អាសូរដូនចាស់
Photo Source: JeremyWolff.com.jp
អាសូរដូនចាស់
អាសូរដូនខ្លះ រូបកាន់តែចាស់ ខ្វះម្ហូបចំណី
ឡើងដើមក្រសាំង បេះផ្លែឈើថ្មី រូតរះឃ្មាតខ្មី
ទៅលក់នៅផ្សារ។
ដូនស្រែកផ្ដាំប្រាប់ ថាមុនលោកស្លាប់ បានញ៉ាំអាហារ
ឲ្យបានឆ្ងាញ់ម្តង មុនចូលមឈ្ឈូសក្តារ ឱសែនអនិច្ចា វាសនាដូនចាស់។
កូនចៅក៏គ្មាន មិនដើរសុំទាន ស៊ូរើបម្រាស់
ក្នុងភាពអត់ឃ្លាន សែនឃ្លានផ្តាំចាស់ អាណិតដូនណាស់
សូមញាតិគន់គិត។
ស្មៅដុះលប់ខ្ទម ដូនចាស់ទ្រុឌទ្រោម មើលឃើញជិតៗ
សំលេងខ្សោះខ្សោយ បានតែញាតិមិត្ត គេតែងអាណិត
ហុចនំចំណី។
ដូនចាស់ទឹកភ្នែក ហូរមករំលែក ជួសពាក្យសំដី
សៀងអួលត្រឹមក អង្វរលោកិយ នេះជាសក្ខី
វ័យចាស់ជរា។
ដូនប្រាថ្នាថា បើដូនមរណា សូមកុំវេទនា
សូមស្លាប់តាមស្រួល កុំអន្ទះសា អនិច្ចំអនត្តា
វាសនាដូនចាស់។