ម្លប់ញាតិ
ម្លប់ញាតិ
ម្លប់ឈើត្រជាក់នៅចាញ់ម្លប់ញាតិ
ត្រជាក់ខ្លាំងទៀតគឺជាតិទឹកដី
ត្រជាក់ខ្ពង់ខ្ពស់ហួសការវិនិច្ឆ័យ
ត្រជាក់ពីក្ដីសន្ដោសមេត្តា។
គ្រាមួយព្រះពុទ្ធយាងឃាត់ចម្បាំង
កាយឈរចំកាំងក្រោមសែងសូរិយា
វិឌូឌភាអង្គព្រះក្សត្រា
យាងព្រះឈ្នះមារអោយចូលជ្រកម្លប់។
ព្រះពុទ្ធថ្លែងសំដែងភាសិត
ម្លប់ឈើប្រាកដត្រជាក់មែនពិត
តែម្លប់នៃញាតិចូរអ្នករឹះគិត
ត្រជាក់ស្នាលស្និទ្ធជាងម្លប់ឈើព្រៃ។
រីឯម្យ៉ាងទៀតជាតិរាស្រ្តប្រជា
អ្នកត្រូវរក្សាដោយការប្រណី
មេត្តាអាណិតចិត្តអោយអភ័យ
ត្រជាក់ពេកពេកក្រៃគ្មានអ្វីផ្ទឹមបាន។
ចម្បាំងរាំងជលមានផលមិនល្អ
នាំរាស្រ្តនិករបាត់ភាពសុខសាន្ត
នាំមកតែភ័យព្រាត់ញាតិសន្តាន
បានទាំងពិការកំព្រាមេម៉ាយ។