កសិករក្សេមក្សាន្ដ
កសិករក្សេមក្សាន្ដ
ជីវិតកសិករត្រដរប្រឹង
ចិត្តកាយរឹងប៉ឹងទាំងយប់ថ្ងៃ
បំពេញការងារប្រើជើងដៃ
លកលៃដាំដុះតាមរដូវ។
នឿយហត់យ៉ាងណាក៏អត់ទ្រាំ
ស្វិតស្វាញខិតខំតាមផ្លូវត្រូវ
ទាញភោគចំការ ឬ ផលស្រូវ
ចិញ្ចឹមកូនចៅ ពេញភូមិស្រុក។
ពូជខ្មែរសុចរិត រស់ព្រោះប្រឹង
មិនដេករំពឹងចាំស្រណុក
ព្យាយាមឧស្សាហ៍កើនផលទុក
ឈ្មោះថាស្រណុកក្រោយហត់នឿយ។
គំនិតមាយាទខ្មែរមានច្បាស់
ពិតសមសួនណាស់ ញាតិមិត្តអ្ហើយ
ខ្មែរជាតិស្លូតត្រង់យូរមកហើយ
កុំបីតោះតើយ វង្វេងភព។
រស់បែបសាមញ្ញជុំធម្មជាតិ
ជុំមិត្ត ជុំញាតិ មានសព្វគ្រប់
មិនមែនខ្មែរក្រ រស់ឧបទ្រព
តែព្រោះមិនលោភខុសធម្មា។
ស៊ូរស់សុខសាន្ដតាមភោគផល
មិនទ្រុស្ដអំពល់ចងពៀរគ្នា
នឿយហត់កម្លាំង គង់រមនា
សមខ្មែរ «អ្នកជា» ថែសុខក្សេមក្សាន្ដ...
«ស៊ូរស់នឿយហត់ ចិញ្ចឹមជីវិតដោយសុចរិត
ប្រសើរជាងរស់ស្រណុកស្រួល លើកកម្លាំងញើសឈាមជនដទៃ»