ចាស់ដូន ចាស់ក្លា
ចាស់ដូន ចាស់ក្លា
ដូនចាស់កោងខ្នង ទៅណាម្ដងៗ ដៃកាន់ឈើច្រត់
ស៊ូនឿយធ្វើការ មិនត្អូញត្អែហត់ ចាស់ខាងអំណត់ ទ្រាំនឹងជីវិត។
ដូនប្រឹងមិនឈប់ ព្រហាមព្រលប់ សង្រួមកាយចិត្ត
ប្រឹងរៀនធម៌អាថ៌ ពិចារណ៍ក្ដីពិត យល់រឿងជីវិត ជារឿងតស៊ូ។
ដូនយល់រឿងកម្ម តាមជាប់ប្រចាំ មិនអាចផ្លាស់ប្ដូរ
កម្មល្អផលល្អ នាំផលមិនយូរ ច្នេះប្រឹងតស៊ូ ក្នុងផ្លូវសុក្រិត។
ដូនចាស់បញ្ញា ចិត្តនៅហានក្លា ច្បាំងតបប្រកិត
ទោះវ័យជរា មិនរាជីវិត កាយលំបាកពិត តែចិត្តយល់សុខឥតហ្មង...
បុត្រា បុត្រី ក្នុងលោកទាំងឡាយអើយ, ជរា តែងមានចំពោះមនុស្សសត្វ មិនលែង។ ជរា ជាទុក្ខក្នុងលោក មិនអាចប្រកែកបាន, តែជរា មិនមានជាអ្វីដែលយើងទាំងអស់គ្នា គួរខ្លាចរអានោះឡើយ។ ជរានេះ តែងតាមជាប់នឹងខ្លួនយើង ជាប្រចាំ, រស់នៅបានយូរប៉ុណ្ណា ជរាផ្ដល់ជាទុក្ខរហូតដល់ពេលនោះ។ ប៉ុន្តែ ដោយសារការទទួលស្គាល់សេចក្ដីពិតនេះ យើងអាចនឹងត្រៀមចិត្ត ត្រៀមខ្លួន បានយ៉ាងល្អ សម្រាប់ជរាភាពនាពេលខាងមុខ។ ហើយដោយសារតែការយល់នូវសេចក្ដីទុក្ខលំបាកក្នុងជរាភាពនេះហើយ ដែលយើងទាំងអស់គ្នា គប្បីសម្រាលនូវទុក្ខលំបាករបស់ អ្នកមានគុណទាំងឡាយរបស់យើង មានដូចជា លោកពុក អ្នកម្ដាយ លោកដូន និង លោកតា, អ៊ំប្រុស អ៊ំស្រី ដែលជាសាច់សាលោហិត ឬ ជាញាត្តិជិតខាង ឬ គ្រូបាអាចារ្យ ដែលឋិតនៅក្នុងជរាភាព ដោយក្ដីសន្ដោសប្រណី និង កតញ្ញូតា។ ការធ្វើបុណ្យដាក់ទាន ប្រលែងសត្វមួយរយព្រៃ មិនស្មើអ្វីត្រឹមការយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ជរា ដែលធ្លាប់មានគុណចំពោះយើងត្រឹមមួយថ្ងៃឡើយ។