វាលវដ្ដ
វាលវដ្ដ
វាលវដ្ដវាលវែង វាលតែងសោកា
វាលវដ្ដសង្សារ វាលកើតវាលស្លាប់
ថ្ងៃនេះជួបជុំ ជួនថ្ងៃស្អែកព្រាត់
វាលមិនប្រាកដ វាលវដ្ដមិនទៀង។
អស់ឱជីវិត ប្រព្រឹត្តតាមកម្ម
គ្មានអ្វីរឹងមាំ តែងតែលំអៀង
ស្រលាញ់គូរស្អប់ អ្នកក្រអ្នកមាន
ខ្លះក្បត់បំពាន ខ្លះស្មោះភក្ដី។
មានយសអប្ប័យស សរសើរនិន្ទា
ជួនសុខរមនា ជួនទុក្ខរីងរៃ
មានលាភឥតលាភ ជារឿងប្រក្រតី
នេះជានិស្ស័យ មនុស្សក្នុងលោកា។
គំនួចក្នុងចិត្ត គំនិតគិតផ្សង
ពេលខកបំណង ក៏រងខ្លោចផ្សា
ទុក្ខព្រោះព្រាត់មនុស្ស ជាទីស្នេហា
ក៏កើតទុក្ខា រឹងរឹតតែខ្លាំង។
ក្នុងលោកមានច្រើន ដែលមនុស្សត្រូវជួប
ឥតភព័មានភ័ព ឬព្រេងសំណាង
មេរៀនជីវិត គេចជៀសមិនបាន
ច្នេះត្រូវត្រៀមប្រាណ រ៉ាប់រងការពិត។
មានតែព្រះធម៌ ព្រះពុទ្ធប្រទាន
សំរាប់ទូន្មាន ទុកអបរំចិត្ត
ឃើញភាពប្រែប្រួល នៅក្នុងជីវិត
សព្វយាងប្រាកដ មិនទៀងទាត់ឡើយ។
រឿងណាមិនទៀង រឿងនោះជាទុក្ខ
មិនមែនជាសុខ មិនគួរអាល័យ
គិតធ្វើអ្វីទៀត វាហួសទៅហើយ
អ្វីសល់នៅឡើយ ទើបគួររក្សា។
គ្រប់យ៉ាងមិនមែន ជារប់ស់យើង
ព្រោះមិននៅក្រោម បំណងប្រាថ្នា
មិនស្ដាប់បង្គាប់ ដូចយើងត្រូវការ
តែងតែយាត្រា ខុសពីការគិត។
ច្នេះត្រូវឈប់សាង អំពើអាក្រក់
គួរកុំដំអក ប្រឹងសាងសុចរឹត
បើកចិត្តសាងបុណ្យ តបគុណមិត្តញាតិ
ស្មោះស្មគ្រ័កុំឃ្លាត បុណ្យជួយការពារ.