម្មយុត្តិកនិកាយបានហូរចូលមក ប្រទេសកម្ពុជានៅឆ្នាំ១៨៦៤ នោះជាកំហុសផ្នែកបច្ចេកទេសអក្សរ និង ភាពចន្លោះប្រហោងនៃការត្រួតពិនិត្យ ។ ដោយឡែកឯកសារជា ភាសាអង់គ្លេសនៅតាមគេហទំព័រ Wikipedia និយាយថា ព្រះករុណា នរោត្តម បានសុំនិមន្ត ព្រះមហាប៉ាន ពីស្រុកសៀម ហើយថា ព្រះមហា ប៉ាន បានមក គង់នៅវត្តបទុមវត្តី ក្រុងភ្នំពេញ ។ តាមរយៈការសិក្សា យើងយល់ថា ឯកសារនេះមិនត្រឹមត្រូវឡើយ ព្រោះបើសិក្សាដោយហ្មត់ចត់ទៅឃើញថា ព្រះករុណា នរោត្តម ( នាម ដើម ព្រះអង្គ ម្ចាស់ច្រឡឹង ក្រោយមកមាននាមថា រាជាវតី ។ លុះពេលសាងផ្នួសត្រូវបានស្តេចសៀមដាក់នាមថា នរោត្តម គិតតាមរបៀបដាក់នាមនៃធម្មយុត្តិកនិកាយ ) បាន និមន្តសម្តេចព្រះសុគន្ធាធិបតី ពីក្រុងឧដុង្គ វត្តសាលាគូ មកគង់នៅក្រុងភ្នំពេញ វត្តបទុមវតីរាជរារាម ដែលមានឈ្មោះដើមថា វត្តខ្ពបតាយ៉ង នៅពេលដែលព្រះអង្គបានបោះបង់ក្រុងឧដុង្គមានជ័យ មកកសាងក្រុងភ្នំពេញជាលើកទី២ នាឆ្នាំឆ្លូវ សប្តស័ក ព.ស ២៤០៨ គ.ស ១៨៦៥ ។ ពេលនោះព្រះករុណា នរោត្តម បានទាំង និមន្តសម្តេច ព្រះ សង្ឃរាជគណៈមហានិកាយ និល ទៀង ពីវត្តពុទ្ធប្រាង្គ មកគង់នៅវត្តឧណ្ណាលោម ផង ។

សម្តេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន ព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃប្រទេសខ្មែរ បានសោយទីវង្គតនៅថៃ្ងសៅរ៍ ៤រោច ខែមាឃ ឆ្នាំម្សាញ់បញ្ចស័ក ព.ស ២៤៣៧ គ.ស ១៨១៥ ក្នុងព្រះជន្មាយុ៦៧ ព្រះវស្សា ។
គេ កត់ចំណាំបានថា រយៈកាលប៉ុន្មានទសវត្សបន្ទាប់ពីការមកដល់ប្រទេសខ្មែរនៃព្រះ ពុទ្ធសាសនា ធម្មយុត្តិកនិកាយ មានការកើតឡើងនូវវិវាទគ្នារវាង ព្រះសង្ឃ និង គ្រហស្ថគណៈមហានិកាយ ដែលមានស្រាប់ក្នុងស្រុកខ្មែរ និង ធម្មយុត្តិកនិកាយ ដែលទើបតែនាំចូលមកពីប្រទេសសៀម ។ ព្រះសង្ឃ និង គ្រហស្ថ នៃ ធម្មយុត្តិកនិកាយរិះគន់ព្រះសង្ឃមហានិកាយថាមានសីលមិនបរិសុទ្ធ មានភាពធូរលុងផ្នែកការប្រតិបត្តិវិន័យជាងព្រះសង្ឃធម្មយុត្ត ខណៈដែលព្រះសង្ឃ និង គ្រហស្ថគណៈ មហានិកាយ ចោទព្រះសង្ឃ និង គ្រហស្ថគណៈធម្មយុត្តិកនិកាយថា ជាអ្នកក្បត់ជាតិ បំរើមនោគមន៍ វិជ្ជាសៀម ។ ទោះយ៉ាងណា បច្ចុប្បន្ន ស្ថានភាពបែបនេះហាក់ត្រូវបានខ្មែរបំភ្លេចចោលស្ទើរអស់ទៅហើយ ហើយគណៈធម្មយុត្តិកនិកាយ ក៏ជានិកាយសាសនាស្នេហាជាតិយ៉ាងពិតៗផងដែរ៕

កាសែតរស្មីកម្ពុជា

 

