វាចា
វាចា
រៀបពាក្យសំដីស្ដីតាមទំនុក
ទំនងគិតទុកគង់មានចំណេញ
អ្នកផងស្ដាប់ទៅគ្មានកើតទោម្និញ
ញញឹមតបវិញសុទ្ធតែពិរោះ។
ទឹកឃ្មុំផ្អែមឆ្ងាញ់គង់ចាញ់វាចា
ស្អុយឆ្អាបយ៉ាងណាមិនស្មើទ្រគោះ
ពោលពាក្យញុះញង់បង្ខូចកិត្តិយស
ខ្លាំងលើសពឹសពស់គឺពឹសវាចា។
មែនហើយទឹកឃ្មុំរស់ផ្អែមឈ្ងុយឆ្ងាញ់
តែគង់នៅចាញ់នៃរស់វោហា
តែបែរបើល្វីងហួសនឹងពិសា
នោះពិតវាចាល្វីងលើសគ្រាប់ស្លែង។
អាវុធមុតស្រួចនោះគឺវាចា
ថាមពលខ្លាំងក្លាគួរអោយក្លាចក្រែង
វាអាចប្រហារអាត្មាខ្លួនឯង
ច្នេះត្រូវប្រយ៉ែងប្រយត្ន័សម្ដី។
សំលេងចំរៀងច្រៀងតាមបទភ្លេង
ទំនុកខ្លីវែងតាមតែកវី
តែងតាមគំនិតបុរាណសម័យ
ច្រៀងរាប់អត្តន័យទុកជូនអ្នកស្ដាប់។