ពុកជាអ្នកក្លាហានរបស់កូន
ពុកជាអ្នកក្លាហានរបស់កូន
បទពាក្យ ៨
នឹកពុកធ្លាប់ពរកាលកូននៅតូច នឹកពុកធ្លាប់ហួចសៀងដ៏ពិរោះ
នឹកពុកធ្លាប់អភ័យអនុគ្រោះ នឹកពុកដ៏ស្មោះអស់ពីចិត្ដកូន។
កាលកូននៅតូចពុកលើកកូនពរ កាលកូនរៀនឈរពុកតោងសណ្ដូន
កាលកូនភ្លាត់ជើងពុកទាញដៃកូន ពេលកូនឈឺគ្រុនពុកថ្នមបមបី។
ពុកគឺអ្នកក្លាហានរបស់កូន ពុកគឺជាក្បូនឆ្លងបុត្រប្រុសស្រី
ទោះជាគ្មានម៉ែ ពុកចេះលកលៃ ពុកអាធ្យាស្រ័យដល់កូនទាំងប្រាំ។
ឆ្នាំនោះជន់ធំលិចស្ពានឫស្សី ប្អូនតូចពុកបីអោបជាប់ទ្រូងមាំ
លើស្មាបញ្ជិះប្អូនស្រីនិងខ្ញុំ ឯបងធំៗពុកកាន់ហត្ថា។
ពុកក៏នៅក្មេងកូនក៏នៅក្មេង ពុកខំលីសែងបែងទិញអាហារ
លុយខ្លះពុកទុកកូនទៅសាលា ពុកពិតអស្ចារ្យប្រាជ្ញាវាងវៃ។
ពុកជាលោកគ្រូដ៏ឆ្នើមចំណាន ពុកជាកល្យាណដ៏ឆ្នើមប្រពៃ
ពុកបំភ្លឺផ្លូវដល់កូនប្រុសស្រី ពុកផ្ដល់រស្មីឲ្យកូនភ្លឺស្វាង។
ពុកបង្រៀនកូនឲ្យស្គាល់ចាស់ទុំ ចេះជួយសង្គមប្រឹងជួយកសាង
ពុកជាជំហ៊រឈរជាតំណាង ពុកទប់ជើងកាងឲ្យបាក់អាត្មា។
ពុកបង្រៀនកូនឲ្យស្រលាញ់គ្នា កុំបីនិន្ទាមិត្រគ្រប់រូបា
ថែទាំបរិស្ថានសម្បតិ្ដខេមរា ពុកជាអាចារ្យចេះធម៌វិន័យ។
ពុកណែនាំកូនឲ្យចេះសណ្ដោស រៀនអនុគ្រោះខ្ពស់ភាពអភ័យ
រៀនចេះដាក់ខ្លួនយល់ញាតិប្រុសស្រី ទុក្ខអ្នកដទៃលៃបែងចិន្ដា។
ពុកមិនដែលត្អូញឲ្យកូនៗឮ ទោះជាពុកឈឺក៏មិនវាចា
ក្រែងកូនខ្វល់ខ្វាយក្លាយជាសោកា សែនអនិច្ចាពុកជួបតែកម្ម។
ពេលល្ងាចទន់ទេរថ្ងៃជ្រែសូរ្យសែង ពុករត់បន្លែងច្រៀងលេងប្រចាំ
ពុកថ្នាក់ថ្នមកូនដោយព្រហ្មវិហារ៥ ពុកជាព្រះព្រហ្មកូនភ្លេចមិនបាន។
ពុកនៅម្នាក់ឯងមិនស្វែងរកស្រី ថែកូនប្រពៃថ្លៃស្មើនឹងប្រាណ
ពុកស្មោះនឹងកូនចិត្ដមិនសាមាណ្យ ពុកជាកល្យាណដ៏ល្អក្នុងលោក។
កូនមិនសប្បាយស្រែកទួញយំយែក ពុកជូតទឹកភ្នែករំលែកក្ដីសោក
ក្នុងដួងចិត្ដពុកស្រណោះស្រណោក ព្យុះកម្មបក់បកឲ្យពុកវេទនា។
ឱទ្វីបលោកដ៏សែនកំណាចអើយ! ចិត្ដពុកឥតស្បើយសោះឡើយគ្រាំគ្រា
ថែតាំកូនប្រាំសព្វទិនទិវា ទោះក្ដៅរងារក៏ពុកទ្រាំក្រោក។
ម៉ែស្លាប់ច្រើនឆ្នាំពុកចាំជិតក្បែរ ពុកសន្យាម៉ែកុំឲ្យវិយោគ
ពុករួមសុខទុក្ខរួមក្ដីសោយសោក ព្យុះផ្គរបក់បោកពុកក្រោកពាំងភ្លៀង។
ពុកគឺមហាមិត្រចិត្ដល្អស្មោះ សុភាពបុរសឥតមានចិត្ដល្អៀង
ពុកជាព្រះព្រហ្មចិត្ដធ្ងន់មិនផ្អៀង ក្ដៅរងារភ្លៀងទៀងតែមានពុក។
ពុកស្រលាញ់កូនដ៏ស្មើៗគ្នា ពុកមិនផ្ដន្ទាចងជាទំនុក
មានអ្វីបន្ដិចលៃច្បិចឲ្យសុខ នៅចំពោះមុខពុកគឺជាព្រះ។
អាសូរចិត្ដពុកស្វែងសុខជូនកូន យប់ថ្ងៃបងប្អូនតែងតែសំពះ
ពុកជាព្រះព្រហ្មដែលនៅក្នុងផ្ទះ ពុកមានតេជ:ក្រាស់ដោយគុណធម៌។
បើកុំមានពុកផ្ដល់ក្ដីមេត្ដា ម្ល៉េះកូនគ្រប់គ្នាពិតមិនបានល្អ
ទាំងចំណេះដឹងថ្លៃថ្លាបវរ ព្រោះចិត្ដស្មោះសពុកដ៏ឧត្ដម។
ពុកអើយៗពុកកូនខមាទោស ទង្វើរជ្រុលជ្រួសលើសលួសមិនសម
ទាំងចិត្ដចេតនា អចេតនាផ្គុំ អរគុណព្រះព្រហ្មទ្រនុំជីវិត។
ឥឡូវកូនធំពេញរូបរាងរៅ ខ្លះក្លាយជាឪជាម៉ែគេពិត!
កូនៗបានយល់ទៅដល់ទឹកចិត្ដ ពុកធ្លាប់អាណិតផ្ចិតផ្ចង់ថែកូន។
គ្រានេះកូនធំថ្កុំថ្កើងសប្បាយ ប្អូនខ្លះក៏ក្លាយទាហានសក្ដិ៤
ឯកូនធំៗការដុំកំភួន តែចិត្ដកូនៗសែនស្រណោះពុក។
សូមពុកបានសុខនិងស្រណុកចិត្ដ ពុកខំស្វាញស្វិតរកធម៌អាថ៌ទុក
បើពុកខ្វះអ្វីកូនៗជួយពុក ផ្លូវរួចចាកទុក្ខគឺពុទ្ធោវាទ។
គុណធម៌ពុកទុកដូចមេឃបូកដី កូនលើកម្រាមដៃថ្លៃថ្លាល្អស្អាត
ពុកគឺព្រះគ្រូតាមផ្ដល់ឱវាទ កូនសំពះបាទាលោកពុកឧត្ដម៕