ស្ដេចកន និងព្រះចន្ទរាជា

ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទស្រីសុគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន ស្រុកស្រីសឈរ(ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទ ទ្រង់ឲ្យគង់នៅក្រុងចតុមុខ។ នៅឯរាជវាំងទួលបាសាន ព្រះបាទស្រីសុគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធ ទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសក្តិ នាយកនជាឃុនលួងព្រះស្តេច។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់កើតមន្ទិលសង្ស័យ ខ្លាចឃុនលួងព្រះស្ដេចកន ក្បត់ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយ ដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយ ដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួន ទៅកាន់អាណាខេត្តត្រើយខាងកើត បង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខេត្តត្រើយខាងកើត នាយកនបានប្រើល្បិច បញ្ឆោតចៅហ្វាយខេត្តនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជា ដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថា ព្រះបាទស្រីសុគន្ធបទ ជាព្រះរាម ចោទព្រះអង្គ ដូចការឃោសនារបស់ឃុនលួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្ស ភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុក យកខេត្តនានាដែលនៅជិតរាជធានីទួលបាសាន។ កងទ័ពព្រះបាទស្រីសុគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ១៥១២ ព្រះបាទស្រីសុគន្ធបទ ត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន។ ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួន ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតី បានកសាងរាជធានី ថ្មីមួយទៀត នៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករ កាន់តែច្រើនឡើង ជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើន បានចូលមកធ្វើទំនាក់ទំនង ខាងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ព ឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យ ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទ័ណ្ឌ ឲ្យមានលក្ខណៈធូរស្រាលជាងមុន។

សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា

ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល៨ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរី ឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា(ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយ មិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?
ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទាសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។
តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?
ក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ ស្តេចកនក៏បញ្ជាឲ្យសេនាបតី រៀបចំក្បួនទ័ពចេញទៅច្បាំង នឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើម នៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវ នៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុក ពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។
ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាត យ៉ាងឧឡារិក ចំពោះមុខកងទ័ព និងប្រជានុរាស្ត្រ ក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខេត្តជាច្រើន ជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សា ស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ ការផ្អាកឈប់បាញ់គ្នា ត្រូវបានអនុវត្ត ដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុក ចូលខេត្តសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គ ត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។ នៅឆ្នាំ១៥១៩ ក្រោយដែលបានល្បងវាយលុក យកខេត្តកំពង់សៀមមកវិញ ពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរ ដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯង ក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជា ឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យ ជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកសារពិគ្រោះ
* សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០

 

អាចារ្យ ហែម-ចៀវ
លោកគ្រូអាចារ្យ ហែម-ចៀវ ជាមហាថេរមួយអង្គ បានក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាម ឋានខ្លួនជាមនុស្សក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរបុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

ជីវប្រវត្តិ

លោកគ្រូអាចារ្យ ហែម-ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ពស ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំប្រឹងប្រែងធ្វើស្រែចំការដោយឥតខ្លាចហត់នឿយ ។ គ្រួសារនេះមានបងប្អូន៥នាក់គឺ ៖

ហែម-ចៀវ
ហែម ហួត
នាងហែម សុច
ហែម សាយ ។
បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក ។

កុមារភាព

កាលនៅពីកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោក បានឃ្វាល គោ រកអុស ដេញចាប តាមឋាននៃកូនកសិករជាមួយឪពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក ហែម ជា ឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន-ណាត វត្តឧណ្ណាលោម ក្រុងភ្នំពេញ ដោយ ហេតុមេស្រុក ហែម និងព្រះគ្រូសង្ឃសត្ថា ជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។

កុមារ ហែម-ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត មានមាត់ពាក្យរហ័សច្បាស់លាស់ មាន សន្ដាប់ធ្នាប់ សមរម្យគួរអោយអ្នកផងពេញចិត្ត ។ កុមារនេះមានព្យាយាមខ្ជាប់ខ្ជួនល្អណាស់បានរៀនអក្សរ សាស្ត្រក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថាតាំងអំពីដំបូងរហូតទាល់តែមើលបានសរសេរអក្សរកើតដោយបរិបូណ៌ ។

កុមារ ហែម-ចៀវ បាននៅសិក្សាអប់រំក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថា ជួន-ណាត អស់យូរឆ្នាំ ដោយបានដើរស្ពាយ យាម ព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ ។ កុមារ ហែម-ចៀវ បាន ស្តាប់ធម៌ទេសនារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំអោយកុមារ ចៀវ មានសេចក្តីឆ្លៀវឆ្លាសយល់ហេតុផលក្នុងផ្លូវ លោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់ ។ កុដិដែលកុមារ ស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ ។

កុមារ ហែម-ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស រឺ ខ្ជិលច្រអូសទេ ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះ លោកចាំបន្ដាំបិតា ក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំនាក់ នៃព្រះគ្រូសង្ឃសត្ថាថា ៖

