អុំទូក
អុំទូក
យប់ ១៥ កើតកក្ដិកមាសា
ប្រជាខេមរាធ្លាប់ធ្វើហូរហែរ
បុណ្យអកអំបុកសំពះព្រះខែ
រួមមានផងដែរប្រណាំងទូកង។
ឥឡូវស្ងាត់ឈឹងឃ្លាត់ប្រពៃណី
នគរដែនដីហាក់ជួបវឹកវរ
មន្ត្រីស្អប់រាស្ត្រៗស្អប់តបត
រាស្រ្តកាន់តែក្រដីក៏បាត់បង់។
ស្រណោះដល់ពេលបុណ្យអុំទូកហើយ
ព្រះអើយទន្លេមានទឹកគគ្រាំ
ខែក៏ភ្លឺថ្លាវេលាក៏សម
អារសូណាស់ខ្ញុំទូកអុំតែឯង។
ទូកងឥឡូវនៅលើបង្គង
ឈ្មោះល្អកន្លងធ្លាប់លឺក្ដែងៗ
ឫទ្ធិសែន សែនជ័យសែនអ្វីផ្សេងៗ
បាត់រូបលែងឃើញមិនអាល័យទឹក។
ទូកតូចខ្ញុំមួយសុំអុំបន្តរ
ទោះគ្មានឈ្មោះល្អសូមមិត្តជួយនឹក
ជួយថែដំណែលតំណរទៅមុខ
ទុកជាតំណាងដំណាលកេរ៏ខ្មែរ។