ស្នងគុណ
ស្នងគុណ
វាសនាមនុស្សលោកមិនដូចគ្នា
កម្មពៀរតាក់តែងដោយរៀងៗ
កម្រជនណាអាចគេចវាង
បញ្ឆៀងទុក្ខទោសក្នុងលោកិយ។
រស់សាងកម្មល្អ តទៅមុខ
សោយសុខផុតឆ្ងាយគ្រោះអវចីយ
សន្សំកុសលឆ្លងភពបី
លកលៃធ្វើទាន ទូន្មានចិត្ត។
កុំភ្លើនភ្លេចគុណឪពុកម្ដាយ
នឹងកាយលើកគុណធ្ងន់ពេកពិត
គុណអ្វីមិនស្មើផ្ដល់ជីវិត
ញាតិមិត្តតបស្នងអោយសមសួន។
ទោះជាលំបាកយ៉ាកយ៉ាងណា
ខេមរាគិតគូរប្រឹងថែថួន
ឱពុកម្ដាយចាស់ត្រូវពឹងខ្លួន
មិនមួនមាំរឹងប៉ឹងដូចក្មេង។
កុំរស់ជាកូនអកតញ្ញូ
ត្រូវស៊ូតបស្នងអោយជាក់ស្ដែង
កុំចាំផុតខ្យល់ទើបរអែង
ខ្លាចក្រែងធ្វើបុណ្យជូនមិនដល់។
អត្តភាពមនុស្សសត្វមិនឋិតឋេរ
វល់រេវក់វីលុះសូន្យសល់
ច្នេះគួរប្រៀនចិត្តអោយនិមល
ស្វែងយល់គុណគាប់ តបគុណប្រពៃ។