ចៀវ កូនប្រុសសំលាញ់ឪពុក ៗគ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាច យឹតយោងគ្រួសារ យើងអោយខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះ ឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀន ឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរក វិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផង សរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ» ។
លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកអោយ នៅនឹងលោក ត្រូវកូនឯងខំរៀនសូធ្យយកចិត្តទុកដាក់អោយមែនទែន ។

បាទលោកឪពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភអោយសោះ!
ល្អហើយកូនប្រុសឪពុក! ឯងជាតំនឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!
ពាក្យនេះធ្វើអោយកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។ កុមារស្រលាញ់គោរពតាមអោវាទ មាតាបិតា ណាស់ មិនដែលធ្វើអោយអ្នកមានគុណព្រួយចិត្តម្តងណាឡើយ ។
សាងផ្នួស

វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូល មតិថាត្រូវបំបួសនៅ វត្តឧណ្ណាលោម ហើយអោយគង់សំណាក់ សិក្សាបរិបត្តិធម៌នៅ វត្តឧណ្ណាលោមដដែល ។ លុះបួសរួច ហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។

ថ្ងៃខែចេះតែកន្លងជាលំដាប់… សាមណេរ ហែម-ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុង ពុទ្ធសីមាវត្តលង្កា ដែលមានព្រះមហាវិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី-ឯម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ ។ នៅពេលបំពេញជាភិក្ខុ ហើយ លោក ក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា ។ ការសិក្សាចំនួន៧ឆ្នាំ នៅសាលាបាលី ជាន់ខ្ពស់ធ្វើអោយលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិបូណ៌ក្នុងផ្លូវពុទ្ធសាសនា ។ លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថា ជួន-ណាត ដែលលោកស្រលាញ់ជាងគេ ដោយភិក្ខុ ហែម-ចៀវ ជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក បានប្រឡង យកសញ្ញាប័ត្រឌីប្លូម សាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អានណាស់ ។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ ខេត្តកំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ ដែលមានសញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ និមន្តមកឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ មកពឹងព្រះ គ្រូសង្ឃសត្ថា ជួន-ណាត សូមនិមន្តលោកមួយអង្គ ដែលមានសញ្ញាប័ត្រឌីប្លូមសាលា បាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោក រ៉េស៊ីដង់ រ៉េស្យូម ខេត្តកំពតបង្កើត អង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន របៀបត្រឹមត្រូវឡើង ។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម-ចៀវ អោយទៅបង្រៀនអក្សរសាស្ត្រជាតិ ឯខេត្តកំពត យក វត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោ ស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម-ចៀវ បាន ទៅនៅបង្រៀនអក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ ទើបត្រលប់មកនៅ ភ្នំពេញ វិញ រួចបានប្រឡងជាប់ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង ។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។ ទេសន៍កន្លែងណាក៏ដូចកន្លែង ណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ » ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់ លើកឧទាហរណ៍ ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។

លក្ខណខ្លះដែលគួរដឹង លោកគ្រូអាចារ្យ ហែម-ចៀវ មានសំលេងធំក្រអួន មានទឹកដមគួរអោយចង់ស្តាប់ហើយ ស្តាប់ទៀត មានវោហាក្បោះ ក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក ។ ចំនែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក បេះបិត គឺសម្តេចព្រះសង្ឃរាជ ជួន-ណាត (តាមប្រសាសន៍ របស់លោក ឈឹម-ស៊ុម) ។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះបាលាត់ឃោសនានាគ ហែម-ចៀវ មានលក្ខណមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ ។

ចំពោះភ្លៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ ។ ជនណាដែលបានប្រាស្រ័យ ជាមួយលោកម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយញែកវែក អំពីទ្រឹស្តី ព្រះពុទ្ធ ដែលដឹកនាំសត្វ លោកអោយដល់ត្រើយនៃសុភមង្គល ។ រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះ ធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរ លោកបានដែរ ។

សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណា ខ្ជិលរៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ

ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន… ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រ យើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់ មាតុភូមិអោយរួច ពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេច កើត ? តើនរណា គេគោរពរាប់អានយើង ? បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ ការ ម៉ែឪបងប្អូនមករៀននៅទីនេះ… តើយើងមកដើម្បីអ្វី ? យើង សុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មាន អ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល ខ្ញុំនិយាយនេះមិនមែនជាការ ប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងឋានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា យើងត្រូវតែ ណែនាំគ្នា ដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ…។
ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម-ចៀវ ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់ គ្រូ ហើ យខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់ ខំរៀនប៉ុណ្ណោះទេ ថែម ទាំងមាន ការឈឺចាប់នឹងពួកអនានិគមបារាំងខាំងឡើងៗ ជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោត សរសើរសិស្សសាលាបាលីជាន់ ខ្ពស់គ្រប់ៗគ្នា ។

ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម-ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់

សកម្មភាពដើម្បីជាតិសាសនា

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃ សំរាប់ធ្វើគ្រូ តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។ ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត មកទូន្មានខ្លួននិងសិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកា ដែលត្រូវការចង់ចេះចង់ដឹង ។ នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍ តាមសាស្ត្រាស្លឹករឹត។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មី គេមិន ចេះស្តាប់ទេ» ។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ អោយលោកគ្រូអាចារ្យ ហែម-ចៀវ ព្រួយបារម្ភលំបាក ចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់ មុនដំបូងវាតែងមាន ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិន បានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណា ដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។ មិនយូរប៉ុន៉្មានអ្នក ទាំងនោះ ក៏ស្តាប់ បាន ងាយយល់ ថែមទាំងសំលេងពិរោះផង ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែ លោកអាចារ្យ សំដែងធម៌ទេសនារាល់ថ្ងៃសីល និងបុណ្យទាន ។ នៅឆ្នាំនោះហើយ ដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែ សូត្រមន្ត ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់ ជេរត្មះតិះដៀលដល់ ព្រះសង្ឃដែលខិតខំប្រែយ៉ាងសំបើម រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត ។

ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបត ទៅតាមអំពើពាលល្ងង់ខៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ ។ មកដល់ ភ្នំពេញ លោកអាចារ្យ ហែម-ចៀវ បានទទួលថានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃ ប្រចាំខែ ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។

លោកគ្រូអាចារ្យ ហែម-ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សំដេចព្រះសង្ឃរាជ ជួន -ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោក អោយភ្លេចបាន ឡើយ។ លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី ឥតបីបន្ដោយអោយពេលវេលាកន្លងផុត ដោយពុំ បានធ្វើអ្វីជាប្រយោជន៍ទេ ។ ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោស នាគ ហែម-ចៀវ ឆ្លៀតពេលទៅប្រា ស្រ័យទាក់ទងនឹងវរជនធំៗ ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោក ប៉ាច-ឈឺន, សឺង-ង៉ុកថាញ់ , ជុំ-មួង, នួន-ដួង និង ស៊ឹម-វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំ បារាំង ។

វេលាថ្ងៃមួយ លោក សឺង-ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម-ចៀវ ហើយប្រគេនដំនឹងថា ៖

លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!
ពរ! ជិតបានសំរេចអីលោក ? ព្រះបាលាត់ ហែម-ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។
លោកសឺង-ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា

ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិន ត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុកអោយបែកសាមគ្គី ។ ឥលូវនេះបារាំងបានចាត់អោយខ្ញុំ ករុណា និមន្ត ព្រះសង្ឃទេ សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យហើយ។
យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?
ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅទេសនា រឺ ពន្យល់ទៀតមិនកើត ។
ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយ យកការណ៍ទៅអោយបារាំងវិញ!
ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំនងរបស់យើងបាន សំរេច។
ពរ! ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ ក្រុម បដិវត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ ពុទ្ធបរិស័ទអោយ ស្គាល់អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង ធម៌និយមឯបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមានខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយ បង្គំលាសិនហើយ!
កុំប្រញាប់អញ្ជើញពេកលោក!
ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
ពរ អញ្ជើញចុះលោក សូមអោយបានសុខ! លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅ វិញ ប្រកបដោយទឹកចិត្តរីករាយជាអនេក ។
ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទអោយមានការឈឺចាប់ ឡើង ។ លោក ប៉ាច-ឈឺន មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជា អ្នកស្រលាញ់ជាតិពិតប្រាកដ ។ ប្រជារាស្ត្រ និងព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំនែក ខាងព្រះសង្ឃ ដែលខំតស៊ូយ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យ ប៉ាង-ខាត់ សាស្ត្រាចារ្យ ភាសាសំស្ក្រឹត លោកគ្រូអាចារ្យ សូរ-ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ-ជុំ គង់នៅ វត្តលង្កា ព្រះអាចារ្យ ហែម-ចៀវ សាស្ត្រាចារ្យភាសា បាលី និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើន អង្គទៀតជួយផង ។ ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះ ទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់ ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូន ខ្មែរយើង ស្អប់ខ្ពើមមិនអោយកូនទេ ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោយកូនធ្វើទាហានទេ ព្រោះខ្លាច គេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិនហោច ទ្រព្យសម្បត្តិ មិនខាន ។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។

គស ១៩៤០ ។ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណ-ចន្ទម៉ុល បើចង់ជ្រាប ច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល ។ ពេលនោះ កងទ័ពបារាំង មានកំលាំងខ្សោយណាស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បី អោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តីស្នើរបស់លោកសឹង-ង៉ុកថាញ់ ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម-ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ ដែលទាក់ទងនឹងជីវភាព ប្រជារាស្ត្រដើម្បីអោយជ្រាបច្បាស់បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង ។ ពុទ្ធភាសិតទាំងនោះ គឺ៖

កុំធ្វើមនុស្សអោយចង្អៀតលោក ។
ត្រូវគិតសុខបច្ចុប្បន្នជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។
ត្រូវខំធ្វើការ កុំដេកផ្សងសំនាង ។
កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។
មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។
បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោក ទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា) ។
មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែក ដែល មិនជាធុរជាមនុស្សគឺគេណែនាំ រឺ ប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែ ច្រលោតខឹង មនុស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវ មនុស្ស ដូចនោះជាការល្អ (១០០គាថា) ។
បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។
ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន កុំផ្ញើ វាសនាទៅលើស្តេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះមិនល្អទេ ។ ក្រៅពីលើកយកពុទ្ធភាសិត លោកអាចារ្យ បានទាញឧទាហរណ៍ល្អៗពីប្រទេសនានា ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែ បន្ដុះស្មារតីអោយខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី កូនខ្មែរ អោយស្រលាញ់ ការសិក្សា អោយយ ល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់… ព្រះគ្រូ អាចារ្យ ហែម-ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរឯទៀត ដែល រាប់អានគ្នា ។ នៅពេលយប់ ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ សាមណេរបានមកចោមរោម ដើម្បីអោយលោក អធិប្បាយធម៌ រឺរឿងរ៉ាវផ្សេងៗអោយស្តាប់ ។ មុនដំបូងលោកលើករឿងអ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោក មានថេរដីកាមួយៗ «ប្រទេស យើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង មកត្រួតត្រាស្រុកយើងហិនហោច ទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើន រុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ អាត្មា ធ្វើបុណ្យរាល់ថ្ងៃបួងសួង សុំអោយខ្មែរបានឯករាជ្យមកវិញ ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។

ខណនោះលោកតាម្នាក់ពោលឡើង

ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។ ចំនុចនេះបានធ្វើ អោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។
លោកក៏តបដោយសំលេងក្រអួន ព្រមទាំងញញឹមផង

ពរៗ! ជាការងាយទេលោកតា បើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយ យើងដើរ ហើយថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជឈ្នះ បារាំង ពេលឆាប់ៗនេះមិនខា ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះ មកវិញបានឡើយ ។ អាត្មាមិនពេញចិត្តនឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោកតា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេស យើងមានអ្នកបន្លំខ្លួនកេងយកកំរៃពីសាសនាសំបើមណាស់។
ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយ ប្រជាជនចេះប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាលអាធ្រាត្រទើបឈប់ ។ ពេលនិមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណា ដែលក្រីក្រជាងគេ ។ លោកពេញចិត្តប្រាស្រ័យជាមួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។
ព្រះបាលាត់ ហែម-ចៀវ ត្រូវបារាំងចាប់ផ្សឹក

ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ… សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់ អ្នកស្នេហាជាតិ មាតុភូមិអស់ជាច្រើន ។ ព្រឹត្តិការណ៍ស៍កលលោក បានតឹងតែងជាលំដាប់ ។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង ។ ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយមិនដឹងថា ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើ សកម្មភាពអ្វីឡើយ ។ តើដោយសារអ្វី ? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេបែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។ ម៉្លោះហើយ អ្នកមានចំនេះតិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាចក៏កើតមានឡើង ។

តែខ្មែរឈាម អង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធឡើង ។ ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីអោយទាន់ស្ថានការណ៍ សកលលោក ដែលកំពុងច្បាំងគ្នា ។ ពេលនោះព្រះគ្រូអាចារ្យ ហែម-ចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការ ជាញឹកញយដើម្បីសុំការឧបត្ថម្ភពីប្រជារាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។ ចំនែកប្រជារាស្ត្រ និងព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ ទាំងផ្លូវចិត្តផ្លូវកាយឥតសង្ស័យឡើយ ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ យើងដែលនៅស្រលាញ់បារាំង ហើយយកការណ៍ទៅអោយ បារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត ។ តាម «សៀវភៅគុកនយោបាយរបស់លោក ប៊ុណ្ណ-ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់នៃក្រុមបដិវត្តន៍ បានសរសេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហានខ្មែរ ដែលបានមកទាក់ទង ជាមួយលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង នោះ មានទាហានខ្លះ ដែលស្រលាញ់បារាំងដុះស្លែ ក្នុងខួរ ដុះមិនជ្រះនោះ វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោកអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ជាមេដឹកនាំ ពួកទាហានខ្មែរអោយបះបោរប្រឆាំងនឹងបារាំង។ ទាហានខ្មែរចំនួន១៥ នាក់ ត្រូវចាប់ស្ងាត់ៗ ដើម្បីកុំអោយបែកការណ៍ ។

នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំនុំលិខិតមួយដុំផង បានទៅជួបលោក អ៊ឹង-អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា-សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា-សាន បានបញ្ជាលោក ជុំ-មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)អោយទៅនិមន្តលោកគ្រូអាចារ្យ ហែម-ចៀវ មក។ លោក ជុំ-មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យ ហែម-ចៀវ ទៅនឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់ ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយពុំហ៊ានសួរគេ ។

លោក ជុំ-មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម-ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវ លោក ក៏បានសួរលោក ជុំ-មួង ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ-មួង ក៏ទូលលោកតាម ដំនើរ ដែលបាន ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក មានថេរដីកាតមកទៀតថា លោកសឺង-ង៉ុកថាញ់ បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវ អោយប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថជប៉ុន ជាប្រញាប់ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិតដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិន តែប៉ុណ្ណោះទេយ៉ាងមើល ? លុះលោកគ្រូអាចារ្យ ហែម-ចៀវ ទៅដល់ ស្រាប់តែលោក ទា-សាន ប្រើអោយបំរើ ទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម-ចៀវ អោយផ្លាស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវ ភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។ រកតែរត់ទៅប្រាប់អ្នកណាក៏មិនទាន់ ។ គិតទៅពួកគេ ចាប់លោកផ្សឹកទាំងឥតជំនុំសោះ ។ មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម-ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេច សីហនុ ខ្សឹបអោយបារាំងចាប់ទើបបានជាពួកវាដឹង ។ សីហនុ ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គចោលទើបធ្វើដូច្នេះ ។

លោក ជុំ-មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅ ជំរាបលោក សឺង-ង៉ុកថាញ់ តាមដំនើរ ។ លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ ។ រឿងចាប់លោកគ្រូអាចារ្យ ហែម-ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃ ជានិស្សិត នៃសាលាបាលីជាន់ខ្ពស់ និងវត្តនានា ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និង ជាសិស្សរបស់ លោក ។

ក្នុងពេលជាមួយគ្នានោះ លោក នួន-ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ ។ នៅពេលដែលបារាំងចាប់ផ្សឹក លោក គ្រូអាចារ្យ ហែម-ចៀវ មានការឈឺចាប់ឥតឧបមា ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោកនឹកតូចចិត្ត នឹងខ្មែរគ្នាឯង ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ បែរជាបន្ដោយអោយជនបរទេសញាំញីតាមអំពើចិត្តរបស់គេ ។ លោកគ្មាននឹកខ្លាចថាបារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយគំរោងការណ៍ ដែលនឹងជិតបានសំរេចផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមកហើយ ។

នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម-ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ មើលទៅមេឃា ដែលមានដុំពពករសាត់គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹក ភ្នែកសស្រាក់៖

អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានឯករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ…។ – តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក ? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដ៍ទៃ!
អោ! ប្រិយមិត្ត! ដែលរួមថ្លើមស៊ូប្តូរជីវិតឥតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគមបារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ! ទោះបីអាចោរអបលក្សណ៍ទា៍ងំនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ ពិត ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ ដោយឃើញប្រទេសក្លាយជាខ្ញុំកញ្ជោះគេដែរ ។
អោ! មិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស ខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា…។
ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។ សេចក្តីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ មានវិសាលភាពមិនអាចពណ៌នាបានឡើយ ។

រីឯលោក នួន-ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម-ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ ។

មហាបាតុកម្មថ្ងៃ ២០ កក្កដា ១៩៤២

ដំនឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម-ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួលយ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាម និងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាអោយបារាំង ដោះលែងលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង ពីទីឃុំឃាំងមកវិញ ។ មហាបាតុកម្មនេះបំរុងធ្វើនៅថ្ងៃទី ១៨ កក្កដា តែត្រូវអាក់ខានទៅវិញ ដោយនៅវត្តលង្កា ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី-ឯម ជាចាងហ្វាង សាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត ។ ពិធីបុណ្យនេះបានបង្ហើយ នៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ លោក សឺង-ង៉ុកថាញ់ បានភៀសខ្លួនទៅពួននៅឯការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំងសែស ក្នុងគោលបំនងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបាន សំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្មបានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ-ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោក ប៉ាច-ឈឺន ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម ។ រាត្រីថ្ងៃទី ១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ តាមកម្មវិធីរបស់ខ្លួនជាស្រេច ។

ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់…

ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិច វត្តភ្នំ (ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង ។ នៅខាងលើផ្ទាំងបដានោះ មានចារិកពាក្យសោកថា « យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម-ចៀវ និងលោក នួន-ឌួង មកវិញ » ។

ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយ ទិដ្ឋភាពនេះគួរគយគន់ឥតគណនា ។ នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច-ឈឺន ឈរយ៉ាងសង្ហា គ្មានព្រឺរោមខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំងពីហេតុការណ៍ផ្សេងៗ និងសុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករមិនព្រម ព្រោះខ្លាចពួកវាចាប់ទៀត ។ ពេលនោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច-ឈឺន ជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើយបារាំងក៏បិទទ្វាររួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។ ឃើញបារាំងចាប់លោក ប៉ាច-ឈឺន ដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម ឡើង ។

ឃើញបារាំងចាប់លោកប៉ាច ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម ឡើង ។ ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថប្រើដុំថ្ម ដំបង និងកូនតឹងជាអាវុធដែរ ។

 

ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោកសឺង ង៉ុកថាញ់បានទាក់ទងអោយជប៉ុន ជួយធ្វើអន្ត រាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុ ល) ពេលកំពុងវាយប្រលូកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ អ៊ុក ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ ជុំ ៘ បានរត់គេចខ្លួនយ៉ាងរហ័ស ។ ជនណាយឺតដំនើរក៏ ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។

 

ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីឯព្រះអាចារ្យ អ៊ុក ជា និងភិក្ខុធម្មបាល ខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេ សសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។

 

ចំនែកលោក ជុំ មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បាន គេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។

 

ចំនែកស្តេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយឈឺឆ្អាល ពួកបាតុករសោះ ដែលជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ ហើយថែមទាំងហាម មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ (លោកតាម្នាក់មានប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹក ប្រាក់សុទ្ធនិងមាសទៅសូកបារាំងច្រើនណាស់ ដើម្បីអោយកូនខ្លួនបានសោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជាស្តេចសីហនុនឹកគុណបារាំងមិនភ្លេច ។

 

បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹងខ្លួន ប៉ុណ្ណោះ ។ ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។

 

 

 

ការកាត់ទោសប្រហារជីវិត

 

នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។ នៅលើនាវា លោកគ្រូអាចារ្យ ហែម ចៀវ, លោកប៉ាច ឈឺន, លោក នួន ឌួង, និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សម្លឹងមើលកំពូលវត្តឧណ្ណាលោម សំដែង​នូវ​សេចក្ដី​អាឡោះអាល័យ​មាតុភូមិ មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ លោកស្តាយខានបាន រស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឧបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាស នា ។ លោកអាចារ្យ​កម្សត់​លើក​ដៃ​ទាំង​ពីរ​ប្រណម​ហើយ​ពោល​ខ្សឹបៗ ៖

 

  • ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំ

 

ចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់...។ អោកន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរព្រៃសម្លាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ ខ្ញុំហើរមកនៅទីនេះវិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទដោយ សារខ្ញុំ ស្រលាញ់ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែជាតិ! សាសនារស់...។

 

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម ចៀវ និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួល ហួសប្រមា ណ លោក​ស្អប់​ខ្ពើម​ពួក​ស្តេចដែលកាចឃោរឃៅ សម្លាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ រហេមរហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។ មើលចុះវាំងប្រាសាទរបស់គេមានរស្មីភឺរន្ទាល អស់ លុយជាតិរាប់រយលាន! ចំណែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់ គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។

 

ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។ លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងកម្រនឹងបានជួប ។

 

បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបណ្ដុះវិជ្ជារបស់លោក ។ លោកសម្លឹងកំពូលសាលាដោយចុកណែនឱរា ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកម្សត់ ៖

 

  • ឱសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំ

 

មិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ ទេសអោយបានឯករាជ្យឡើង ។

 

ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយ មាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធាប់ស្រលាញ់រាប់អានគ្នាឥតមានហ្មង... លាហើយទីក្រុង កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!។

 

ចំណែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវ ដែរ ។ លោកប៉ាច ឈឺនក្តី លោកនួន ឌួងក្តី លោកគ្រូអាចារ្យហែមចៀវក្តី និងអ្នកឯទៀតក្តី គ្មានស្តាយស្រណោះជីវិតទេ តែសាកស្តាយខានបានបន្តសកម្មភាព ដើ ម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។ ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែ សន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។

 

ដំណើរនាវាទៅមុខជានិច្ច ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។ ទេសភាពដងទន្លេ ពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សម្ងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃ នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយរំភើបឥតឧបមា ។

 

នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឈួង បានបន្លឺសំឡេងទៅកាន់លោកអាចារ្យហែម ចៀវ ដោយញ័រៗ

 

  • ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
  • អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!
  • ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
  • អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសម្លាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរគឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។

 

លោក នួន ឌួង ឆ្លើយ

 

  • មិនអីទេ ខ្មែរយើងភ្ញាក់​រឭក​ខ្លះហើយព្រះតេជព្រះគុណ!

 

កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក

 

  • ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥឡូវហើយ!

 

អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។

 

ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅ គុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី តែងទទួលថ្នាំខ្លាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។ អំពើប្រាសចាកមនុស្សធម៌នេះ កើត ដោយសារពួកបារាំងវាបង្កើតឡើង កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រា ទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯងគ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេ លចូលទៅដល់ លោក នួន ឌួង បានត្រូវមេតម្រួតគុកព្រៃនគរវាយធាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោ សជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង» អំពើនេះធ្វើអោយកល្យាណមិត្តលោកអាណិតស្ទើរភ្លេចស្មារតី ។ អាចារ្យ ហែម ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌ ស ដូចលោក នួន ឌួង ។

 

តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរា ឡើយ...» បន្ទាប់ពីពួកយួនវាធ្វើបាប លោកអាចារ្យ នួន ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅ អាចារ្យ ហែម ចៀវ ទៅសួរម្តង ។ លោកអាចារ្យក៏ចូលទៅជិតតាមទម្លាប់គេនិយមអនុវត្តនោះ ដោយមិនហ៊ានងើបមើលមុខគេផង ។ មេត្រួត ត្រាក៏បោះសម្ដីទាំងកម្រោលទៅកាន់អាចារ្យហែម ចៀវថា៖

 

  • ចុះអាទ្រើកនោះមានរឿងអីដែរ ?

 

លោកអាចារ្យក៏​ឆ្លើយ​ទៅវាវិញ

 

  • ប្របាទ ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំង

 

គេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទ ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!

 

  • អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!

 

ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រឡើសបើសទ្បើយ លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើង ទេដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ ។ កិរិយា សុភាពរាបសា សម្ដីពិរោះ ចិត្តល្អមិនចេះឈ្នានីសជនណាមួយដូចលោកអាចារ្យ ហែម ចៀវ តែងបានទទួលនូវសេចក្តីអាណិត អាសូរពីអ្នកផងជានិច្ច ។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣ ។ គុកនៅព្រៃនគរមានសភាពស្អាត ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ កញ្ជះបារាំងដូចគ្នា ?

 

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។ ឃើញតែព្រះអាចារ្យ ប៉ាងខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។ «ចំណែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើវាសនាអញ នឹងធ្លាក់ដល់ ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗ បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញាចិត្តបែបនេះហើយ ដែលធ្វើអោយ វីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់របស់អាឯងណាស់អាហន្ទយុំ! អាកំ សាក! សម្លាប់អញទៅ» ថ្ងៃកាត់ទោសក៏មកដល់! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំណុំរឿង ចេញមកឈរនៅចំពោះ មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។ ជាបឋមគេហៅឈ្មោះលោកប៉ាច ឈឺន ។ លោកប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ

 

  • បាទ!
  • អ្នកឯងត្រូវមានទោសប្រហារជីវិតបង់!

 

ឯលោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំណែកលោកប៉ុណ្ណ ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘
ក្នុងចំណោមអ្នកទោសទាំងនេះមានតែលោកប៉ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំណែក​លោកប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យនួន ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។ លោកទាំងបីប្រាណញញឹមដោយ ការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រ ហារជីវិតបង់ថា៖

 

  • យើងនឹងបញ្ជូនសំណុំ​រឿងអ្នកឯង ទៅសុំសម្រាលទោសពីលោកឧត្តមសេនីយ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បី

 

អោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។ សម្លេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ ណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ ។ លោកស័ក្តិប្រាំកំណាចនោះក៏បញ្ជាអោយភ្នាក់ងារគុក នាំអ្នកទោសវិលមកកាន់ទី ឃុំឃាំង។ រវាង២ខែក្រោយ លោកអាចារ្យហែម ចៀវ មានចិត្តអណិតអាសូរលោកប៉ុណ្ណ ចន្ទម៉ុលនិងមិត្តឯទៀតណាស់ដោ យត្រូវគេបញ្ជូនទៅអោយនៅគុកឯកោះត្រឡាច។ ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសម្រេច ចិត្តពីឧត្តមសេនីយ ប៉េតាំង សិន ។

 

ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។ (ពាក្យពេចន៍​ខ្លះ​គ្រាន់តែ​ជា​សម្ដី​អ្នក​និពន្ធ​ដែល​ស្អប់​រាជានិយម​តែ​ប៉ុណ្ណោះ)

 


ប្រភព៖
http://km.wikipedia.org/wiki/%E1%9E%A0%E1%9F%82%E1%9E%98_%E1%9E%85%E1%9F%80%E1%9E%9C


Thursday the 18th. Disclaimer: SmaradeyKhmer.org is an educational website. All contents are for educational purposes only. If you are the owner of any of the contents, photos, videos, or documents and would like to receive credits for your works or would like to have them removed, please contact our administrators: kumnett@gmail.com POWERED BY 000WEBHOST.COM